រាជធានីភ្នំពេញ ៖ នៅវិមានសន្តិភាពនៃទីស្តីការនាយករដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី១០ មីនា ២០១១ មានរៀបចំបើកសិក្ខាសាលាអន្តរសភាអាស៊ាន-អាយប៉ា ស្តីពីការពន្លឿនសមិទ្ធផលគោលដៅអភិវឌ្ឍន៍សហស្សវត្សទី៥តាមរយៈតួនាទីស្ត្រីជាសមាជិកសភាក្រោមអធិបតីភាពលោកជំទាវប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ក្នុងការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា ។
លោកស៊ីវឃែរ៉េ នាយកប្រតិបត្តិនៃសភាអាស៊ី ដើម្បីប្រជារាស្ត្រ និងអភិវឌ្ឍន៍បានថ្លែងថា យើងទាំងអស់គ្នាបានដឹងហើយថា មរណភាពរបស់មាតានៅលើពិភពលោកបានធ្លាក់ចុះមួយភាគបី (១/៣) គិតចាប់តាំងពីឆ្នាំ១៩៩០ ។ ទោះជាយ៉ាងនេះក្តី យើងត្រូវតែមានវិធានការជាបន្ទាន់ ប្រសិនបើយើងចង់សម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍សហស្សវត្សទី៥ នៅឆ្នាំ២០១៥ ។ ទិន្នន័យបានបង្ហាញយ៉ាងច្បាស់ថា មានស្ត្រីប្រមាណ១.០០០នាក់ស្លាប់ ជារៀងរាល់ថ្ងៃ ដោយសារហានិភ័យដែលអាចការពារបានទាក់ទងនឹងការមានផ្ទៃពោះ និងការផ្តល់កំណើត ក្នុងនោះ៤៤% កើតមាននៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដែលហានិភ័យនេះ អាចការពារបានតាមរយៈបុគ្គលិកជំនាញនៅមុនពេល ក្នុងអំឡុងពេល និងក្រោយពេលផ្តល់កំណើតដើម្បីសង្គ្រោះដល់ជីវិតម្តាយ និងទារក ។
តាមការកំណត់សម្គាល់ក្នុងឆ្នាំ២០០៩ អាឌីស (Addis) បានអំពាវនាវឱ្យមានការគិតគូរចំពោះ «មរណភាព និងពិការភាពរបស់មាតាដែលជាសីលធម៌ដ៏ធំធេង ជាសិទ្ធិមនុស្ស និងការអភិវឌ្ឍរាល់ការប្រឈមនានានៃពេលវេលារបស់យើងចំពោះអសមធម៌ផ្នែកសុខភាពដ៏ច្រើននៅក្នុងពិភពលោក» ។ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្សទី៥ ដូចដែលបានកំណត់នៅត្រឹមឆ្នាំ២០១៥ លុះត្រាតែមានកិច្ចខិតខំប្រឹងប្រែងដើម្បីការពារ និងផ្តល់ឱ្យបានគ្រប់ៗគ្នានូវសិទ្ធិសម្រាប់ការថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ។
លោកជំទាវឃួន សុដារី ប្រធានគណៈកម្មាធិការសភាស្ត្រីនៃមហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ាបានថ្លែងថា សិក្ខាសាលាដែលមានការចូលរួមពីប្រតិភូស្ត្រីសមាជិកសភាអន្តរសភាអាស៊ាន-អាយប៉ា សមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរដែនដី អង្គទូត ភ្នាក់ងារអង្គការសហប្រជាជាតិ វេទិកាសភាអាស៊ីដើម្បីប្រជារាស្ត្រ និងការអភិវឌ្ឍ (AFPPD) សង្គមស៊ីវិលនាពេលនេះ បានប្រព្រឹត្តទៅពីរថ្ងៃក្រោយពីទិវាសិទ្ធិនារីអន្តរជាតិ៨ មីនា។ សិក្ខាសាលានាពេលនេះ ពិតជាមានគោលដៅមួយយ៉ាងច្បាស់លាស់ដើម្បីបង្ហាញអំពីការតាំងចិត្តដ៏មោះមុត ក្នុងការគិតគូរថា តើយើងត្រូវចូលរួមចំណែកយ៉ាងណាទៀតក្នុងនាមជាតំណាងឱ្យប្រជារាស្ត្រ ក្នុងការរកដំណោះស្រាយលើបញ្ហាប្រឈមនានា សំដៅធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សទី៥ ដែលជាច្រកតែមួយគត់នាំទៅដល់ការធានាបាននូវសុវត្ថិភាពនៃជីវិត និងសុខភាពរបស់ស្ត្រីដែលជាការធានានូវសិទ្ធិជាមូលដ្ឋានរបស់ស្ត្រី នោះមានន័យថា គឺជាការការពារ និងលើកស្ទួយសិទ្ធិរបស់មនុស្ស ។
លោកជំទាវប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននៅក្នុងពិភពលោកយើងនេះ ការសម្រាលកូនគឺជាការប្រឈមផ្នែកសុខភាពដ៏ធ្ងន់ធ្ងរមួយដែលស្ត្រីកំពុងជួបប្រទះ ។ ជាក់ស្តែង ស្ត្រីនៅប្រទេសកំពុងអភិវឌ្ឍន៍ជួបប្រទះនឹងបញ្ហាប្រឈម ឬគ្រោះគំរាមដល់ជីវិត ក្នុងពេលមានគភ៌ ឬក្នុងពេលសម្រាលកូន១០០ដង លើសពីបញ្ហាប្រឈមដូចគ្នានេះ បើធៀបទៅនឹងស្ត្រី ដែលរស់នៅក្នុងប្រទេសអភិវឌ្ឍ ។ ជារៀងរាល់ឆ្នាំ នៅលើសាកលលោកមានស្ត្រីប្រហែល៥សែននាក់ បានបាត់បង់ជីវិត ដោយសារបញ្ហាទាំងនេះ ដែលការពិត គេអាចបញ្ចៀសបញ្ហាប្រឈមទាំងនេះបាន ប្រសិនបើមានអន្តរាគមន៍ច្បាស់លាស់ និងទាន់ពេលវេលា ។ ក្នុងស្មារតីនេះ ខ្ញុំយល់ថា ប្រទេសកំពុងអភិវឌ្ឍន៍មិនត្រឹមតែត្រូវមានអន្តរាគមន៍ និងវិធានការចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវដាក់ចេញអនុវត្តនូវអន្តរាគមន៍ និងវិធានការចាំបាច់ ដើម្បីសុខភាពមាតា និងទារក ៕


ចែករំលែកព័តមាននេះ