ខេត្តរតនគិរី ៖ ក្មេងស្រីសិស្សសាលា៣នាក់ កំពុងតែអង្គុយរៀននៅក្នុងថ្នាក់នៃវិទ្យាល័យសម្ដេចឪសម្ដចម៉ែ បានដួលសន្លប់បន្តបន្ទាប់ដែលពេទ្យថា ខ្វះជាតិស្ករ ហើយពីរនាក់បានត្រឡប់ទៅផ្ទះ និងម្នាក់កំពុងសម្រាក់ព្យាបាលបន្តនៅមន្ទីទេទ្យបង្អែកខេត្ត ។
ករណីក្មេងសិស្សសាលាចំនួន៣នាក់ដួលសន្លប់ ខណៈពេលកំពុងរៀននោះបានកើតឡើងនៅវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងបន្ទប់រៀនថ្នាក់ទី១២B នៃសាលាវិទ្យាលយ័សម្តេចឪសម្តេចម៉ែ ស្ថិតក្នុងភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
តាមប្រភពបានឱ្យដឹងថា ក្មេងស្រីសិស្សសាលារងគ្រោះដួលសន្លប់នោះ រួមមានទី១ឈ្មោះ សឿន លី ទី២- ឈ្មោះ សេង សុម៉ាលី និងទី៣- ឈ្មោះ សាមី ស៊ូភី ។ ប្រភពបន្តថា មូលហេតុ ដំបូងដែលនាំមានការដួលសន្លប់បន្តបន្ទាប់គ្នានោះ ដោយសារឈ្មោះ សេង សុម៉ាលី កំពុងអង្គុយរៀននៅក្នុងថ្នាក់ ស្រាប់តែមានអាការផ្ដាសសាយ ហើយមុខស្លេកស្លាំងមិនស្រួលខ្លួន ក៏បានសុំគ្រូចេញក្រៅបន្ទប់ ដើម្បីលាបប្រេងខ្យល់តែនៅមិនធូរស្រាលសោះក៏នាំគ្នាចាប់ខ្យល់ឱ្យគ្នា ។ ស្រាប់តែមានសិស្សម្នាក់ទៀតឈ្មោះ សឿន លី ដែលអង្គុយជាប់គ្នានោះបានដួលសន្លប់មុន ហើយឈ្មោះ សេង សុម៉ាលី ក៏បានដួលសន្លប់ដែរតែម្តង ។ ពេលនោះក៏មានការឆោឡោឡើងកាន់តែខ្លាំង ស្រាប់តែមានសិស្សម្នាក់ទៀតឈ្មោះ សាមី ស៊ូភី អង្គុយតុជិតគ្នាក៏បានដួលសន្លប់បន្តតាមក្រោយទៀតតែម្តង ។
បន្ទាប់ពីមានហេតុការនោះកើតឡើងភ្លាមលោកគ្រូ អ្នកគ្រូក៏ប្រញាប់ប្រញាល់នាំគ្នាដឹកបញ្ជូនក្មេងស្រីរងគ្រោះទាំង៣នាក់នោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។ យោងតាមការបញ្ជាក់របស់គ្រូពេទ្យក៏បានឱ្យដឹងផងដែរថា អាការរបស់ក្មេងទាំង៣នាក់នោះ គឺបណ្តាលមកពីខ្វះជាតិស្ករ ទើបបណ្ភាលឱ្យឆាប់មានអាការភ័យ ទើបងាយដួលសន្លប់ដូច្នេះតែម្តង ។
ប៉ុន្តែក្រោយមកក្មេងស្រី២នាក់ក៏បានធូរស្បើយ ហើយបន្ទាប់ពីក្រុមគ្រូពេទ្យបានបញ្ចូលសេរ៉ូមរួចមកហើយក៏បានវិលត្រឡប់ទៅផ្ទះវិញដែរ ដោយឡែកក្មេងស្រីម្នាក់ឈ្មោះ សាមី ស៊ូភី នៅមានអាការធ្ងន់ធ្ងរនៅឡើយ ទើបគ្រូពេទ្យមិនទាន់ឱ្យត្រឡប់ទៅផ្ទះវិញទេ កំពុងបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនោះនៅឡើយ ៕
ចែករំលែកព័តមាននេះ