ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បន្ដ​កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​នឹង​បន្ត​កែទម្រង់​លើ​វិស័យ​សំខាន់​ៗ​ជា​ច្រើន​ទៀត ពិសេស​កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន និង​កាត់​បន្ថយ​ការិយាធិបតេយ្យ​នានា ដើម្បី​ជំរុញ​ការ​លើកកម្ពស់​ធុរកិច្ច ដើម្បី​បង្កើន​សេដ្ឋកិច្ច ។ ឧបនាយករដ្ឋមន្ត្រី អូន…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​នឹង​បន្ត​កែទម្រង់​លើ​វិស័យ​សំខាន់​ៗ​ជា​ច្រើន​ទៀត ពិសេស​កាត់​បន្ថយ​តម្លៃ​ដឹក​ជញ្ជូន និង​កាត់​បន្ថយ​ការិយាធិបតេយ្យ​នានា ដើម្បី​ជំរុញ​ការ​លើកកម្ពស់​ធុរកិច្ច ដើម្បី​បង្កើន​សេដ្ឋកិច្ច ។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា រាជរដ្ឋាភិបាល​នឹង​មាន​វិធានការ​ធំ​ៗ​មួយ​ចំនួន​ទៀត ក្នុង​នោះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ត្រូវ​រៀបចំ​កិច្ចប្រជុំ​ជា​បន្ទាន់​ជាមួយ​កំពង់​ផែ ក្រុមហ៊ុន​ដឹក​ជញ្ជូន ក្រុមហ៊ុន​នាវាចរ​សមុទ្រ​ធំ​ៗ នឹង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​លទ្ធភាព​បញ្ចុះ​ថ្លៃ​សេវា​ការ​ដឹក​តាម​កុងតឺន័រ និង​ការ​នាំ​ចេញ​នាំ​ចូល ។

លោក​ឧបនាយករដ្ឋមន្ត្រី បន្ត​ថា រាជរដ្ឋាភិបាល​នឹង​ពិចារណា​កាត់​បន្ថយថ្លៃ​សេវា និង​ការ​បង្កើន​ប្រសិទ្ធភាព​របស់​កំពង់​ផែ​ធំ​ៗ ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្តី​ពី​ការ​វិនិយោគ និង​ច្បាប់​ស្តី​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស ការ​ពិនិត្យ និង​សិក្សា​លទ្ធភាព​ច្របាច់​បញ្ចូល​គ្នា​នូវ​ដំណើរការ និង​សម្រួលការ​ចុះបញ្ជី​អាជីវកម្ម​នៅ​តាម​ស្ថា​ប័​ពាក់ព័ន្ធ ការ​ពិនិត្យ និង​រៀបចំ​ជា​បញ្ជី​ស្ថាប័ន និង​ពេលវេលា សម្រាប់​ការ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​រោងចក្រ ការ​ធ្វើការ​សិក្សា​អំពី​អត្រា​ភាគទាន​ផ្នែក​របប​សោធន ការ​បន្ត​សិក្សា​លទ្ធភាព​ការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​បន្ថែម​ទៀត ។ នៅ​ថ្ងៃ​ដដែល​នេះ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុ​ល ក៏​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពង់​ផែ និង​ក្រុមហ៊ុន​កប៉ាល់​ដឹក​ជញ្ជូន ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​បញ្ចុះតម្លៃ​លើ​ការ​ដឹក​ជញ្ជូន​ផង​ដែរ ។

លោក វ៉ា​ស៊ឹ​ម សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ក្នុង​ជំនួប​រវាង​លោក​ទេស​រដ្ឋមន្ត្រី ជាមួយ​ថ្នាក់ដឹកនាំ​កំពង់​ផែ និង​ក្រុមហ៊ុន​កប៉ាល់​នោះ ជា​លទ្ធផល ពួក​គេ​សន្យា​បញ្ចុះតម្លៃ​ជូន​កម្ពុជា ប៉ុន្តែ​ការ​បញ្ចុះតម្លៃ​ក្នុង​កម្រិត​ណា​នោះ លោក​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។ លោក​ថា ៖« ខាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន ពិបាក​ក្នុង​ការ​បញ្ចុះតម្លៃ ដោយសារ​ទំហំ​នៃ​ការ​ដឹក​ជញ្ជូន​របស់​យើង ប៉ុន្តែ​ពួក​គេ​សន្យា​សិក្សា​និង​ដាក់​ឯកសារ​ជូន​ក្រសួង មុន​ពេល​បញ្ជូន​ទៅ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី »​។ លោក​បន្ថែម​ថា ៖« លើស​ពី​នេះ ក្រសួង​នឹង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​រៀបចំ​សវន​កម្ម​កំពង់​ផែ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រតិបត្តិការ​របស់​ផែ​មាន​ប្រសិទ្ធភាព​ខ្ពស់ »​។

នៅ​ក្នុង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល គឺ​ធ្វើ​យ៉ាងណា​សម្រេច​ឱ្យ​បាន​នូវ​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ ដែល​មាន​ភាព​ប្រទាក់ក្រឡា និង​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ ធៀប​ជាមួយ​ប្រទេស​ជិតខាង ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង កា​រត​ភ្ជាប់​ប៉ូ​ល​សេដ្ឋកិច្ច​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស និង​ការ​បង្កើន​ល្បឿន​សមាហរណកម្ម​សេដ្ឋកិច្ច ទៅ​ក្នុង​តំបន់ និង​ពិភពលោក ។

សម្រាប់​ទស្សនវិស័យ​ទៅ​ថ្ងៃ​មុខ កម្ពុជា​ត្រូវ​ភ្ជាប់​ខ្លួន​ទៅ​នឹង​បណ្តាញ​ផលិតកម្ម​អន្តរជាតិ តាម​រយៈ​ការ​ប្រើប្រាស់​ជា​របៀង​ដឹក​ជញ្ជូន​ផ្នែក​ខាងកើត​ប្រទេស ភ្ជាប់​ពី​ភ្នំពេញ​ទៅ​វៀតណាម និង​ច្រករបៀង​ដឹក​ជញ្ជូន​ខាងលិច​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ប្រទេស​ថៃ ដោយសារ​ប្រទេស​ទាំង​ពីរ​នេះ នឹង​ក្លាយទៅជា​មូលដ្ឋាន​ផលិតកម្ម​ដ៏​ធំ​នៅ​ក្នុង​តំបន់​។ ទន្ទឹម​នេះ កម្ពុជា​ក៏​ត្រូវ​ប្រើប្រាស់​ច្រក​កំពង់​ផែ​ទឹក​ជ្រៅ​ព្រះ​សីហ​នុ ដើម្បី​នាំ​ចេញ​ផលិតផល​សម្រេច​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង​ដែរ ដូច្នេះ​កម្ពុជា​ចាំបាច់​ត្រូវ​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ​ដែល​ប្រសើរ មាន​ថ្លៃ​ថោក និង​ប្រសិទ្ធភាព​ជាង​មុន​។

លោក​បណ្ឌិត ម៉ី កល្យាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​វិទ្យាស្ថាន​សិក្សាការ​អភិវឌ្ឍ​បាន​ថ្លែង​ថា ហេដ្ឋារចនាសម្ព័ន្ធ​ជា​បញ្ហា​ប្រឈម ក្នុង​វិស័យសេដ្ឋកិច្ច​កម្ពុជា​ជា​យូរ​មក​ហើយ ដែល​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​របស់​កម្ពុជា​មាន​តម្លៃ​ខ្ពស់​បំផុត បើ​ធៀប​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ប៉ុន្តែ​ឆ្លើយ​តប​បញ្ហា​នេះ រាជរដ្ឋាភិបាល​បាន​និង​កំពុង​គិតគូរ និង​វិនិយោគ​លើ​វិស័យ​នេះ ប៉ុន្តែ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​ត្រូវការ​ពេលវេលា ។ ហេតុនេះ​ការ​ព​ន្លឿ​ន​ការ​វិនិយោគ​លើ​វិស័យ​នេះ​គឺជា​រឿង​ចាំបាច់ ។ លោក​បន្ត​ថា ៖« ដើម្បី​ព​ន្លឿ​ន និង​ជំរុញ​កំណើនសេដ្ឋកិច្ច កម្ពុជា​ត្រូវការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះ​បើ​មិន​វិនិយោគ​លើ​វិស័យ​នេះ​ទេ សេដ្ឋកិច្ច​របស់​យើង​នឹង​នៅ​តែ​ប៉ុណ្ណឹង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ