ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​សង្វេគ​ណាស់​! បុរស​ម្នាក់​រស់​ក្នុង​ខ្ទម​យ៉ាង​កំសត់ ពេល​ជំងឺ​ធ្វើទុក្ខ​ម្តង​ៗ​ពិបាក​ជាង​ស្លា.ប់​ទៅ​ទៀត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​រស់នៅ​គួរ​ឱ្យ​សង្វេគ​ក្នុង​ខ្ទម​យ៉ាង​កំសត់​តូច​មួយ ដោយ​យក​ភួយ​ធ្វើ​ជា​កន្ទេល ឯ​កន្ទេល​ធ្វើ​ជា​ដំបូល​នៅ​លើ​ដី​ចំណី​ផ្លូវ រស់នៅ​អាស្រ័យ​អ្នកស្រុក ក៏​ដូច​ជា​អាជ្ញាធរ​ផ្តល់​អាហារ​ឱ្យ​។ បុរស​ខាងលើ​ឈ្មោះ​ស៊ា​ង នឿ​ន អាយុ​៣៩​ឆ្នាំ…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​រស់នៅ​គួរ​ឱ្យ​សង្វេគ​ក្នុង​ខ្ទម​យ៉ាង​កំសត់​តូច​មួយ ដោយ​យក​ភួយ​ធ្វើ​ជា​កន្ទេល ឯ​កន្ទេល​ធ្វើ​ជា​ដំបូល​នៅ​លើ​ដី​ចំណី​ផ្លូវ រស់នៅ​អាស្រ័យ​អ្នកស្រុក ក៏​ដូច​ជា​អាជ្ញាធរ​ផ្តល់​អាហារ​ឱ្យ​។

បុរស​ខាងលើ​ឈ្មោះ​ស៊ា​ង នឿ​ន អាយុ​៣៩​ឆ្នាំ ជា​ជន​ពិការ​ជើង​ស្តាំ​ដោយសារ​គ្រោះថ្នាក់​ដួល​លើ​ទូក​នេសាទ​ថៃ​ក្នុង​ខេត្ត​រ៉ា​ក់​យ៉ង​កាលពី​ជាង​៥​ឆ្នាំ​មុន និង​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​។

បុរស​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ឪពុក​របស់​គាត់​ត្រូវ​គេ​បាញ់​ស្លាប់​តាំងពី​សម័យ​សង្គ្រាម ហើយ​ម្តាយ​របស់​គាត់​ក៏​មាន​ប្តី​ចុង រស់នៅ​ឯ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។

បុរស​ដដែល​បន្ត​ថា គាត់​ជា​កូនទោល មាន​ន័យ​ថា​ម្តាយ​មាន​តែ​គាត់​ម្នាក់ ពុំ​មានកូន​ផ្សេង​ឡើយ ដោយសារ​គាត់​ខឹង​ម្តាយ​មាន​ប្តី​ចុង​ពិបាក​រស់នៅ​ជាមួយ គាត់​ក៏​ទៅ​ធ្វើ​ជា​ពលករ​លើ​ទឹកដី​ថៃ​នៅ​ខេត្ត​រ៉ា​ក់​យ៉ង លុះ​មាន​គ្រោះថ្នាក់​របួសធ្ងន់​ដោយសារ​ជាន់​ផ្កាថ្ម​ដួល​លើ​ទូក​នេសាទ​ថៃ ក៏​វិល​ត្រឡប់​មក​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​អស់​រយៈពេល​ជិត​៥​ឆ្នាំ​មក​ហើយ​។

បុរស​ដដែល​បន្ត​ទៀត​ថា​ពី​មុន​គាត់​រស់នៅ​ជាមួយ​គ្រួសារ​មួយ​ក្នុងភូមិ​ឃុំ​ខាងលើ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​គ្រួសារ​ដែល​គាត់​ធ្លាប់​សុំ​រស់នៅ​ជាមួយ តែគ្រួសារនោះ​បាន​លក់​ដី ហើយ​គាត់​ក៏​ទៅ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ជាទី​តាំង​បច្ចុប្បន្ន​នេះ​តែ​ម្តង ។

បុរស​កំសត់​ខាងលើ​បាន​រៀបរាប់​បន្ត​ទៀត​ថា កន្លង​មក ពេល​ជំងឺ​ធ្វើទុក្ខ​ម្តង​ៗ គាត់​មានការ​ពិបាក​ជាង​ស្លាប់​ទៅ​ទៀត ហើយ​គាត់​ក៏​បាន​ទៅ​កាន់​មន្ទីរពេទ្យ​រដ្ឋ​ក្នុងស្រុក​ថ្មពួក​ដើម្បី​សម្រាក​ព្យាបាល​ដែរ ។ គាត់​បាន​បន្ត​ថា ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គេ​មិន​យក​ប្រាក់​នោះ​ទេ ប៉ុន្តែ​សំខាន់​គាត់​គ្មាន​ប្រាក់​សម្រាប់​ធ្វើ​សោ​ហ៊ុយ​ចុះឡើង​និង​សម្រាប់​ចាយវាយ​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​ទេ​។

តាម​ប្រភព​ព័ត៌មាន​ពី​គ្រួសារ​មួយ​ជា​អាជីវករ​លក់​គ្រឿងទេស​នៅ​ជាប់​ផ្លូវ​ចូល​ទៅ​ច្រករបៀង​ប្រាសាទ​ត្បែង​បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា បុរស​ខាងលើ​ជា​មនុស្ស​ត្រឹមត្រូវ មិនមែន​ជា​មនុស្ស​វិកល​ច​រិ​ក ឬ​មនុស្ស​ឆ្កួត​នោះ​ទេ​។

គ្រួសារ​ខាងលើ​បាន​បន្ត​ថា ដោយសារ​ការ​អាណិតអាសូរ​បុរស​កំសត់​ខាងលើ គ្រួសារ​គាត់​ក៏​ដូច​ជា​អ្នកស្រុក មិនតែប៉ុណ្ណោះ​ថែម​ទាំង​សមត្ថកិច្ច ពិសេស​អាជ្ញាធរ​ភូមិ​តែងតែ​ផ្តល់​បាយ​ទឹក ជួន​សម្លៀក​បំពាក់ ជួន​ជា​អង្ករ និង​ពេល​ខ្លះ​ជូន​ជា​ថវិកា​ដើម្បី​ឱ្យ​បុរស​ខាងលើ​ទិញ​នំចំណី​ហូប​ទៀត​ផង​។

បុរស​កំសត់​ខាងលើ​បាន​និយាយ​ថា គាត់​ចង់ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ ប៉ុន្តែ​គាត់​គ្មាន​ប្រាក់​សម្រាប់​ធ្វើ​សោ​​ហ៊ុយ​ និង​សម្រាប់​ចាយវាយ​ពេល​សម្រាក​ព្យាបាល​នោះ​ទេ ព្រោះ​គាត់​គ្មាន​សាច់ញាតិ ហើយ​បុរស​ខាងលើ​ក៏​បាន​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់ មេត្តា​ជួយ​ដល់​គាត់​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ