ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ចង​.ក​ធ្វើ​អត្ត​ឃាត​ និង​ម្នាក់​ទៀត​ធ្លាក់​ពី​លើ​ចុង​ត្នោត​ស្លាប់

15 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​ ៖ បុរស​ម្នាក់​ និង​យុវ​ជន​ម្នាក់​បាន​​ស្លាប់​បន្ត​បន្ទាប់​គ្នា​កាល​ពី​​ថ្ងៃ​ទី​១ មីនា នៅ​ក្នុង​ហេតុ​ការណ៍​ផ្សេង​ពី​គ្នា ដែល​​​ម្នាក់​ស្លាប់​​ដោយ​សារ​របូត​ដៃ​ធ្លាក់​ពី​​លើ​ចុង​ត្នោត​កំពស់​ជាង​១០​ម៉ែត្រ​ និង​ម្នាក់​ទៀត​​ចង.ក​ធ្វើ​អត្ត​ឃាត​នៅ​លើ​ដើម​ក្រខុប​ក្រោយ​វត្ត​នគរ​បា​ជ័យ​ក្នុង​(កន្លែង​បញ្ចុះសព) ។

លោក​អនុ​សេនីយ៍​ឯក ចក់ សុខ​កៅ អធិការ​រង​នគរ​បាល​ស្រុក​កំពង់​សៀមទទួល​ផែន​យុត្តិ​ធម៌​បាន​​​ឱ្យ​ដឹង​ថា នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២ ​មីនា​ មាន​អ្នក​ឡើង​ត្នោតម្នាក់​រស់​នៅ​ភូមិ​អំពិល​លើ​ ឃុំ​អំពិល​ ស្រុក​កំពង់​សៀម​ បាន​ទៅ​​ឡើង​ត្នោត​​នៅម្តុំ​​ខាង​ក្រោយ​​វត្ត​នគរ​បាជ័យ​ក្នុង​ ស្ថិត​នៅ​ភូមិ​អំពិល​លើ​ ស្រាប់​តែ​ចោល​កន្ទុយ​ភ្នែក​ពី​លើ​ចុង​ត្នោត​​មក​ឃើញ​​មនុស្ស​ប្រុស​​ម្នាក់​ចង.ក​នៅ​លើ​ដើម​ក្រខុប​នៅ​ខាង​មុខ​ចេតីយ​​ក៏​ប្រញាប់​ប្រញាល់​ ចុះ​មក​ដី​វិញ​រាយ​ការណ៍​​ទៅ​លោក​មេ​ភូមិ​ជា​បន្ទាន់​។ ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​នេះ​ភ្លាម ​រូប​លោក​បាន​ចាត់​ឱ្យ​លោក​​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​អំពិល​ ដឹក​នាំ​កំលាំង​ក្រោម​ឱវាទ​ចុះ​ទៅ​ហ៊ុម​ព័ទ្ធ​កន្លែង​កើត​ហេតុ​ មិន​អនុញ្ញាត​ឱ្យ​អ្នក​ណា​ម្នាក់​ចេញ​ចូល​ទេ រង់​ចាំ​ការិយា​ល័យ​ជំនាញ​បច្ចេក​ទេស​ខេត្ត​ចុះ​មក​ធ្វើ​កោសល្យ​វិច័យ​។ អ្នក​ដែល​ចង.ក​សម្លាប់​ខ្លួន​នេះ​បន្ទាប់​ពី​មាន​ការ​ភ្ញាក់​ផ្អើល​មនុស្ស​មក​មើល​កក​កុញ​ទើប​ត្រូវបាន​គេ​ស្គាល់​ថា សពនេះ​ឈ្មោះ​លន់​ សុធា ហៅ​កូ អាយុ​​១៩​ឆ្នាំ រស់​នៅ​​ភូមិ​អំពិល​លើ ឃុំ​អំពិល ស្រុក​កំពង់​សៀម​។

តាម​ស្ត្រី​ឈ្មោះ​នូ សាវឿន អាយុ៥៧​ឆ្នាំ ត្រូវ​ជា​ម្តាយ​របស់​យុ​វជន​​ដែល​ចង.ក​ធ្វើ​អត្ត​ឃាត​​រៀប​រាប់​ថា នៅវេលា​ម៉ោង​ប្រហែល​៧​យប់​ថ្ងៃ​ទី​១​ មីនា កូន​ប្រុសគាត់​ឈ្មោះ​កូ បាន​ត្រូវ​​បង​ប្រុស​របស់​គេ​ឈ្មោះ​លន់ សុភា ស្តី​បន្ទោស​ឱ្យ​ថា «ឯង​ស៊ីបាយ​ហើយ​ត្រូវ​តែ​ដេក​កុំ​ដើរ​លេង​ទៅ​ណា»។​ បន្ទាប់​មក​កូន​ប្រុស​ជា​ប្អូន​​បាន​ដើរ​ចេញ​មក​ផ្ទះ​បងស្រី​ឈ្មោះវ័ន​នៅ​ក្បែរ​នោះ​ដែរ លុះ​ប្រហែល​កន្លះ​ម៉ោង​ក្រោយ​មក​ ពេល​បាន​ដឹង​ថាបាត់​ ក៏​នាំ​គ្នា​តាម​រក​ពីផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​​ស្ទើរ​តែ​ពេញ​ភូមិ​តែ​មិន​ទទួល​ដំណឹង​កូន​ប្រុស​ចេញ​ទៅ​ទី ណា​ទៀត​ឡើយ​។ កាល​ពី​​​ជាង​១​ឆ្នាំមុន ​កូន​ប្រុស​ឈ្មោះកូ​បាន​ជួប​នឹងគ្រោះ​ថ្នាក់​ចរា​ចរណ៍​រហូត​សន្លប់​នៅ​ស្រុ​ក​មេមត់​ហើយ​​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​ដើម្បី​​ព្យា​បាល​របួស​ លុះ​ពេល​​ជា​សះ​ស្បើយក៏​មាន​សតិ​មិន​ដូច​ដើម​នោះ​ទេ​។

លោក​ម៉ឹង សារឿន មន្ត្រី​នគរ​បាល​បច្ចេក​ទេស​ខេត្ត​បាន​ថ្លែង​ថា យុវ​ជន​​ឈ្មោះ​កូ​បាន​ឡើង​ចង.ក​នៅ​លើ​ដើម​ក្រខុប​​ មាន​កំពស់​ពី​ដី​២,៦០​ម៉ែត្រ​ ជើង​ផុត​ពី​​ដី​០,៩២​ម៉ែត្រ ដោយ​ប្រើ​អាវ​រងា​ចង.ក និង​មាន​ហៀរ​ទឹក​កាមផង​​ដូច្នេះ​ការ​ស្លាប់​នេះ​ពិត​ជា​​ដោយ​សារការ​ចង.កប្រាកដ​មែន។ ដោយ​ឡែក​នៅ​លើ​កំភួន​ដៃ​ខាង​ស្តាំ​មាន​ស្នាម​ឆូត​អង្កន់​ៗ​ជា​ច្រើន​កន្លែង​​ មាន​ស្នាម​ចាស់​ និង​ស្នាម​ថ្មី​ដែល​បញ្ជាក់​ថា ជន​នេះ​ត្រូវ​​ថ្នាំ​ញៀន​ធ្វើ​ទុក្ខ​ជា​ខ្លាំង​រហូត​ដល់​អារ​សាច់​បឺត​ឈាម​ដើម្បី​រំសាយ​អារម្មណ៍​ និង​ឈាន​រហូត​ដល់​ចង.ក​ធ្វើ​អត្ត​ឃាត​អាច​នៅ​ចន្លោះពី​​ម៉ោង​៩ទៅ​១០​យប់​ ថ្ងៃ​ទី​១ មីនា ២០១១ ​។

លោក​អនុ​សេនីយ៍​​ឯក​ ចក់ សុខ​កៅ បាន​ឱ្យ​ដឹង​ទៀត​ថា ដោយ​ឡែក​កាល​ពី​វេលា​ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​១ មីនា មាន​បុរស​ម្នាក់​ឈ្មោះ​អែម អេង​ អាយុ​៤៧​ឆ្នាំ រស់​នៅ​ភូមិ​ប្រសំ​ ឃុំ​រអាង​ ស្រុក​កំពង់​សៀម​ បាន​ធ្លាក់​ពីលើ​ចុង​ត្នោត​កំពស់​ជាង​១០​ម៉ែត្រ​ក្នុង​ពេល​​ឡើង​​​យក​ទឹក​ត្នោត​សំរាប់​ទុក​ដើរ​លក់​នៅ​ថ្ងៃ​ទី​២ មីនា។ ក្នុង​ពេល​​អោន​ឈ្ងោក​​ចាក់​ផ្ទេរ​​យក​ទឹក​ត្នោត​បាន​ប្រហែល​ជា​៥​នាទី​ប៉ុណ្ណោះ ទំនង​ជា​វិល​មុខ​ទប់​ខ្លួន​មិន​នឹងក៏​បណ្តាល​ឱ្យ​​ធ្លាក់ និង​ស្លាប់​ភ្លាមៗ​។ ហេតុ​ការណ៍​នេះ​​ត្រូវ​បាន​ក្រុម​ក្មេង​ឃ្វាល​គោ​ឃើញ​ក៏រត់​មក​ប្រាប់​ស្ត្រី​ជា​ប្រពន្ធ​ដែល​មាន​ផ្ទះ​នៅ​ចំងាយ​ប្រហែល​​ជា​១០០​ប៉ុណ្ណោះពីកន្លែង​ធ្លាក់​ និង​ដោយ​​បាន​ហៅ​អ្នក​ភូមិ​ឱ្យ​មក​ជួយ​សែង​​សព​ដើម្បី​​យក​ទៅរៀប​ចំ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី ៕