ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ហើយ​នៅ​តែ​មិន​រាង​ទៀត ចាំ​មើល​លើក​នេះ​ម៉េច​ដែរ​!

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​ចោរ​ចំនួន​៣​នាក់ ដែល​ជន​ខ្លះ​មាន​ប្រវត្តិ​ធ្លាប់​ជាប់គុក​កន្លង​មក ពេល​នេះ​នឹង​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​០៨ កុម្ភៈ​នេះ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ជា​ថ្មី​ពាក់ព័ន្ធ​នឹង​ករណី​រួមដៃគ្នា​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ នៅ​ក្នុងស្រុក​សង្កែ ។…

ខេត្តបាត់ដំបង ៖ ក្រុម​ចោរ​ចំនួន​៣​នាក់ ដែល​ជន​ខ្លះ​មាន​ប្រវត្តិ​ធ្លាប់​ជាប់គុក​កន្លង​មក ពេល​នេះ​នឹង​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​០៨ កុម្ភៈ​នេះ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ជា​ថ្មី​ពាក់ព័ន្ធ​នឹង​ករណី​រួមដៃគ្នា​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ នៅ​ក្នុងស្រុក​សង្កែ ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់​មាន​១-​ឈ្មោះ រ៉េ​ត ចាន់​រី អាយុ​២៦​ឆ្នាំ ២- ឈ្មោះ សឺ​ន គឹ​ម​សួរ អាយុ​២៩​ឆ្នាំ និង​៣- ឈ្មោះ ផុ​ន ហុ​ន អាយុ​១៩​ឆ្នាំ ពួក​គេ​រស់នៅ​ក្នុងភូមិ​ព្រែក​ខ្ពប ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា ក្រុម​នេះ​បាន​រួមដៃគ្នា​លួច​យក​ម៉ូតូ​មួយ​គ្រឿង​របស់​ជន​រង​គ្រោះ​ឈ្មោះ ហ៊ឹ​ម សើ​ហ្វី​អ៊ី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ កុម្ភៈ ខណៈ​ជន​រង​គ្រោះ​បាន​ទុក​នៅ​ខាងក្រោម​ផ្ទះ ស្ថិត​ក្នុងភូមិ​សម្ដេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ។

លោក​ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ដែរ​ថា ពេល​កើតហេតុ​គេ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​ក្រុម​ជន​ដៃដល់​ទាំង​៣​នាក់​នេះ​ទេ តែ​ក្រោយ​ទទួល​បណ្ដឹង​ជន​រង​គ្រោះ​ទើប​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​នូវ​មុខសញ្ញា​ល​ក្រុម​ជន​ដៃដល់ និង​ធ្វើការ​ឃាត់ខ្លួន​ពួក​គេ​ទាំង​៣​នាក់​នៅ​រសៀល​ថ្ងៃ​ទី​០៦ កុម្ភៈ​នេះ ដែល​មាន​កិច្ចសហការ​រវាង​កម្លាំង​អធិការ​ស្រុក​សង្កែ និង​កម្លាំង​អធិការ​ស្រុក​ឯក​ភ្នំ ក្រោយ​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ​ក្រុម​ជន​ដៃដល់​ទាំង​៣​នាក់​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​រួមដៃគ្នា​ចូល​លួច​យក​ម៉ូតូ​ជន​រង​គ្រោះ​មែន ។ ក្រុម​នេះ​បាន​ប្រាប់​ថា ពេល​នោះ​ពួក​គេ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​ទុក​នៅ​ខាងក្រោម​ផ្ទះ​ថែម​ទាំង​មាន​សោ​នៅ​ជាប់​ម៉ូតូ​ទៀត​ផង តែ​មិនឃើញ​មាន​ម្ចាស់ផ្ទះ​ទេ​ទើប​ពួក​គេ​លួច​ជិះ​ចេញ​ដោយ​សុវត្ថិភាព​តែ​ម្ដង ។ ប៉ុន្តែ​ពួក​គេ​បាន​បញ្ជាក់​ថា ក្រោយ​ពី​លួច​បាន​ពួក​គេ​បាន​ជិះ​យក​ទៅ​លក់​ឲ្យ​គេ​នៅ​ខេត្ត​ប៉ៃលិន​បាន​លុយ​ចែក​គ្នា​ចាយ​អស់ហើយ ។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​សួរនាំ​ជនសង្ស័យ​លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ទៅ​កាន់​ខេត្ត​ប៉ៃលិន ដើម្បី​ដកហូត​វត្ថុ​តាង​បាន​មក​វិញ​ភ្លាម​ៗ​ដែរ ។ លោកស្នងការ​រង​បាន​បញ្ជាក់​ដែរ​ថា ក្រុម​នេះ​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ចោរកម្ម​នៅ​តាម​មូលដ្ឋាន ហើយ​ក៏​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំ​ញៀន​ផង និង​ប្រើប្រាស់​ថ្នាំ​ញៀន​ផង ។ កន្លង​មក​ក្រុម​ជន​ដៃដល់​នេះ​ធ្លាប់​ជាប់គុក​ម្ដង​ហើយ តែ​ក្រោយ​ចេញពី​គុក​ក្រុម​នេះ​នៅ​តែ​ប្រមូលផ្ដុំ​គ្នា​ប្រព្រឹត្ត​បទល្មើស​គ្រប់សព្វ​ដដែល​មិន​ព្រម​រាងចាល​ទេ ។ ទោះ​យ៉ាងណា​លោក​ថា ពេល​នេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ពួក​គេ​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ