ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្យា​ហើយ​ត្រូវ​តែ​ធ្វើ បើ​មិន​ធ្វើ​កុំ​សន្យា​ខ្យល់​…​ពួក​គាត់​ទ្រាំ​លែង​បាន​ទើប​ធ្វើ​បែប​នេះ !

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ប្រមាណ​៣០​គ្រួសារ ស្ថិត​នៅ​ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​មាន​លំនៅ​ដ្ឋា​ន​ជិត​នឹង​ទី​លា​ចាក់សម្រាម កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ…

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ​ប្រមាណ​៣០​គ្រួសារ ស្ថិត​នៅ​ភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​មាន​លំនៅ​ដ្ឋា​ន​ជិត​នឹង​ទី​លា​ចាក់សម្រាម កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ធ្វើការ​បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​សម្រាម​របស់​ក្រុមហ៊ុន ហ្កា​អ៊ី​យ៉ា ចូល​ទៅ​ចាក់​ទីលាន​សម្រាប ដោយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ហ្កា​អ៊ី​យ៉ា មិន​បាន​គោរព​ទៅ​តាម​កិច្ចសន្យា​ជាមួយ​ប្រជាពលរដ្ឋ ។

ដោយ​មាន​សភាព​តានតឹង​នឹង​គ្នា​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ហ្កា​អ៊ី​យ៉ា នៅ​រសៀល​នា​ថ្ងៃ​ដដែល​នោះ​ក៏​មាន​ធ្វើ​កិច្ចប្រជុំ​ដោះស្រាយ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​គំនរ​សម្រាម​ក្នុងភូមិ​អន្លង់​ពីរ ក្រោម​វត្តមាន​របស់​លោក អ៊ឹ​ង សុ​ភណ្ឌ នាយក​ទីចាត់ការ​អន្តរ​វិស័យ តំណាង​លោក ទៀ សីហា អភិបាលខេត្ត និង​លោក សូរ ប្លា​តុង អភិបាលស្រុក ដោយ​មានការ​ចូលរួម​ពី​មន្ទីរ​ពាក់ព័ន្ធ អធិការ នគរបាល​ស្រុក តំណាង​ក្រុមហ៊ុន​ហ្កា អ៊ី​យ៉ា អាជ្ញាធរ​ឃុំ និង​មន្ត្រី​ក្នុងស្រុក​ផង​ដែរ ។

តាម​ការ​បញ្ជាក់​របស់​លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទបាគង​បាន​ឲ្យ​ដឹង​ថា បញ្ហា​រវាង​ប្រជាពលរដ្ឋ​ភូមិ​អន្លង់​ពីរ​ជាមួយ​ក្រុមហ៊ុន​ហ្កា​អ៊ី​យ៉ា មាន​ជា​ច្រើន​លើក​មក​ហើយ រវាង​អ្នក​ប្រកប​របរ​រើស​សម្រាម និង​ក្រុមហ៊ុន រវាង​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គំនរ​សម្រាម និង ក្រុមហ៊ុន ហ្កា​អ៊ី​យ៉ា ហើយ​ក៏​ត្រូវ​បាន​ធ្វើការ​ដោះស្រាយ​ជា​បន្តបន្ទាប់​ផង​ដែរ ។

តាម​ការ​បញ្ជាក់​ពី​តំណាង​គ្រួសារ​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​គំនរ​សម្រាម​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ហ្កា​អ៊ី​យ៉ា ជា​ច្រើន​លើក​មក​ហើយ តែ​ក្រុមហ៊ុន​មិន​បាន​គោរព​នឹង​កិច្ចសន្យា​ឡើយ​ដោយ ស្នើ​សុំ​ពន្យា​ពេល​រហូត​ទើប​ធ្វើ​ឲ្យ​ពួក​គាត់​សម្រេចចិត្ត​ធ្វើការ​បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ដឹក​សម្រាម​ចូល​ទៅ​ចាក់​នៅ​ទីលាន​សម្រាម ។

ម្យ៉ាង​ទៀង​បញ្ហា​សម្រាម​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​បញ្ហា​សុខភាព អនាម័យ សំខាន់​ចំពោះ​កុមារ និង​សិស្សានុសិស្ស ដែល​មា​នទី​តាំងនៅ​ជិត​ទីលាន​គំនរ​សម្រាម​នេះ​ព្រមទាំង​ប៉ះពាល់​ដល់​ផលដំណាំ​ស្រូវ​របស់​ពួក​គាត់​ដោយសារ​ទឹកស​ម្រាម​ហូរ​ចូល​ស្រែ​របស់​ពួក​គាត់ ។ ក្នុង​នោះ​ដែរ​តំណាង​ប្រជាពលរដ្ឋ​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត ស្រុក ដើម្បី បញ្ឈប់​ការ​ចាក់សម្រាម​នៅ​ទី​នេះ និង សុំ​ឲ្យ​រក​ទីតាំង​ថ្មី​វិញ ។

មាន​ប្រសាសន៍​ក្នុង​នោះ​ដែរ​លោក អ៊ឹ​ង សុ​ភណ្ឌ ក៏​បាន​ជម្រាប​ដល់​បងប្អូន​ដែល​ទទួល​រង​ផល​ប៉ះពាល់​ពី​គំនរ​សម្រាម​សូម​ធ្វើ​ឲ្យ​ការ​រំងាប់​ចិត្ត​មួយ​រយៈ​សិន​ចំពោះ​បញ្ហា​សម្រាម​នេះ អាជ្ញាធរ​ខេត្ត​បាន​កំពុងធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​សម្រាម ឬ​ក៏​ធ្វើការ វិនិយោគ​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​បច្ចេកទេស បទ​ពិសោធន៍​ខ្ពស់ ដើម្បី​ទទួលយក​ផលប្រយោជន៍​ពី​សម្រាម​យក​ទៅ​ប្រើប្រាស់​ការងារ​អ្វី​ផ្សេង​សំខាន់​លើ​ការងារ​កសិកម្ម ។

ក្នុង​នោះ​ដែរ​បងប្អូន​ប្រជាពលរដ្ឋ​ក៏​បាន​ឯកភាព​ក្នុង​ការ​បើកផ្លូវ​ឲ្យ​រថយន្ត​ដឹក​ជញ្ជូន​សម្រាម​ចូល​ទៅ​កាន់​ទីលាន​ចាក់សម្រាម​រង​ចាំ​ការ​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​ផង​ដែរ ។ ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ក៏​បាន​ឲ្យ​ក្រុមហ៊ុន ហ្កា​អ៊ី​យ៉ា ត្រូវ​ធ្វើការ​ស្រោច​ទឹក​ផ្លូវ​ចូល និង​បើកបរ​រថយន្ត​ត្រូវ​បន្ថយល្បឿន​ពេល​ឆ្លងកាត់​ភូមិ ព្រមទាំង​ត្រូវធ្វើ​របងរ​បាំងបិទ​ទីលាន​ចាក់សម្រាម​ឡើង​វិញ សំខាន់​ទី​រណ្តៅ​ដី​ចាក់សម្រាម ដើម្បី​ការពារ​កុំ​ឲ្យ​សត្វ គោ ក្របី របស់​បងប្អូន អ្នកស្រុក​ធ្លាក់​ចូល និង​ធ្វើ​កុំ​ឲ្យ​សម្រាម ពិសេស​ស្បោង​ប្លា​ស្ទិ​ច​ដែល​ហើរ​ពាស​វាល​ពាស​កាល​មក​លើ​លំនៅ ដ្ឋា​ន​របស់​បងប្អូន​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ