ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ​ធ្វើ​នវានុវត្តន៍​លើ​ប្រព័ន្ធ​ទូទាត់ និង វិស័យ​ហិរញ្ញវត្ថុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ថៃ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដោយ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ប្រព័ន្ធ QR code ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​នៃ​ប្រទេស​ទាំង​ពីរ ។…

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ថៃ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដោយ​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​ប្រព័ន្ធ QR code ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​នៃ​ប្រទេស​ទាំង​ពីរ ។ នេះ​បើ​យោង​តាម​ធនាគារជាតិ នៃ​កម្ពុជា ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ កន្លង​មក បានឱ្យ​ដឹង​ថា ធនាគារកណ្តាល​ទាំង​ពីរ​កម្ពុជា​-​ថៃ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​នវានុវត្តន៍​នៃ​ការ​ទូទាត់​និង​ហិរញ្ញវត្ថុ ។ អនុស្សរណៈ​នេះ​សំដៅ​គាំទ្រ​ដល់​កិច្ចសហការ​ក្នុង​ការ​អភិវឌ្ឍ​អន្តរ​ប្រតិបត្តិការ​នៃ​ស្តង់ដា​ប្រព័ន្ធ QR code សម្រាប់​ការ​ទូទាត់​ក្នុង​ប្រទេស និង​ក្រៅប្រទេស ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព ព្រមទាំង​ជំរុញ​ដល់​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ និង​នវានុវត្តន៍​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ទាំង​ពីរ ។

សេចក្តី​ប្រកាស​បាន​បន្ថែម​ថា ៖« ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ថៃ បាន​ព្រមព្រៀង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ QR code ដើម្បី​ជួយ​សម្រួល​ដល់​សេវា​ទូទាត់​រាយ​នៅ​កម្ពុជា និង​រវាង​ប្រទេស​ទាំង​ពីរ »​។ ធនាគារជាតិ​បញ្ជាក់​ថា ៖« គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​តាម​រយៈ QR Code នឹង​ក្លាយជា​កម្លាំង​ច​លករ​មួយទៀត ចំពោះ​ការ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​កម្ពុជា មាន​គណនី​ជា​ប្រាក់​រៀល ដោយ​ទទួល​បាន​នូវ​ប្រយោជន៍​ជា​ច្រើន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ស្រប​តាម​គោលនយោបាយ​ជំរុញ​ការ​ប្រើប្រាស់​ប្រាក់​រៀល​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​។ ម្យ៉ាងទៀត ការ​ប្រើប្រាស់ QR Code ជាមួយនឹង​គណនី​ជា​ប្រាក់​រៀល នឹង​ជួយ​បង្កើន​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ផ្លូវការ ដែល​ធ្វើ​ឱ្យ​ការ​ចំណាយ​លើ​ប្រតិបត្តិការ​មាន​តម្លៃ​ទាប ងាយស្រួល​និង​មាន​សុវត្ថិភាព ជា​ពិសេស​ចំពោះ​ប្រតិបត្តិការ​តូច​ៗ​របស់​ប្រជាជន​ក្រីក្រ​និង​ថ្នាក់​កណ្តាល »​។

លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី ជាមួយ​លោក Veerathai Santiprabhob ទេសាភិបាល​ធនាគារកណ្ដាល​ថៃ​ថា អនុស្សរណៈ​យោគយល់​នេះ​សំដៅ​គាំទ្រ​ដល់​កិច្ចសហការ​ក្នុង​ការ​អភិវឌ្ឍ​អន្តរ​ប្រតិបត្តិការ​នៃ​ស្តង់ដា​ប្រព័ន្ធ QR code សម្រាប់​ការ​ទូទាត់​ក្នុង​និង​ក្រៅប្រទេស ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព ព្រមទាំង​ជំរុញ​ដល់​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ជាតិ និង​នវានុវត្តន៍​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ទាំង​ពីរ ។ លោក​បន្ថែម​ថា ៖« លើស​ពី​នេះ ធនាគារជាតិ​នៃ​កម្ពុជា និង​ធនាគារកណ្តាល​ថៃ បាន​ព្រមព្រៀង​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​គម្រោង​អភិវឌ្ឍ​ប្រព័ន្ធ QR code ដើម្បី​ជួយ​សម្រួល​ដល់​សេវា​ទូទាត់​រាយ​នៅ​កម្ពុជា​និង​រវាង​ប្រទេស​ទាំង​ពីរ »​។

ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​នៃ​ក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ បាន​លើក​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ៖« នៅ​ពេល​ធន​គារ​កណ្តាល​នៃ​ប្រទេស​ទាំង​ពីរ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ QR Code សម្រាប់​ធ្វើការ​ទូទាត់​ទូ វា​នឹង​ផ្តល់​ផល​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ទាំង​សងខាង ។ លោក​ថា ៖« ថៃ​ចំណេញ​សេដ្ឋកិច្ច តាម​រយៈ​ការ​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចាយវាយ​នៅ​ក្នុង​ប្រទេស​ថៃ​ច្រើន ។ ចំណែក​កម្ពុជា​វិញ ពិសេស​ធ្វើ​ឱ្យ​កម្មករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​កាត់​បន្ថយ​នូវ​ហានិភ័យ​ទៅ​លើ​ការ​ផ្ទេរ​លុយ​តាម​រយៈ​អ្នក​ស្គាល់គ្នា ដែល​ប្រឈម​នឹង​ការ​បាត់បង់ រួម​នឹង​បញ្ហា​ផ្សេង​ទៀត​ជាដើម »​។

អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ​យល់​ឃើញ​ថា ប្រព័ន្ធ​នេះ​ចូលរួម​ជំរុញ​ការ​ប្រើប្រាស់​លុយ​រៀល​ខ្មែរ​បាន​មួយ​ចំណែក ដោយសារ​ការ​ប្រើប្រាស់ QR Code នៅ​គ្រា​ដំបូង​មាន​កម្រិត ប៉ុន្តែ​បើសិន​ចំនួន​អ្នក​ប្រើប្រាស់​បាន​កាន់តែ​ច្រើន នោះ​នឹង​ធ្វើ​ឱ្យ​ការងារ​នេះ​បាន​កាន់តែ​ល្អ ទាំង​ការ​ប្រើប្រាស់​ប្រាក់​រៀល​និង​កាត់​បន្ថយ​នូវ​ហានិភ័យ​ដល់​កម្មករ​ខ្មែរ​នៅ​ប្រទេស​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ