ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដាក់​១​ម៉ាត់ ការ​ចរចា​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន កុំ​សង្ឃឹមថា​បាន​ផ្លែផ្កា

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា ការិយាល័យ​ពាណិជ្ជកម្ម​ក្រោម​រដ្ឋាភិបាល លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា ការិយាល័យ​ពាណិជ្ជកម្ម​ក្រោម​រដ្ឋាភិបាល លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​ថា ការ​ចរចា​លើ​វិធាន​ថ្មី​ក្រោម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដើម្បី​បញ្ឈប់​សកម្មភាព​ពាណិជ្ជកម្ម​អយុត្តិធម៌​របស់​ប្រទេស​ចិន​នឹង​មិន​មាន​ផ្លែផ្កា​ទេ ។

ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​ប្រើ​របាយការណ៍​ប្រចាំឆ្នាំ​ដែល​ផ្ញើ​ជូន​សភា​ទាក់ទិន​នឹង​ការ​គោរព​របស់​ប្រទេស​ចិន​នូវ​វិធាន WTO ដើម្បី​គាំទ្រ​ដល់​សកម្មភាព​របស់​ខ្លួន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​រយៈពេល​៦​ខែ​មកនេះ ។

របាយការណ៍​ខាងលើ​បាន​បង្ហាញ​ថា សហរដ្ឋអាមេរិក​នៅ​តែ​បន្ត​មិន​ពេញចិត្ត​នឹង WTO ដែល​អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់​គោលនយោបាយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ដែល​អា​មេ​រិ​ក​គិត​ថា ប៉ះពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ។

សម្ព័ន្ធមិត្ត​មួយ​ចំនួន​ដូច​ជា កា​ណា​ដា សហភាព​អ៊ឺ​រ៉ុ​ប និង​ជប៉ុន បាន​ចាប់ផ្តើម​ការ​ចរចា​លើ​កំណែទម្រង់ និង​ការ​ធ្វើ​ទំនើប​កម្ម​ដំបូង​នៃ​វិធាន WTO តាំងពី​អង្គការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៥ ។

ប៉ុន្តែ​រាល់​កំណែទម្រង់​វិធាន WTO ត្រូវ​ទទួល​បានការ​ព្រមព្រៀង​ពី​សមាជិក​ទាំង ១៦៤​ប្រទេស ។ ការិយាល័យ​ខាងលើ​បាន​និយាយ​ថា មាន​ភាគរយ​តិច​ណាស់​ដែល​ប្រទេស​ចិន​នឹង​យល់ព្រម​នឹង​វិធាន​ថ្មី​ដែល​បង្កើត​ឡើង​ដើម្បី​ផ្លាស់​ប្តូរ​សកម្មភាព​ពាណិជ្ជកម្ម​និង​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​ពួក​គេ​ណាស់ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ ការិយាល័យ​ខាងលើ​បាន​បន្ត​ថា សហរដ្ឋអាមេរិក​ចង់​ឲ្យ​ប្រទេស​ចិន​ទទួលខុសត្រូវ​ចំពោះ​ការ​មិន​គោរព​វិធាន WTO និង​សកម្មភាព​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​ទាំងឡាយ​ដែល​ប៉ះពាល់​ដល់​ពលករ អាជីវកម្ម និង​កសិករ​អា​មេ​រិ​ក ។

ការិយាល័យ​នេះ​បាន​បន្ថែម​ថា «​សហរដ្ឋអាមេរិក​នឹង​ចេញ​សកម្មភាព​ដែល​ចាំបាច់​ដើម្បី​ធានា​ថា ការ​ខាតបង់​ដែល​បង្ក​ពី​ប្រព័ន្ធ​សេដ្ឋកិច្ច​មិន​សេរី​របស់​ប្រទេស​ចិន​ត្រូវ​បាន​រ៉ាប់រង​ដោយ​តែ​ប្រទេស​ចិន​ប៉ុណ្ណោះ មិនមែន​សហរដ្ឋអាមេរិក​ឡើយ រហូត​ដល់​ប្រទេស​ចិន​ផ្លាស់​ប្តូ​រគោល​ជំហរ​ខ្លួន​លើ​សេដ្ឋកិច្ច និង​ការ​ធ្វើ​ពាណិជ្ជកម្ម​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ