ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ណា​អី​ក៏​ថ្លើមធំ​ម្ល៉េះ ប្រកាស​ទិញ​-​លក់​ដី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថ្មី​ៗ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​សង្កេត​ឃើញ​ថា ការ​ប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​១ និង​តំបន់​២ នៃ​រមណីយដ្ឋាន​អង្គរ កំពុង​តែ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម​ដែល​ការ​ប្រកាស​លក់ដូរ​ដីធ្លី​នេះ​ផ្ទុយ​នឹង​ច្បាប់​ដូច​មាន​ចែង​ក្នុង​ព្រះរាជក្រឹត្យ​លេខ​០០១ ន​.​ស ចុះ​ថ្ងៃ​ទី​២៨ ខែឧសភា…

ខេត្តសៀមរាប ៖ ថ្មី​ៗ​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​សង្កេត​ឃើញ​ថា ការ​ប្រកាស​លក់ដូរ​ដីធ្លី​ក្នុង​តំបន់​១ និង​តំបន់​២ នៃ​រមណីយដ្ឋាន​អង្គរ កំពុង​តែ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​សង្គម​ដែល​ការ​ប្រកាស​លក់ដូរ​ដីធ្លី​នេះ​ផ្ទុយ​នឹង​ច្បាប់​ដូច​មាន​ចែង​ក្នុង​ព្រះរាជក្រឹត្យ​លេខ​០០១ ន​.​ស ចុះ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​១៩៩៤ ស្តី​ពី​ការ​កំណត់ និង​ការ​ចាត់ចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និង​សេចក្តីសម្រេច​លេខ​៧០ ស​.​ស​.​រ ចុះ​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤ របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​កំណត់​បទដ្ឋាន​នៃ​ការ​ប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២ ។

ដើម្បី​ទប់ស្កាត់​សកម្មភាព​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព​ព្រមទាំង​បញ្ចៀស​ការ​ខូចខាត​ផលប្រយោជន៍​របស់​សាធារណជន​ដែល​កើតឡើង​ពី​ការ​បោក​បញ្ឆោត​របស់​បុគ្គល​មួយ​ចំនួន​អំពី​ការ​ទិញ​-​លក់​ដីធ្លី ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ​-​សង្កាត់​នៃ​រដ្ឋបាល​សាលាខេត្ត​សៀម​​​​រាប ដំឡើង​ផ្ទាំង​ព័ត៌មាន​ហាម​ទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុងភូមិ​សាស្ត្រ​រដ្ឋ​បាល​ក្រុង​សៀមរាប​ដូច​ជា​ភូមិ​អញ្ចាញ ភូមិ​អារក្ស​ស្វាយ សង្កាត់​នគរធំ ចំនួន​៣​ផ្ទាំង ភូមិ​ខ្វៀន សង្កាត់​​គោក​ចក ចំនួន​១​ផ្ទាំង ភូមិ​ជ្រៃ សង្កាត់​ទឹក​វិល ចំនួន​១​ផ្ទាំង ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ចំនួន​១​ផ្ទាំង ។ ក្រៅពី​ទីតាំង​ដូច​រៀបរាប់​ខាងលើ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ដំឡើង​ផ្ទាំង​ព័ត៌មាន​នេះ​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ​មួយ​ចំនួន​ទៀត​ដែល​សកម្មភាព​ទិញ​-​លក់​ដីធ្លី​កំពុង​តែ​កើតឡើង​។

ក្នុង​នាម​យើង​ទាំងអស់​គ្នា​ជា​ម្ចាស់​អង្គរ ជា​ម្ចាស់​បេតិកភណ្ឌ​ពិភពលោក និង​អង្គរ​ជា​ដួង​ព្រលឹង​ជាតិខ្មែរ អាជ្ញាធរ​ជាតិ​អប្សរា​សូម​ធ្វើការ​អំពាវនាវ​ដល់​បុគ្គល​ដែល​កំពុង​តែ​ប្រព្រឹត្ត​សកម្មភាព​ទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ សូម​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​អវិជ្ជមាន​របស់​ខ្លួន និង​សូម​ឲ្យ​យើង​ម្នាក់​ៗ​ចូលរួម​បំពេញ​តួនាទី​ជា​អ្នក​ទប់ស្កាត់ ថែរក្សា ការពារ និង​អនុវត្ត​ច្បាប់​យ៉ាង​ដាច់ខាត​ចំពោះ​ការ​ទិញ​-​លក់​ដីធ្លី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ។

សូម​ជម្រាប​ថា ក្នុង​ជំពូក​១ មាត្រា​៣ និង​មាត្រា​៤ នៃ​ព្រះរាជក្រឹត្យ​ខាងលើ​បញ្ជាក់​ថា តំបន់​១ ជា​តំបន់​ដែល​មាន​ស្ថានីយ៍​បុរាណវត្ថុ​សំខាន់​ៗ​ហើយ​ត្រូវ​ទទួល​កិច្ច​ការពារ​ខ្ពស់​បំផុត ។ តំបន់​២​ជា​តំបន់​ដែល​សម្បូរ​សំណល់​បុរាណវត្ថុ ដែល​ត្រូវ​ការពារ​ទប់ទល់​នឹង​ការ​ប្រើប្រាស់​ដីធ្លី​ផ្តេសផ្តាស​និង​ការ​អភិវឌ្ឍ​មិន​សម​ស្រប ។

តំបន់​២ មាន​សារៈសំខាន់​ចម្បង​ដោយសារ​ជា​តំបន់ទ្រនាប់​សម្រាប់​ការពារ​តំបន់​១ រីឯ​ក្នុង​ជំពូក​២ មាត្រា​៨ បញ្ជាក់​ថា ទិស​ដៅ​សំរាប់​តំបន់​ត្រូវ​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ ត្រូវ​ប្រកាន់​ទិស​ដៅ​អភិវឌ្ឍន៍​ដូច​តទៅ ៖ តំបន់​១ និង​តំបន់​២ ហាមឃាត់​ការ​អភិវឌ្ឍ​ក្នុង​រមណីយដ្ឋាន​មាន​ប្រាសាទ លើកលែងតែ​ការ​អភិវឌ្ឍ​ណា​ដែល​មាន​សារ​ប្រយោជន៍​សម្រាប់​កិច្ច​ការពារ និង​ការ​លើក​ស្ទួយ​តម្លៃ​រមណីយដ្ឋាន​ឬ​បុរាណវត្ថុ​នោះ ឬ​សម្រាប់​ការ​ថែរក្សា​របៀប​រស់នៅ​របស់​មនុស្ស​នៅ​តំបន់​នោះ ។

រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញ​សេចក្តីសម្រេច​លេខ​៧០ ស​.​ស​.​រ ដោយ​កំណត់​ដីធ្លី​ស្ថិត​ក្នុង​តំបន់​១ និង​តំបន់​២ នៃ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​អង្គរ​ជា​ដី​ទ្រព្យ​សាធារណ​របស់​រដ្ឋ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ភារកិច្ច កាតព្វកិច្ច​ត្រូវ​គ្រប់គ្រង ថែរក្សា​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។

រីឯ​ការ​ប្រើប្រាស់​ដីធ្លី​ក្នុង​តំបន់​១​និង​តំបន់​២​ត្រូវ​បាន​កំណត់​ដូច​តទៅ ៖​ទី​១) ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​និង​រស់នៅ​យូរលង់​មក​ហើយ អាច​បន្ត​រស់នៅ​តទៅ​ទៀត​បាន​ដោយ​មិន​មានការ​ដេញ​ឲ្យ​ចាក​ចេញពី​ភូមិដ្ឋាន​ឡើយ​, ទី​២) ប្រជាពលរដ្ឋ​អាច​រុះរើ​ជួសជុល​ផ្ទួះ​ចាស់​ទ្រុឌទ្រោម ឬ​សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​ដោយ​មានការ​សុំ​អនុញ្ញាត​ពី​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ទី​៣) ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រង និង​ចាត់ចែង​ដីធ្លី​តាម​រូបភាព​ដូច​ជា ផ្ទេរមរតក​ទៅ​ឲ្យ​ញាតិសន្តាន​ពី​ឪពុក​ម្តាយ​ទៅ​កូនក្មួយ ឬ​លក់ដូរ​ឲ្យ​អ្នក​ភូមិ​ផង​ជាមួយ​គ្នា​ដើម្បី​ដោះស្រាយ​ជីវភាព ប៉ុន្តែ​ហាមឃាត់​លើ​សកម្មភាព​ទិញ​-​លក់​ដី​របស់​ឈ្មួញ ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម​យកចំណេញ​សម្រាប់​ក្រុមហ៊ុន​ឬ​បុគ្គល ឬ​ការ​ទិញ​-​លក់​សម្រាប់​យក​ទៅ​សាងសង់​សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេ ជាដើម​។​ល​។ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ