ខេត្តកំពត ៖ ប្រភពព័ត៌មានពីការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តបានឲ្យដឹងថា មន្ត្រីនគរបាលបម្រើការងារនៅអធិការដ្ឋាននគរបាលស្រុកទឹកឈូម្នាក់ បានត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តឃាត់ខ្លួន កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៤ ខែកុម្ភៈ នៅតាមផ្លូវលំក្នុងភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ បន្ទាប់ពីបានផ្ទុះអាវុធ ។
ប្រភពពីសមត្ថកិច្ចដដែលឲ្យដឹងថា មន្ត្រីនគរបាលរូបនេះ ឈ្មោះ ហុក ចេង អាយុ៤៧ឆ្នាំ បានបាញ់ចំនួន២គ្រាប់ បណ្តាលឲ្យត្រូវស្ត្រីឈ្មោះ ឡាយ លី អាយុ៣៩ឆ្នាំ រងរបួសមួយគ្រាប់នៅក្រោមជង្គង់ខាងស្តាំ ។
ប្រភពដដែលបន្តថា ការដែលមន្ត្រីនគរបាលរូបនេះបាញ់គឺដោយចោទថា ប្តីស្ត្រីរងគ្រោះទៅលួចសហាយស្មន់ជាមួយប្រពន្ធរបស់ខ្លួន ។
មន្ត្រីនគរបាលរូបនេះ ក៏ធ្លាប់បានណែនាំដល់ប្តីស្ត្រីរងគ្រោះជាច្រើនដងរួចមកហើយដែរ ប៉ុន្តែប្តីស្ត្រីរងគ្រោះនៅតែលួចសហាយស្មន់ជាមួយប្រពន្ធរបស់ខ្លួនដដែល ទើបផ្ទុះកំហឹងដោយភ្លើងប្រចណ្ឌប្រពន្ធជាមួយប្តីស្ត្រីរងគ្រោះ ក៏បាញ់ទៅលើបុរសជាប្តី ប៉ុន្តែគ្រាប់បានប្លាតត្រូវប្រពន្ធរបួសទៅវិញ ។ លោកស្នង
ការនគរបាលខេត្តបានប្រាប់កោះសន្តិភាពថា ទោះបីភាគីខាងប្តីស្ត្រីរងគ្រោះជាសហាយស្មន់ក៏ដោយ ក៏ការប្រើប្រាស់អាវុធបាញ់បោះ បង្កឲ្យរងរបួសដល់អ្នកដទៃ ត្រូវតែអនុវត្តទៅតាមច្បាប់ ។
ក្រោយពីមានហេតុការណ៍នេះកើតឡើង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌខេត្ត បានទៅអន្តរាគមន៍ភ្លាមៗ ហើយឃាត់ខ្លួនមន្ត្រីនគរបាលជាខ្មាន់កាំភ្លើងនាំមកស្នងការដ្ឋានខេត្ត ដើម្បីសាកសួរនិងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ