ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្កា​នៅ​ក្រោយ​ព្រះ​វិហារ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម លក់ដាច់​ជាង​ថ្ងៃ​ធម្មតា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អ្នកលក់​ផ្កា​នៅ​ក្រោយ​ព្រះ​វិហារ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម បាន​បង្ហាញ​ថា ក្នុង​ឱកាស បុណ្យចូលឆ្នាំ​ចិន​នេះ ផ្កា​បាន​លក់ដាច់​ជាង​ថ្ងៃ​ធម្មតា ព្រោះ​មាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​នាំ​គ្នា​មក​ទិញ…

ខេត្តសៀមរាប ៖ អ្នកលក់​ផ្កា​នៅ​ក្រោយ​ព្រះ​វិហារ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម បាន​បង្ហាញ​ថា ក្នុង​ឱកាស បុណ្យចូលឆ្នាំ​ចិន​នេះ ផ្កា​បាន​លក់ដាច់​ជាង​ថ្ងៃ​ធម្មតា ព្រោះ​មាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​នាំ​គ្នា​មក​ទិញ ដើម្បី​ចូល​ទៅ​អុជ​ធូប​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន​ទៅ​តាម​ប្រពៃណី​ទំនៀមទម្លាប់​តាំងពី​ដូនតា​មក​ម្ល៉េះ​។

អ្នកស្រី ស៊ូ ចាន់ ជា​អ្នកលក់​ផ្កា​នៅ​ជាប់​របង​វិហារ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ក្នុង​ក្រុង​សៀមរាប បានឱ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិ​ចិន​ឆ្នាំ​នេះ ក្នុង​មួយ​ថ្ងៃ​អ្នកស្រី​អាច​លក់​ផ្កា​អស់ពី​ចំនួន​៥០០​ផ្កា ទៅ​២,០០០​ផ្កា ឬ​អាច​លើស​នេះ ហើយ​ផ្កា​ដែល​លក់ដាច់​ជាងគេ​គឺ​ផ្កាឈូក ខណៈ​ដែល​ថ្ងៃ​ធម្មតា អ្នកស្រី​លក់​បាន​តែ​ចំនួន​ពី​២០០​ទៅ​៥០០​ផ្កា ហើយ​ថ្ងៃ​ខ្លះ​លក់​បាន​តែ​ចំនួន​១០០​ផ្កា​ប៉ុណ្ណោះ​។

អ្នកស្រី មាន​ប្រសាសន៍​ទៀត​ថា បើ​ទោះបី​ពិធីបុណ្យ​នេះ មិនមែន​ជា​បុណ្យប្រពៃណី​ខ្មែរ​ក៏​ពិតមែន ប៉ុន្តែ​បងប្អូន​ខ្មែរ ដែល​ជាប់សែស្រឡាយ​ចិន​ទូ​ទាំង​ប្រទេស​កម្ពុជា នៅ​ថ្ងៃនេះ​បាន​ចេញ​ដើរ​កម្សាន្ត​ជា​ច្រើន ហើយ​ក៏​បាន​មក​ទិញ ផ្កា​យក​ទៅ​ថ្វាយ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម និង​លោកយាយ​ទេព ដើម្បី​សុំ​សេចក្តីសុខ ហើយ​ប្រជាពលរដ្ឋ​ដែល​មក ទិញ​ផ្កា​ទាំងនេះ មិនមែន​តែ​អ្នក​សៀមរាប​ទេ គឺ​ភាគច្រើន​ជា​អ្នក​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ ដែល​បាន​មក​កម្សាន្ត នៅ​ខេត្តសៀមរាប​ហើយ​ក៏​ចូល​មក​ទិញ​ផ្កា​ថ្វាយ​ព្រះ​។

អ្នកស្រី​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា មុខរបរ​លក់​ផ្កា​របស់ ប្រជាពលរដ្ឋ​នៅ​ជាប់​របង​វិហារ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចមនេះ គឺ​មានការ​រៀបចំ​យ៉ាង​មាន​របៀបរៀបរយ និង​មានការ​បែងចែក​វេន​គ្នា​មក​លក់​នៅ​ខាង​មុខ​ម្នាក់​មួយ​ថ្ងៃ ដើម្បី​ឱ្យ​អ្នកលក់​ផ្កា​នៅ​តំបន់​នេះ​ទទួល​បាន​ប្រាក់ ចំណូល​ដូច​ៗ​គ្នា​ផង​ដែរ​។

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​កម្ពុជា រួម​ជាមួយ​អ្នកទេសចរ​ជនជាតិ​បរទេស ដែល​បាន​មក​ទស្សនា​ខេត្តសៀមរាប ភាគច្រើន​តែងតែបាន​ទៅ​គោរព​ប្រតិបត្តិ​នៅ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម និង​លោកយាយ​ទេព ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ជិត​ព្រះរាជ​ដំណាក់ ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន​ទៅ​តាម​ការ​ជំនឿ​របស់​ខ្លួន​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ