ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​ក្នុង​ច្រករបៀង​សេដ្ឋកិច្ច​ថៃ​អាច​នឹង​កើន​ហួសការ​គិត​ទុក

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ការ​វិនិយោគ​ក្នុង​ប្រទេស​ថៃ​អាច​នឹង​កើនឡើង​១០%​ក្នុង​ឆ្នាំ​២០២០ ដោយ​មានការ​ជំរុញ​ភាគច្រើន​ពី​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC)​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ ម្សិលមិញ…

ទីក្រុង​បាងកក ៖ ការ​វិនិយោគ​ក្នុង​ប្រទេស​ថៃ​អាច​នឹង​កើនឡើង​១០%​ក្នុង​ឆ្នាំ​២០២០ ដោយ​មានការ​ជំរុញ​ភាគច្រើន​ពី​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត (EEC)​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ ម្សិលមិញ ។

លោក Kanit Sangsubhan អគ្គលេខាធិការ​នៅ​ការិយាល័យ EEC បាន​និយាយ​ថា ការ​វិនិយោគ​ក្នុង​ច្រករបៀង​នេះ​នឹង​កាន់តែ​រីក​ចម្រើន​ក្នុង​ឆ្នាំ​២០២០ និង​ខ្ពស់​ជាង​ការ​គិត​ទុក​របស់​ភ្នាក់ងារ​រដ្ឋ​ផ្សេង​ៗ​ផង​ដែរ ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ជាតិ​បាន​ព្យាករណ៍​មក​ថា ការ​វិនិយោគ​ក្នុង​ប្រទេស​អាច​នឹង​កើនឡើង​បាន​៥,១%​ក្នុងឆ្នាំនេះ ច្រើន​ជាង​ការ​ព្យាករ​របស់​ធនាគារជាតិ​របស់​ប្រទេស​ថៃ​ដែល​ស្មើ​តែ​៤,៥%​ប៉ុណ្ណោះ ។

លោក Kanit បាន​បន្ថែម​ថា ការ​លូតលាស់​ការ​វិនិយោគ​ក្នុង​ឆ្នាំ​២០២០ នឹង​ភាគច្រើន​មក​ពី​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ៗ​ចំនួន​៥​ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​ក្នុង​ពាក់កណ្តាល​ឆ្នាំ​នេះ ។

គម្រោង​ទាំង​៥​រួម​មាន​ខ្សែ​រថភ្លើង​ដែល​ត​ភ្ជាប់​អាកាសយានដ្ឋាន​បី ទីក្រុង​អាកាស U-taopao មជ្ឈ​មណ្ឌល​ជួសជុល​កំពង់​ផែ​សមុទ្រ Laem Chabang ដំណាក់កាល​ទី​បី និង​កំពង់​ផែ​សមុទ្រ​Map Ta Phut ដំណាក់កាល​ទី​បី​ផង​ដែរ ។

លោក​បាន​បន្ត​ថា គម្រោង​ទាំង​៥​ក្នុង EEC នឹង​ដំណើរការ​ទៅ​មុខ​ដូចដែល​បាន​គ្រោងទុក និង​បាន​បន្ថែម​ថា គម្រោង EEC ពិតជា​សំខាន់​ណាស់​សម្រាប់​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០១៩​នេះ ហើយនឹង​ជួយ​កាត់​បន្ថយឥទ្ធិពល​អវិជ្ជមាន​ដែល​បង្ក​ឡើង​ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​ផង​ដែរ ។

វិនិយោគិន​ជា​ច្រើន​ដែល​មក​ពី​ជប៉ុន ចិន​និង​សហភាព​អឺរ៉ុប​មាន​ចំណាប់អារម្មណ៍​លើ​ការ​បង្កើន​ការ​វិនិយោគ​ក្នុង EEC ដោយ​មាន​ក្រុមហ៊ុន​បារាំង​ចំនួន​២៤ ហើយ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដើម្បី​មើល​គម្រោង​អភិវឌ្ឍន៍ EEC និង​ការ​វិនិយោគ​ក្នុង​ទីក្រុង​បៃតង វិស័យ​ការពារ​ជាតិ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជាដើម ។

លោក Kanit បាន​ធានា​ដល់​វិនិយោគិន​ជប៉ុន​ថា EEC​នឹង​បន្ត​ដំណើរការ​ទៅ​មុខ​ទៀត​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៤ ខែមីនា​ខាង​មុខ​នេះ ព្រោះ​ការ​អភិវឌ្ឍ​ច្រករបៀង​សេដ្ឋកិច្ច​នេះ​ត្រូវ​បាន​ចង​ជាប់​ក្នុង​ច្បាប់​EEC ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ