ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​ស្នើ​៥​ចំណុច​ទៅ ADB ពាក់ព័ន្ធ​ផ្តល់​ហិរញ្ញវត្ថុ​អនុវត្ត​គម្រោង​ជូន​ប្រជាជន​លើ​វិស័យ​កសិកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ស្នើ​ដល់​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ៤​ចំណុច​ក្នុង​នោះ​ក៏​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ហិរញ្ញវត្ថុ ដើម្បី​អនុវត្ត​គម្រោង​ជូន​ប្រជាជន​ពាក់ព័ន្ធ និង​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ស្នើ​ដល់​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ៤​ចំណុច​ក្នុង​នោះ​ក៏​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ហិរញ្ញវត្ថុ ដើម្បី​អនុវត្ត​គម្រោង​ជូន​ប្រជាជន​ពាក់ព័ន្ធ និង​វិស័យ​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ជាមួយ​លោកស្រី Sunniya Durrani Jamal នាយក​ប្រតិបត្តិ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ប្រចាំ​ប្រទេស​កម្ពុជា និង​សហការី​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​អំពី​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង ។

ក្នុង​ជំនួប​លោកស្រី Sunniya Durrani Jamal បាន​លើក​ឡើង​ថា គោលបំណង​នៃ​ជំនួប​ពិភាក្សា​នា​ពេល​នេះ គឺ​ទី​១ – ចង់បាន​អនុសាសន៍​ពី​លោក​រដ្ឋមន្ត្រី ដើម្បី​រៀបចំ​គម្រោង​អភិវឌ្ឍ​វិស័យ​ផ្សេង​ៗ​ជា​រួម និង​ដោយឡែក​វិស័យ​កសិកម្ម​ដូច​ជា កសិកម្ម និង​ទឹក​ការ​ប្រែប្រួល​អាកាសធាតុ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង លើ​កិច្ចសហការ​រវាង​រដ្ឋ និង​វិស័យ​ឯកជន និង​ការ​បង្កើន​ផលិតភាព ផលិតកម្ម ។ ទី​២- សិក្សា​លើ​តម្រូវការ​ចាំបាច់​ដែល​ត្រូវ​លើកយក​មក​ពិភាក្សា រួច​ដាក់​ចេញ​នូវ​គម្រោង​អភិវឌ្ឍ​ឱ្យ​ត្រូវ​តាម​គោលនយោបាយ​របស់​ក្រសួង ជា​ពិសេស​ឱ្យ​បាន​សម​ស្រប​តាម​តម្រូវការ​ជាក់ស្តែង​របស់​ប្រជា​កសិករ ឬ​អ្នក​ផលិត ។

ជា​ការ​ឆ្លើយ​តប​លោក​រដ្ឋមន្ត្រី​វេ​ង សា​ខុន បាន​លើក​ឡើង​ថា ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​វិស័យ​កសិកម្ម​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ដែល​បាន​ចូលរួម​ចំណែក​លើកកម្ពស់​កំណើន​សេដ្ឋកិច្ចជាតិ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ។ តែ​ទោះជា​យ៉ាងណា​វិស័យ​កសិកម្ម​ទាមទារ​ធ្វើការ​អភិវឌ្ឍ​ច្រើន​ថែម​ទៀត ដើម្បី​ឆ្លើយ​តម​ទៅ​តាម​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ក៏​ដូច​ជា នៅ​ទូ​ទាំង​ពិភពលោក​កំណើនប្រជាជន​កម្ពុជា​កំណើន​ភ្ញៀវ​ទេសចរណ៍​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ប្រកួតប្រជែង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​នាំ​ចេញ ។

លោក​បាន​បន្ត​ថា ហេតុផល​នេះ​តាម​រយៈ​លោកស្រី​ស្នើ​ឱ្យ​ធនាគារ​អភិវឌ្ឍ​អាស៊ី​គិតគូ​ពិចារណា និង​ធ្វើការ​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត ពី​លទ្ធភាព​នៃ​ការ​ផ្តល់​ហិរញ្ញវត្ថុ ដើម្បី​អនុវត្ត​គម្រោង​នានា​ដែល​ទាក់ទង និង​អនុ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ទី​១- ការ​រៀបចំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ផលិតកម្ម​បន្លែ និង​ដំណាំ​រួម​ផ្សំ​ជា​អាទិ៍ ការ​ពង្រឹង​និង​ការ​បញ្ចូល​បច្ចេកវិទ្យា​ទៅ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ និង​ការ​គ្រប់គ្រង​ដំណាំ ការ​ប្រមូល​ផល​ការ​វេច​ខ្ចប់ ស្លាក​សញ្ញា ឃ្លាំង​ត្រជាក់​រក្សា​ផលិតផល និង​ការ​គ្រប់គ្រង​ទីផ្សារ ជាដើម ។

និយាយ​ជា​រួម គឺ​ខ្សែ​ច្រវាក់​ផលិតកម្ម​គ្រប់​ជ្រុងជ្រោយ​ពី A to Z ដើម្បី​ធានា​បាន​ទាំង​បរិមាណ​ផ្គត់ផ្គង់​គុណភាព​អនាម័យ និង​ភូតគាម​អនាម័យ (SPS) ទី​២- លើកកម្ពស់​វិស័យ​វារីវប្បកម្ម​ឱ្យ​បាន​ល្អ​ប្រសើរ​ទាំង​ទឹកប្រៃ និង​ទឹកសាប​ធ្វើ​យ៉ាង​កាត់​បន្ថយ​ការ​ចាប់​ម​ច្ច​ជាតិ​ពី​ប្រភព​ធម្មជាតិ លើកកម្ពស់​ផលិតភាព​ផលិតកម្ម​បង្កើន​តម្លៃបន្ថែម និង​ចំណូល​គ្រួសារ​ក៏​ដូច​ចំណូល​សហគមន៍​ធ្វើការ​កែ​ច្នៃ និង​នាំ​ចេញ ។ ទី​៣- វិស័យ​ផលិតកម្ម​សត្វ​ក៏​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​លើកកម្ពស់​កម្រិតជីវភាព​គ្រួសារ ដូច្នេះ​ទាមទារ​ត្រូវ​ធ្វើការ​អភិវឌ្ឍ​ពូជ (​ប្តូរ​ពូជ និង​ការ​បង្កាត់​សិប្ប​និ​មិ្ម​ត​) ដែល​មាន​តម្លៃ​ក្នុង​ទីផ្សារ​ជំងឺ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​សម្រាប់​គ្រួសារ​កសិករ​រួម​ទាំង​ការ​គ្រប់គ្រង​ចំណី​ការ​ការពារ ។

ទី​៤-​ជំរុញ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ក្នុង​ការ​ផលិត​ពូជ​ធ្វើការ​ផ្សព្វផ្សាយ និង​ប្រើប្រាស់​ឱ្យ​បាន​ទូលំទូលាយ​នូវ​ពូជ​សុទ្ធ​ល្អ​ធានា​គុណភាព​ល្អ និង​ទិន្នផល​កើន​រួច​ត្រូវ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដើម្បី​ធានា​ការ​នូវ​បរិមាណ​ផ្គត់ផ្គង់​ធានា​បាន​នូវ​ការ​ជឿ​ទុកចិត្ត​រក្សា​តម្លៃ និង​និរន្តរភាព​នៃ​ការ​ផលិត ។ ទី​៥ – ផលិតកម្ម​ពោត​ក៏​ជា​វត្ថុធាតុដើម​មួយ​យ៉ាង​សំខាន់​ក្នុង​វិស័យ​ផលិតកម្ម​ចំណី​សត្វ​ដែល​ទាមទារ​ឱ្យ​ធ្វើការ​យកចិត្តទុកដាក់​លើ​ការ​ដាំ​ដុះ​ពូជ​បច្ចេកទេស​ក្រោយ​ប្រមូល​ផល (​ឃ្លាំង​ស្តុក និង​រោង​ស​ម្ងួ​ត​) ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ពោត​ធានា​បរិមាណ​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ចំណី​សត្វ គុណភាព និង​កាត់​បន្ថយ​ការ​នាំ​ចូល ។
ជាមួយ​គ្នា​នោះ​ដែរ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​គម្រោង​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​មន្ត្រី​បង្គោល​ទាំងអស់ ធ្វើ​តាមដាន​ជា​ប្រចាំ​នូវ​ស្ថានភាព​ប្រាក់​ចំណូល និង​ស្ថានភាព​ជី​វិភាព​រស់នៅ​របស់​កសិករ​មុន និង​ក្រោយ​ទទួល​បានការ​ឧបត្ថម្ភ​ពី​គម្រោង ។ អ្វី​ដែល​ក្រសួង និង​រាជរដ្ឋាភិបាល​ចង់បាន​ចង់​ឃើញ គឺ​ការ​ផ្លាស់​ប្តូរ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​ពិតប្រាកដ ។

ចំពោះ​សំណើ​របស់​លោក​រដ្ឋមន្ត្រី​ត្រូវ​បាន​លោកស្រី​បាន​ទទួលយក​ទៅ​ពិនិត្យ​ពិចារណា ហើយ​លោកស្រី​បាន​សន្យា​ថា នឹង​ខិតខំ​ឲ្យ​អស់​លទ្ធភាព​សិក្សា និង​វាយតម្លៃ​រាល់​ចំណុច​នីមួយ​ៗ​ដែល​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ឱ្យ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​ដោយ​ក្រុម​ជំនាញ​នីមួយ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ