ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធានការ​បើកទ្វារ​សាលា​ដូច​ប្រក្រតី​មិន​ទទួល​ជោគជ័យ…!!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលា​ឯកជន​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​បាន​សិស្ស​ប្រាប់​ថា​​គេ​ប្រកាស​ឈប់​សម្រាក​៣​ថ្ងៃ រីឯ​សាលា​រដ្ឋ​សិស្សមក​រៀន​តិចតួច ​ឬ​មក​ហើយ​បាន​១​ម៉ោង​ ឬ​២ម៉ោង​ ក៏​ចេញ​ទៅ​ផ្ទះ​វិញ​អស់​ទៅ ទាំង​អនុ​វិទ្យាល័យ​និង​វិទ្យាល័យ ចាប់ពី​ថ្ងៃ​ទី​៤​ដល់ទី​៥…

រាជធានី​ភ្នំពេញ ៖ សាលា​ឯកជន​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​បាន​សិស្ស​ប្រាប់​ថា​​គេ​ប្រកាស​ឈប់​សម្រាក​៣​ថ្ងៃ រីឯ​សាលា​រដ្ឋ​សិស្សមក​រៀន​តិចតួច ​ឬ​មក​ហើយ​បាន​១​ម៉ោង​ ឬ​២ម៉ោង​ ក៏​ចេញ​ទៅ​ផ្ទះ​វិញ​អស់​ទៅ ទាំង​អនុ​វិទ្យាល័យ​និង​វិទ្យាល័យ ចាប់ពី​ថ្ងៃ​ទី​៤​ដល់ទី​៥ ខែកុម្ភៈត្រូវ​នឹង​ថ្ងៃ​សែន​ចិន​និង​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណា​ម ទោះបី​មិន​មានច្បាប់​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ក៏​ដោយ ។ រីឯ​សម្រាប់​សាលា​បឋម​សិក្សាវិញ មាន​សិស្ស​មក​រៀន​ធម្មតា តែ​ក៏​អវត្តមាន​ច្រើន​ដែរ​។

នៅ​តាម​សាលា​រដ្ឋ គណៈ​គ្រប់គ្រង​សាលា​បាន​ណែនាំ​សិស្ស​ថា ​មិន​អនុញ្ញាត​ឲ្យ​ឈប់​ទេ​ ពេល​បុណ្យចូលឆ្នាំ​ចិន ហើយ​បើ​សិស្ស​ឈប់​ឥត​ច្បាប់​នឹង​ត្រូវ​ទទួល​ពិន័យ​ដាក់​អវត្តមាន​មួយ​គុណ​នឹង​៥​ដង​(១x៥) ឬ​ត្រូវ​ប្រឡង​ឡើង​ថ្នាក់​ផង ។ បើ​ចង់​ឈប់​ត្រូវ​សរសេរ​លិខិត​សុំ​ច្បាប់​គឺ​ឈប់​១​ថ្ងៃ​ច្បាប់​១​ដង ។ នេះ​ជា​វិធានការ​សម្រាប់​ទប់ស្កាត់​ការ​ឈប់​ឥត​ច្បាប់ ឬ​ចៀសវាង​អត់​មាន​សិស្ស សាលា​ត្រូវ​បិទទ្វារ ។

តាម​មាតាបិតា​សិស្ស​ដែល​មក​ទទួល​កូន​ពីសាលា នៅ​​រសៀល​ថ្ងៃ​ទី​៥ ​កុម្ភៈ និយាយ​ថា កូន​គាត់​ដែល​មក​រៀន​ពេល​បុណ្យចូលឆ្នាំ​ចិន​នេះ​ប្រាប់​ថា ​សាលា​មិន​រៀន​ទេ ព្រោះ​សិស្ស​មក​រៀន​មួយ​ថ្នាក់​បាន​តែ​១០​ទៅ​១៥​នាក់ ។ ស្រី្ត​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ និយាយ​ថា សាលា​រដ្ឋ​មិន​បិទទ្វារ​ទេ តែ​សាលា​ឯកជន​វិញ​បិទទ្វារ​តែ​ម្តង ហើយ​សិស្សសាលា​រដ្ឋ​ឃើញ​សាលា​ឯកជន​ឈប់ ពួក​គេ​រួម​ទាំង​កូន​គាត់​ផង​មក​សាលា​ដូច​មក​លេង ហើយ​គាត់​ដឹង​បែប​នេះ ក៏​មក​តាម​កូន​ព្រោះ​ខ្លាច​គេ​ទៅ​ហួស​សាលា​មាន​គ្រោះថ្នាក់ ។

ទោះបីជា​យ៉ាងណា អ្នក​យក​ព័ត៌មាន​យើង មិន​អាច​ទទួល​បានការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ឌី ខាំ​ប៉ូ​លី បាន​ទេ​ ព្រោះ​ទំនាក់ទំនង​តាម​សារ​អេ​ឡិច​ត្រូ​និក​នៅ​រសៀល​ថ្ងៃ​ទី​៥ កុម្ភៈ លោក​មិន​ទាន់​ឆ្លើយ​តប​នៅឡើយ ។ ប៉ុន្តែ​បើ​តាម​អាណាព្យាបាល​សិស្ស​ខាងលើ​បាន​លើក​ឡើង​ថា គាត់​បានឃើញ
ប្រតិកម្ម​របស់​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បង្ហោះ​តប​នឹង​សាលា​​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​បាន​ប្រកាស​ឲ្យ​សិស្ស​ឈប់ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ។

តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​កុយ សេ​ដា នាយក​វិទ្យាល័យ​ទួល​ទំពូង កាលពី​ថ្ងៃ​ទី៤ ខែកុម្ភៈ បាន​បង្ហោះ​ដោយ​បង្ហាញ​ថា ​សិស្ស​មករៀន​​ដោយ​បង្ហាញ​រូបភាព​សិស្ស​ឈរ​គោរព​ទង់ជាតិ​ក្នុង​បរិវេណ​សាលា​នា​ពេល​ព្រឹក ។ ទោះបីជាយ៉ាងណា វិទ្យាល័យ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ ពេល​រសៀល​មិនសូវ​មាន​សិស្ស​មក​រៀន​ទេ ។

អាណាព្យាបាល​សិស្ស​ភាគច្រើន សំណូមពរ​ឲ្យ​ក្រសួង​អប់រំ​មាន​វិធានការ​ច្បាប់​បន្ថែម​ទៀត ​ទាំង​សាលា​រដ្ឋ​និង​សាលា​ឯកជន ។ ការ​ឈប់​សម្រាក​ដែល​មិន​មាន​ចែង​ក្នុង​ច្បាប់​គួរ​ចៀសវាង​ដូច​គ្នា មិន​ថា​សាលា​ឯកជន ឬ​សាលា​រដ្ឋ​ទេ ព្រោះ​វា​ពិតជា​ប៉ះពាល់​ដល់​ច្បាប់​ជាតិ និង​ទម្លាប់​មិនល្អ​របស់​សិស្ស​និង​គ្រូ ។ គាត់​បាន​លើក​ឡើង​ថា​មិន​ត្រូវ​ឲ្យ​ប្រពៃណី​បែប​នេះ​មក​គ្របដណ្តប់​លើ​ច្បាប់​ជាតិ​ឡើយ ។

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​អំពាវនាវ​ឲ្យ​អាណាព្យាបាល និង​​មាតាបិតា​សិស្ស ជំរុញ​ដល់​កូន​ៗ​របស់​ពួក​គាត់មក​រៀន​ឲ្យ​បាន​គ្រប់​ៗ​គ្នា នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​​ចិន ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បានការ​សិក្សា ។ លោករដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​អាណាព្យាបាល និង​មាតាបិតា​សិស្ស កុំ​ដាក់​កម្មវិធី​ដើរ​កម្សាន្ត​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​នេះ ដើម្បី​ឲ្យ​កូន​ៗ​បាន​មក​រៀន​គ្រប់​ៗ​គ្នា ។ ការ​អំពាវនាវ​របស់​លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​មកនេះ​នៅ​ពេល​បុណ្យចូលឆ្នាំ​ចិន​ម្តង​ៗ​មិនសូវ​មាន​សិស្ស មក​រៀន​ទេ ហើយ​ជា​ទូទៅ​សាលា​បាន​បិទទ្វារដោយសារ​តែ​មាន​ឪពុក​ម្តាយ​ខ្លះ​នាំ​កូន​ៗ​របស់​ខ្លួន​ទៅ​ដើរ​លេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​​នានា​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស ។

ជា​វិធានការ លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​គ្រប់​សាលារៀន​ទាំងអស់ ពិសេស​សាលារៀន​នៅ​ក្នុង​រាជ
ធានី​ភ្នំពេញ ត្រូវ​បើកទ្វារ​បង្រៀន​សិស្សានុសិស្ស ហើយ​ក្នុង​ករណី​សាលា​ណាមួយ​បិទទ្វារ​នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន ក្រសួង​នឹង​មាន​វិធានការ​តាម​ច្បាប់រដ្ឋបាល ។ នាយក​សាលា​បឋម​សិក្សា​មួយ​បាន​ឲ្យ​
ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែកុម្ភៈ​ថា ជា​ទូទៅ​ឲ្យ​តែ​ជិត ដល់​ថ្ងៃ​ចូល​ឆ្នាំ​ចិន សាលា​តែង​ណែនាំ​ដល់​អាណា
ព្យាបាល មាតាបិតា​សិស្ស និង​សិស្ស​រួច​ហើយ​ថា នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀត ណា​ម​នេះ សាលា​បើកទ្វារ​បង្រៀន​សិស្ស​ដូច​ថ្ងៃ​ធម្មតា​ដែរ ព្រោះថា​ពិធីបុណ្យ​នេះ​មិន​មានការ​ឈប់​សម្រាក​នៅ​ក្នុង​ប្រតិទិន​ដែល​កំណត់​ដោយ​ច្បាប់​របស់​រាជរដ្ឋាភិបាល​នោះ​ទេ ។ លោកនាយក​សាលា បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​ការ​អំពាវនាវ​របស់​លោក​រដ្ឋមន្ត្រី ដែល​បាន​ណែនាំ​ដល់​អាណាព្យាបាល​និង​មាតាបិតា​សិស្ស
កុំ​ដាក់​កម្មវិធី​ទៅ​ដើរ​កម្សាន្ត ដើម្បី​ឲ្យ​កូន​ៗ​ពួក​គាត់​បាន​មក​រៀន ។

មានការ​កត់​សម្គាល់ថា នៅ​ថ្ងៃ​ទី​៤ ខែកុម្ភៈ​ដែល​ជា​ថ្ងៃ​សែន​ចិន សាលារៀន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​សិស្ស​មក​រៀន​ដូច​ថ្ងៃ​ធម្មតា និង​មានសាលា​តិចតួច​ប៉ុណ្ណោះ​ដែល​មាន​សិស្ស​អ​វត្ត មាន ។ ប៉ុន្តែ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​ទី​២ ឬ​ទី​៣ សិស្ស​តែង​អវត្តមាន​ច្រើន ដោយសារ​តែ​អាណាព្យាបាល​និង​មាតាបិតា​សិស្ស​ខ្លះ នាំ​កូនចៅ​ទៅ​ដើរ​កម្សាន្ត ខណៈ​ដែល​សាលា​បើកទ្វារ​ធម្មតា​តែ​គ្មាន​សិស្ស ៕