កត្តា​សំខាន់​3​កំពុង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​អភិវឌ្ឍន៍​ទៅ​មុខ

Sponsored

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លង​មកនេះ កម្ពុជា​បាន​ផ្លាស់​ប្តូរ​មុខមាត់ និង​អភិវឌ្ឍន៍​ខ្លួន​គួ​ឱ្យ​កត់សម្គាល់ ។ ការ​រីក​ចម្រើន​នេះ បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជិ​វៈ បាន​បញ្ជាក់​ច្បាស់​ថា មាន​កត្តា​សំខាន់​ចំនួន​៣ ។

រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អុ​ិ​ត សំ​ហេង បាន​មាន​ប្រសាសន៍​កាលពី​ថ្មី​ៗ​នេះ​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​បន្ត​អភិវឌ្ឍន៍​ប្រកបដោយ​សុទិដ្ឋិនិយម ដោយ​ផ្អែក​លើ​កត្តា​ចំនួន​៣ គឺ​ទី​១-​កត្តា​ខាងក្នុង​ដែល​រួម​មាន សន្តិភាព ស្ថិរភាព​ជា​គន្លឹះ​សម្រាប់​ការ​វិនិយោគ និង​ជំរុញ​ដោយ​កត្តាផលិតកម្ម​។ ទី​២-​ការ​បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ និង​ទំនាក់ទំនង​វិជ្ជាជីវៈ ដែល​ជា​កត្តា​ទាក់ទាញ​វិនិយោគទុន​បរទេស និង​ការ​ឈោង​ចាប់​យក​ចំណែក​ទីផ្សារ​សកលលោក ដែល​និយម​ប្រើប្រាស់​ផលិតផល​ចេញពី​ប្រភព​ដែល​គ្មាន​ការ​រំលោភ​បំពាន​សិទ្ធិ​កម្មករ តាម​បទដ្ឋាន​អន្តរជាតិ និង​ទី​៣-​កត្តា​ខាងក្រៅ ដោយ​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​បន្ត​មាន​ភាព​មិន​ប្រាកដប្រជា​កាន់តែ​មាន​ភាព​ស្មុគស្មាញ និង​ប្រែប្រួល​ឆាប់រហ័ស​ដោយសារ​ការ​កើតឡើង​នូវ​សង្គ្រាម​ពាណិជ្ជកម្ម ការ​ដំឡើង​អត្រា​ការ​ប្រាក់ ការ​ឡើងថ្លៃ​ប្រេង និង​កំណើន​យឺត​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ជាដើម​។​ស្ថិត​ក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​កែទម្រង់​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម តាម​រយៈ​ការ​កាត់​បន្ថយ​បែបបទ​ពាណិជ្ជកម្ម ថ្លៃ​សេវា​រដ្ឋបាល និង​ថ្លៃ​អគ្គិសនី​ជាដើម ។

លោក​រដ្ឋមន្ត្រី បញ្ជាក់​ថា ៖« ស្ថិត​ក្នុង​បរិការណ៍​នេះ ដើម្បី​បន្ត​រក្សា​បាន​នូវ​ភាព​ប្រកួតប្រជែង កម្ពុជា​ប្តេជ្ញា​ខិតខំ​អនុវត្ត​ឱ្យ បាន​ជោគជ័យ​នូវ​គោលនយោបាយ​ជាតិ​ដែល​បាន​ដាក់​ចេញ​កន្លង​មក ជា​ពិសេស​គោលនយោបាយ​ជាតិ ស្តី​ពី​ការ​អភិ​ឌ្ឍ​ឧស្សាហកម្ម គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ និង​ការងារ និង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ សំដៅ​សម្រេច​ឱ្យ​បាន​នូវ​ក្តី​ប្រាថ្នា​របស់​កម្ពុជា ក្នុង​ការ​ប្រែក្លាយ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ »​។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភា​បាន​គាំទ្រ​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ ប៉ុន្តែ​នៅ​មាន​ចំណុច​ចន្លោះ​ប្រហោង​មួយ​ចំនួន​ទាក់ទង​គុណភាព​អប់រំ និង​ច្បាប់​វិនិយោគ​មួយ​ចំនួន ។
លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​រូប​នេះ​បាន​ថ្លែង​ថា បច្ចុប្បន្ន​ដើម្បី​ឆ្លើយ​តប​ទៅ​កត្តាផលិតកម្ម​ខាងក្នុង​ដែល​បាន​លើក​ឡើង​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ​នោះ កត្តា​ធនធានមនុស្ស​គឺ​សំខាន់​ណាស់​។ លោក​ថា ៖« ធនធានមនុស្ស​យើង​បច្ចុប្បន្ន​រៀន​ចប់​បរិញ្ញាបត្រ​ហើយ ពុំ​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​នោះ​ទេ​។ ពេល​ខ្ញុំ​ទៅ​ជួប​ជាមួយ​និយោជក គេ​ត្អួ​ញ​ត្អែ​កថា​ពិបាក​រក​មនុស្ស​ធ្វើការ ជួប​ជាមួយ​កម្មករ គេ​ថា​ពិបាក​រក​ការងារ​ធ្វើ​។ ក្នុង​ន័យ​នេះ គុណភាព​អប់រំ​របស់​យើង​វា​នៅ​ចន្លោះ​ប្រហោង »​។

លោក​បណ្ឌិត​លើក​ឡើង​ថា ៖« ប្រព័ន្ធ​អប់រំ​តាម​នៅ​តាម​សាកលវិទ្យាល័យ​បច្ចុប្បន្ន វិស័យ​ឯកជន​បាន​លូកដៃ​ចូល​កាន់តែ​ច្រើន ហើយ​គ្មាន​ការ​រៀបចំ​គុណភាព​ត្រឹមត្រូវ ដែល​វា​ធ្វើ​ឱ្យ​ឱកាស​ការងារ​អត់​ទទួល​បាន​។ មាន​ន័យ​ថា ល្អមើល​តែ​ខាងក្រៅ តែ​ខាងក្នុង​វា​អត់​មាន ដែល​តម្រូវ​ឱ្យ​រាជរដ្ឋាភិបាល​ពង្រឹង​បន្ថែម​ឱ្យ​ស៊ីជម្រៅ​ជាង​នេះ ។ លើស​ពី​នេះ ទាក់ទង​នឹង​ប្រព័ន្ធ​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​យើង​លើ​ការ​ធ្វើ​ជំនួញ ការ​បើក​សិទ្ធិ​ធ្វើ​ជំនួញ​វា​ជា​រឿង​ល្អ​ហើយ ក៏​ប៉ុន្តែ​មានច្បាប់​ចំនួន​២​របស់​ក្រសួងពាណិជ្ជកម្ម​មិន​ទាន់​ចេញ​ឱ្យ​អនុវត្ត​នោះ​ទេ គឺ​ច្បាប់​ប្រកួតប្រជែង និង​ច្បាប់​ការ​ការពារ​អតិថិជន »​។

លោក​បណ្ឌិត​សង្កត់ធ្ងន់​ថា ៖« ប្រព័ន្ធ​ច្បាប់​នេះ ត្រូវ​ជំរុញ​ឱ្យ​បាន​លឿន និង​តុលាការ​ពាណិជ្ជកម្ម​ត្រូវ​បង្កើត​ឱ្យ​មាន ដើម្បី​កាត់ក្តី​នៃ​វិវាទ​ពាណិជ្ជកម្ម​ទាំងអស់​។ ជា​ការ​ស្នើ​របស់ខ្ញុំ រាជរដ្ឋាភិបាល​គួរតែ​ជំរុញ​ការ​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព ជា​ជាង​បង្កើត​អំណាច​ទៅ​តាម​បក្សពួក​និយម​នៃ​ក្រុម​អ្នកមាន​លុយ »៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ