វៀតណាមជំរុញអ្នកលក់រាយឱ្យប្រជែងជាមួយដៃគូបរទេស
ទីក្រុងហូជីមិញ ៖ អនុប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគីប្រចាំក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Ngo Chung Khanh បានប្រាប់ដល់សារព័ត៌មាន Viet Nam…
ទីក្រុងហូជីមិញ ៖ អនុប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគីប្រចាំក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Ngo Chung Khanh បានប្រាប់ដល់សារព័ត៌មាន Viet Nam…
ទីក្រុងហូជីមិញ ៖ អនុប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគីប្រចាំក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Ngo Chung Khanh បានប្រាប់ដល់សារព័ត៌មាន Viet Nam News កាលពីថ្ងៃទី៦ កុម្ភៈ កន្លងមកថា ការប្រកួតប្រជែងរវាងអ្នកលក់រាយក្នុងស្រុកនិងបរទេស នឹងបន្តមានភាពតានតឹងក្នុងឆ្នាំនេះ ហើយអាជីវកម្មវៀតណាមត្រូវតែសហការគ្នាដើម្បីរក្សាការគ្រប់គ្រងទីផ្សាររបស់ខ្លួន ។
ការព្រមាននេះកើតមានឡើង ខណៈដែលមានព័ត៌មានលេចឡើងមកថា បើទោះជាមានផលិតផលវៀតណាមជាច្រើនត្រូវបាននាំចេញទៅកាន់បរទេសពិតមែនក្តី ប៉ុន្ដែផលិតផលប្រភេទតែមួយបែរជាត្រូវបាននាំចូលមកវិញពីប្រទេសដទៃដើម្បីប្រើប្រាស់ក្នុងស្រុក ។
លោក Khanh បាននិយាយថា ៖« មានឧទាហរណ៍ជាច្រើនដូចជាសាច់គោ សាច់មាន់ និងសាច់ជ្រូកដែលនាំចូលមិនត្រឹមតែជួបនឹងស្តង់ដាអន្តរជាតិទេ តែមានតម្លៃទាបជាងសាច់ក្នុងស្រុកយ៉ាងខ្លាំងទៀតផង »។
បើទាក់ទិននឹងវិស័យសម្លៀកបំពាក់ និងវាយនភ័ណ្ឌវិញ គឺជួបនឹងសម្ពាធយ៉ាងខ្លាំង ព្រោះតែមានវត្តមានយីហោល្បីៗដូចជា Zara និង H&M ក្នុងទីផ្សារក្នុងស្រុកជាដើម ។
យោងតាមសហគ្រាសសម្លៀកបំពាក់ក្នុងស្រុកបានឲ្យដឹងថា ក្នុងពេល៧ឆ្នាំបន្ទាប់ពីឧបសគ្គពន្ធសម្រាប់សម្លៀកបំពាក់ត្រូវបានលុបបំបាត់ទាំងស្រុង ក្រោមកិច្ចព្រមព្រៀងស៊ីជម្រៅ និងភាពដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (CPTPP) ក្រុមហ៊ុនលក់សម្លៀកបំពាក់បរទេសនឹងមានឱកាសក្នុងការគ្រប់គ្រងទីផ្សារដែលមានតម្លៃ៤,៥ប៊ីលានដុល្លារក្នុងមួយឆ្នាំ និងមានអត្រាលូតលាស់ប្រចាំឆ្នាំប្រមាណ២០% ។
យោងតាមក្រសួងខាងលើបានឲ្យដឹងដែរថា អ្នកលក់រាយបរទេសស្មើ១៧%នៃទីផ្សារលក់រាយសរុបក្នុងប្រទេសវៀតណាម ប៉ុន្តែអ្នកនៅក្នុងវិស័យនិយាយថា ចំនួននេះអាចនឹងខ្ពស់ជាងនេះទៅទៀត ។ បើធៀបនឹងក្រុមហ៊ុនបរទេស អ្នកនៅក្នុងវិស័យបានឲ្យដឹងថា អ្នកលក់រាយវៀតណាមខ្វះមូលធន យុទ្ធសាស្ត្រអាជីវកម្ម និងការផ្តល់សេវាកម្មជំនាញច្បាស់លាស់ ។ ក្រសួងបញ្ជាក់ថា ៖« ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេស វៀតណាមត្រូវការភាពតភ្ជាប់យ៉ាងរឹងមាំរវាងក្រុមហ៊ុនក្នុងស្រុក »៕
ចែករំលែកព័តមាននេះ