ប្រទេសវៀតណាម ៖ លោក Ngo Chung Khanh ដែលជាអនុប្រធាននាយកដ្ឋានគោលនយោបាយពាណិជ្ជកម្មពហុភាគីប្រចាំក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Viet Nam News កាលពីថ្ងៃពុធ កន្លងមកថា ការប្រកួតប្រជែងរវាងអ្នកលក់រាយក្នុងស្រុក និងបរទេសនឹងបន្តមានភាពតានតឹងក្នុងឆ្នាំនេះ ហើយអាជីវកម្មវៀតណាមត្រូវតែសហការដើម្បីរក្សាការគ្រប់គ្រងទីផ្សាររបស់ខ្លួន ។
ការព្រមាននេះកើតមានឡើង ខណៈដែលមានព័ត៌មានលេចឡើងមកថា បើទោះជាមានផលិតផលវៀតណាមជាច្រើនត្រូវបាននាំចេញទៅកាន់បរទេសពិតមែនក្តី ផលិតផលប្រភេទតែមួយបែរជាត្រូវបាននាំចូលមកវិញពីប្រទេសដទៃដើម្បីប្រើប្រាស់ក្នុងស្រុក ។
លោក Khanh បាននិយាយថា «មានឧទាហរណ៍ជាច្រើនដូចជាសាច់គោ សាច់មាន់ និងសាច់ជ្រូកដែលនាំចូលមិនត្រឹមតែជួបនឹងស្តង់ដារអន្តរជាតិទេ តែមានតម្លៃទាបជាងសាច់ក្នុងស្រុកយ៉ាងខ្លាំងទៀតផង»។
បើទាក់ទិននឹងវិស័យសម្លៀកបំពាក់និ ងវាយនភណ្ឌវិញគឺជួបនឹងសម្ពាធយ៉ាងខ្លាំង ព្រោះតែមានវត្តមានយីហោល្បីៗដូចជា Zara និង H&M ក្នុងទីផ្សារក្នុងស្រុក ។
យោងទៅតាមសហគ្រាសសម្កៀកបំពាក់ក្នុងស្រុកបានឲ្យដឹងថា ក្នុងពេល៧ឆ្នាំបន្ទាប់ពីឧបសគ្គពន្ធសម្រាប់សម្លៀកបំពាក់ត្រូវបានលុបបំបាត់ទាំងស្រុងក្រោមកិច្ចព្រមព្រៀងស៊ីជម្រៅនិងដំណើរការទៅមុខនៃភាពដៃគូពាណិជ្ជកម្មឆ្លងសមុទ្រប៉ាស៊ីហ្វិក (CPTPP) ក្រុមហ៊ុនលក់សម្លៀកបំពាក់បរទេសនឹងមានឱកាសក្នុងការគ្រប់គ្រងទីផ្សារដែលមានតម្លៃ ៤.៥ប៊ីលានដុល្លារក្នុងមួយឆ្នាំ និងមានអត្រាលូតលាស់ប្រចាំឆ្នាំប្រមាណ ២០%ផងដែរ ។
យោងទៅតាមក្រសួងខាងលើបានឲ្យដឹងដែរថា អ្នកលក់រាយបរទេសស្មើ ១៧%នៃទីផ្សារលក់រាយសរុបក្នុងប្រទេសវៀតណាម ប៉ុន្តែអ្នកនៅក្នុងវិស័យនិយាយថាចំនួននេះអាចនឹងខ្ពស់ជាងនេះទៅទៀត ។
បើធៀបនឹងក្រុមហ៊ុនបរទេស អ្នកនៅក្នុងវិស័យបានឲ្យដឹងថាអ្នកលក់រាយវៀតណាមខ្វះមូលធន យុទ្ធសាស្ត្រអាជីវកម្ម និងការផ្តល់សេវាកម្មជំនាញច្បាស់លាស់ ។ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនបរទេស វៀតណាមត្រូវការភាពតភ្ជាប់យ៉ាងរឹងមាំរវាងក្រុមហ៊ុនក្នុងស្រុក ៕
ចែករំលែកព័តមាននេះ