ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​CDC​អនុម័ត​ឱ្យ​បង្កើត រោងចក្រ​4​មាន​តម្លៃ​វិ​និ យោគ​ជាង​32​លាន ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ចំនួន​៤​ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC សម្រេច​ផ្ដល់​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ជាង ៣២​លាន​ដុល្លារ និង​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ក្នុងស្រុក​ប្រមាណ​ជាង​១.៦០០​នាក់ ។…

រាជធានី​ភ្នំពេញ ៖ រោងចក្រ​ចំនួន​៤​ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC សម្រេច​ផ្ដល់​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ជាង ៣២​លាន​ដុល្លារ និង​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ក្នុងស្រុក​ប្រមាណ​ជាង​១.៦០០​នាក់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចំនួន​៤​ដែល​ត្រូវ​បាន​ផ្ដល់​វិញ្ញាបនបត្រ​ចុះបញ្ជី​នេះ ជា​ប្រភេទ​រោងចក្រ​ឧស្សាហកម្ម ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត រាជធានី​បី​ផ្សេង​គ្នា ក្នុង​នោះ​រួម​មាន ៖ ១-​ក្រុមហ៊ុន FASHION HOUSEWARE (CAMBODIA) CO.,LTD មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​ក្នុងផ្ទះ គ្រឿង​តុបតែង​ក្នុង​ពិធីបុណ្យ​ណូអែល សម្ភារ​សម្រាប់​ម៉ាស៊ីនដេរ និង​សម្ភារ​ផ្សេង​ៗ​ទៀត ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ទុន​វិនិយោគ​ចំនួន​១០​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤៦៤​កន្លែង ។

២-​ក្រុមហ៊ុន TUBAO (CAMBODIA) DECORATION MATERIAL CO.,LTD ដែល​មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និង​ក្តារបន្ទះ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ទុន​វិនិយោគ​ចំនួន​១,៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១០០​កន្លែង​។ ៣-​ក្រុមហ៊ុន ZHONGQI LIHUI CABLE CO.,LTD មាន​គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង និង​ខ្សែកាប មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មាន​ទុន​វិនិយោគ​ចំនួន​២០,១​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៤៣៩​កន្លែង ។

៤-​ក្រុមហ៊ុន WINTIME (CAMBODIA) CO.,LTD ។ វា​គម្រោង​បង្កើត​រោងចក្រ​ផលិត​ដើម​ណូអែល គ្រឿង​លម្អ និង​អំ​ពូ​ល​ភ្លើង​លម្អ​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ខេត្តស្វាយរៀង មាន​ទុន​វិនិយោគ​ប្រមាណ​២,៤៣​លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៦៥១​កន្លែង ។ គួរ​កត់​សម្គាល់ថា ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​ចុង​ក្រោយ​នេះ បើ​ទោះបីជា​សហគមន៍ កំពុង​ពិចារណា​លើ​ការ​ដក​ឬ​បន្ត​ផ្ដល់​EBA​ដល់​កម្ពុជា​ក៏​ដោយ​ក្តី ក៏​បណ្ដា​វិនិយោគិន​នានា​ទាំង​ក្នុង និង​ក្រៅ​ស្រុក​នៅ​តែ​បន្ត​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ហេតុផល​ថា សេដ្ឋកិច្ច​កម្ពុជា មាន​កំណើន​រឹង​មាំ បូក​រួម​ជាមួយនឹង​ស្ថិរភាព​នយោបាយ​ល្អ​ប្រសើរ​ផង​ដែរ ។

បើ​តាម​លោក សោម អូន ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​និយាយ​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​រោងចក្រ​នៅ​កម្ពុជា មាន​បើក​មាន​បិទ​ជា​បន្តបន្ទាប់ វា​ជា​រឿង​ធម្មតា ព្រោះ​ការ​ធ្វើ​អាជីវកម្ម មាន​ខាត និង​ចំណេញ​វា​គ្មាន​អី​ចម្លែក​ទេ ។ ម្យ៉ាងទៀត​ទំនាស់​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច ចិន និង​អា​មេ​រិ​ក ក៏​បាន​ហុច​ផល​អោយ​ប្រទេស​កម្ពុ​ជាមួយ​ចំនួន​ផង​ដែរ ។ ជាក់ស្ដែង​ក្រុមហ៊ុន​ដែល​ធ្លាប់​ផលិត​ទំនិញ​នៅ​ក្នុង​ប្រទេស​ចិន នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក នឹង​បង្វែរ​ទៅ​រក​ប្រទេស​ណា​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បម្រាម​របស់​សហរដ្ឋអាមេរិក ក្នុង​នោះ​កម្ពុជា ក៏​ជា​ប្រទេស​សក្ដានុពល​ក្នុង​ការ​ទាក់ទាញ​មួយ ជាមួយនឹង​ប្រាក់​ឈ្មួ​ល​ក៏​នៅ​កម្រិត​ទាប​ជាង​នៅ​ប្រទេស​ចិន​ផង​ដែរ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ក៏​បាន​លើក​ឡើង​កន្លង​មក​ថា ដល់​ពេល​ដែល​កម្ពុជា ត្រូវ​ពិពិធ​កម្ម​ពី​ការ​ផលិត​របស់​ដែល​មាន​តម្លៃ​ទាប​ទៅ​រក​របស់​ដែល​មាន​តម្លៃ​ខ្ពស់ ក្នុង​ពេល EBA ស្ថិត​នៅ​ភាព​មិន​ច្បាស់លាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ