ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ទទួលទាន​បន្លែ ផ្លែ​ឈើ​ពណ៌​លឿង​ឱ្យ​បាន​ច្រើន

5 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ហើយ​ថា ការ​ទទួលទាន​បន្លែ និង​ផ្លែ​ឈើ​ច្រើន​ជាង​អាហារ​ដទៃ គឺ​ល្អ​ប្រសើរ​ណាស់​ចំពោះ​សុខភាព ខណៈ​ដែល​បន្លែ​ផ្លែ​ឈើ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន​, ជាតិ​រ៉ែ រួម​ទាំង​សារ​ធាតុចិញ្ចឹម សំខាន់​ៗ​ជា​ច្រើន​ទៀត​ដែល​រាង​កាយ​ត្រូវការ ។ ទោះជា​យ៉ាងណា…

ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ហើយ​ថា ការ​ទទួលទាន​បន្លែ និង​ផ្លែ​ឈើ​ច្រើន​ជាង​អាហារ​ដទៃ គឺ​ល្អ​ប្រសើរ​ណាស់​ចំពោះ​សុខភាព ខណៈ​ដែល​បន្លែ​ផ្លែ​ឈើ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន​, ជាតិ​រ៉ែ រួម​ទាំង​សារ​ធាតុចិញ្ចឹម សំខាន់​ៗ​ជា​ច្រើន​ទៀត​ដែល​រាង​កាយ​ត្រូវការ ។

ទោះជា​យ៉ាងណា តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការ​ទទួលទាន​បន្លែ​ផ្លែ​ឈើ​ពណ៌​លឿង​ទៀងទាត់​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​កាន់តែ​ប្រសើរ​ចំពោះ​សុខភាព និង​ជួយ​ទប់ស្កាត់​ជំងឺ? មូលហេតុ​ដែល​អ្នក​គួរ​ចាប់ផ្ដើម​ទទួលទាន​អាហារ​ពណ៌​លឿង​ឱ្យ​បាន​កាន់តែ​ច្រើន ៖

១. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ៖ បន្លែ​ផ្លែ​ឈើ​ពណ៌​លឿង​ភាគច្រើន គឺ​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​​ជា​ជាតិ​រ៉ែ​មួយ​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម ។ ដូចដែល​ធ្លាប់​បានដឹង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​កត្តា​ចម្បង​មួយ​ដែល​បង្ក​បញ្ហា​នៃ​ជំងឺ​បេះដូង និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ។ បន្លែ​ផ្លែ​ឈើ​ពណ៌​លឿង​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ផង​ដែរ ។ វេជ្ជបណ្ឌិត​ជា​ច្រើន​និយាយ​ថា​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ខ្ពស់​ជា​កត្តា​ហានិភ័យ​គួរ​ឱ្យ​ព្រួយបារម្ភ​នៃ​ជំងឺ​បេះដូង ។

២.​ទប់ស្កាត់​រោគ​ឆ្លង ៖ ផ្លែ​ឈើ និង​បន្លែ ផ្សេង​ៗ​ដែល​មាន​ពណ៌​លឿង គឺ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C​។ ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​បានដឹង​ហើយ​ថា វីតាមីន C គឺ​ចាំបាច់​ណាស់​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​កាន់តែ​រឹង​មាំ​ឡើង និង​សកម្ម​ទប់ស្កាត់​រោគ​ឆ្លង​ដូច​ជា ផ្ដាសាយ ឬ​គ្រុនផ្ដាសាយ​។ វីតាមីន C ក៏​មាន​ប្រសិទ្ធិ​ភាព​ប្រយុទ្ធ​ប្រឆាំង​កម្ចាត់​ពពួក​មេរោគ​បាក់តេរី និង​វីរុស​មុន​ពេល​ពួក​វា​បង្ក​ជា​បញ្ហា​សុខភាព ផ្សេង​ៗ​បាន​ផង​ដែរ ។

៣. សុខភាព​ស្បែក ៖ ការ​ទទួលទាន​បន្លែ​ផ្លែ​ឈើ​ពណ៌​លឿង​កាន់តែ​ច្រើន​ក៏​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​សម្រស់​គួរ​ឱ្យ​កត់សម្គាល់ ។ បន្លែ និង​ផ្លែ​ឈើ​ពណ៌​លឿង​អាច​ជួយ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អមើល​ទៅ​ក្មេង​ជាង​វ័យ និង​ស្រស់​ស្អាត​តាម​រយៈ​បរិមាណ​ខ្ពស់​នៃ​វីតាមីន C ដែល​មាន​ផ្ទុក ។ ក្នុង​នាម​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វី​តា​មិន C កម្ចាត់​នូវ​រាល់​រ៉ា​ឌី​កាល់​សេរី​មុន​ពេល​ពួក​វា​បំផ្លាញ​កោសិកា​ស្បែក​។ វីតាមីន C ក៏​ជួយ​ជម្រុញ​ឱ្យ​រាង​កាយ​ផលិត​កូ​ឡា​ជែ​ន​កាន់តែ​ច្រើន​ឡើង​ទប់ស្កាត់​ស្នាម​ជ្រួញ​ផង​ដែរ ។

៤. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង ៖ ភាគច្រើន​នៃ​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ពណ៌​លឿង​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ផង​ដែរ ។ ដូចដែល​គ្រប់​គ្នា​បានដឹង កាល់ស្យូម គឺជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ដែល​សំខាន់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​ល្អ​ប្រសើរ​រឹង​មាំ ។ ដូច្នេះ​ការ​ទទួលទាន​បន្លែ​ផ្លែ​ឈើ​ពណ៌​លឿង​នឹង​ជួយ​ឱ្យ​អ្នក​ជៀស​ផុត​ពី​ជំងឺ​ពុក​ឆ្អឹង ជា​ពិសេស​ប្រសិនបើ​បាន​ហាត់ប្រាណ​ជា​ប្រចាំ​ទៀត​នោះ ! ក្រៅពី​ល្អ​ចំពោះ​ឆ្អឹង ជាតិ​កាល់ស្យូម​ក៏​ជួយ​ឱ្យ​ធ្មេញ​រឹង​មាំ​ដូច​គ្នា ។

៥. បង្កើន​សុខភាព​ភ្នែក ៖ ភាគច្រើន​នៃ​បន្លែ​ផ្លែ​ឈើ​ពណ៌​លឿង គឺ​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម lutein និង zeaxanthin ដែល​ចាំបាច់​ជួយ​រក្សា​សុខភាព​ភ្នែក​មើលឃើញ​បាន​កាន់តែ​ច្បាស់ ។ សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំង​ពីរ​នេះ​ក៏​ជួយ​ទប់ស្កាត់​ជំងឺ​ភ្នែក ផ្សេង​ៗ​មិន​ឱ្យ​កើតឡើង​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ