បុណ្យ​ទន្លេ​ឆ្នាំ​នេះ​ជា​ឱកាស​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក


ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ខេត្តកំពង់ឆ្នាំង​ខាង​មុខ​នេះ គឺជា​ឱកាស​ដ៏​ធំ​មួយ​ក្នុង​ការ​រៀបចំ​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក ពិសេស​ផលិតផល​កសិកម្ម សិប្បកម្ម និង​ទេសចរណ៍ ។

ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើ​ទី​៥​នេះ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥​រួច​ហើយ ដែល​ព្រឹត្តិការណ៍​ទេសចរណ៍​ប្រចាំឆ្នាំ​នេះ នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​១៥-១៦-១៧ ខែមីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ « ទន្លេ​៖ ផ្សារ​ភ្ជាប់​សន្តិភាព​ប្រជាជន និង​ទេសចរណ៍ »​។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​ឱ្យ​មាន​ភាព​អធិកអធម ក្រសួងទេសចរណ៍ រួម​ទាំង​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បាន​ជួប​ប្រជុំ​ជាមួយ​គ្នា​ជា​បន្តបន្ទាប់​ចំនួន​៣​លើក​មក​ហើយ ។ ក្រោម​កិច្ច​ខិតខំ​របស់​ខេត្តកំពង់ឆ្នាំង ការងារ​ធំ​ៗ​មួយ​ចំនួន​សម្រេច​បាន​ពាក់កណ្ដាល​ហើយ ខណៈ​ការងារ​ដែល​សេសសល់​ទាំង​ប៉ុន្មាន ក្រុមការងារ​អន្តរក្រសួង​កំពុង​បន្ត​អនុវត្ត​ជា​រៀងរាល់ថ្ងៃ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ខេត្តកំពង់ឆ្នាំង​មាន​សោភ័ណ​ភាព​ប្រកបដោយ​ភាព​ទាក់ទាញ មាន​សន្តិសុខ សណ្ដាប់​ធ្លាប់​ល្អ និង​ផ្ដល់​ភាព​សប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖«​យើង​បាន​ឯកភាព​គ្នា​ហើយ​ថា យើង​យក​ឱកាស​នេះ ដើម្បី​បង្ហាញ​នូវ​កម្លាំង​សាច់ដុំ​របស់​យើង អំពី​ផលិតផល​ក្នុងស្រុក មាន​ផលិតផល​កសិកម្ម សិប្បកម្ម និង​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ជា​ខេត្ត​មួយ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ច្រើន មាន​កន្លែង​កម្សាន្ត​ច្រើន ហើយ​ជា​ខេត្ត​ដែល​មាន​សក្តានុពល​ខាង​ផ្នែក​កសិកម្ម »​។

ក្នុង​ចំណោម​ស្ដង់​ពិព័រណ៍​ទាំងអស់ ដែល​នឹង​តាំង​បង្ហាញ​ក្នុង​ពិធីបុណ្យ​ទន្លេ​ខាង​មុខ មាន​ស្ដង់​ពិព័រណ៍​ប្រមាណ​២​ភាគ​៣ នឹង​ត្រូវ​ទុក​សម្រាប់​តាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក ដែល​នេះ​ជា​ការ​ផ្ដល់​អាទិភាព​សម្រាប់​ផលិតផល​ក្នុងស្រុក​របស់​កម្ពុជា ខណៈ​ដែល​រាជរដ្ឋាភិបាល បាន​និង​កំពុង​ខិតខំ​រៀបចំ​គោលនយោបាយ​ពិសេស ដើម្បី​ជំរុញ​ឱ្យ​ផលិតផល​ទេសចរណ៍​ក្នុងស្រុក​ឱ្យ​កាន់តែ​ខ្លាំង ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បញ្ជាក់​ទៀត​ថា គណៈកម្មការ​អន្តរក្រសួង ក៏​នឹង​អញ្ជើញ​ខេត្ត​នៅ​ជុំវិញ​មក​ចូលរួម​តាំង​បង្ហាញ​ពី​ផលិតផល​ទេសចរណ៍​របស់​ខ្លួន​ផង​ដែរ ដូច​ជា ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និង​ខេត្តកណ្ដាល ជាដើម ។ លោក​រដ្ឋមន្ត្រី ក៏​ដូច​ជា​លោក​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​រៀបចំ​គេហដ្ឋាន​របស់​ខ្លួន និង​សេវា​ម្ហូបអាហារ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ ដែល​មក​លេង​ពិធីបុណ្យ​ទន្លេ​ផង​ដែរ ហើយ​លោក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ដែល​ចង់​មក​ទស្សនា​កម្សាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ មិន​ចាំបាច់​មានការ​ព្រួយបារម្ភ​ពី​កន្លែង​ស្នាក់​នៅ និង​ម្ហូបអាហារ​សម្រាប់​ហូប​ចុក​ឡើយ ។

អភិបាលខេត្ត​កំពង់ឆ្នាំង លោក ឈួ​រ ច័ន្ទ​ឌឿ​ន បានឱ្យ​ដឹង​ថា រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បាន​ខិតខំ​រៀបចំ​កន្លែង​កម្សាន្ត​នានា នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង ហើយ​បាន​និង​កំពុង​រៀបចំ​រមណីយដ្ឋាន​ទេសចរណ៍​នានា​នៅ​ជុំវិញ​ខេត្ត ដើម្បី​ត្រៀម​ទទួល​វត្តមាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ នៅ​អំឡុង​ពេល​ពិធីបុណ្យ​ទន្លេ​នោះ ។
សូម​ជម្រាប​ថា កម្ពុជា​បាន​រៀបចំ​ពិធីបុណ្យ​ទន្លេ​ចំនួន​៤​លើក​រួច​មក​ហើយ ក្នុង​នោះ​សម្រាប់​លើក​ទី​១ ឆ្នាំ​២០១៥ នៅ​ខេត្តក្រចេះ មាន​ភ្ញៀវ​សរុប​ប្រមាណ​១០​ម៉ឺន​នាក់​, ឆ្នាំ​២០១៦ នៅ​ខេត្តកំពង់ចាម មាន​ភ្ញៀវ​សរុប​ប្រមាណ​៥០​ម៉ឺន​នាក់​, ឆ្នាំ​២០១៧ នៅ​ខេត្តស្ទឹងត្រែង មាន​ភ្ញៀវ​សរុប​ប្រមាណ​១៤​ម៉ឺន​នាក់ និង​ឆ្នាំ​២០១៨ នៅ​ខេត្តកណ្ដាល​មាន​ភ្ញៀវ​សរុប​ប្រមាណ​១,៥​លាន​នាក់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ