ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតហៅចេតនាហ្នឹងហើយជាតួបុណ្យ មានន័យថា ទោះជាការធ្វើទានលះទ្រព្យដ៏ច្រើនយ៉ាងណាក៏ដោយ តែបើធ្វើខ្វះបញ្ញាហើយ ទាននោះក៏ពុំសូវបានផលដែរ។ ផ្ទុយទៅវិញបុគ្គលធ្វើទានបន្តិចបន្តួចសូម្បីបាយកក បាយក្តាំងមួយដុំក៏ដោយ តែធ្វើដោយបញ្ញា មានចេតនាស្មោះ ធ្វើដោយគោរពក្នុងទាន អ្នកនឹងបានផលច្រើន ។
ផ្ទុយនឹងសេចក្តីនេះ អ្នកខ្លះមានគំនិតថា ខ្លួនក៏ចង់ធ្វើបុណ្យទាននឹងគេដែរ តែមិនមានប្រាក់គ្រប់គ្រាន់ដើម្បីធ្វើចង្ហាន់ និងបច្ច័យសម្រាប់ប្រគេនព្រះសង្ឃ មិនហ៊ានធ្វើទេ។ ការយល់បែបនេះក៏ម្យ៉ាងដែរ តែសម្រាប់ទ្រឹស្តីពុទ្ធសាសនាវិញលោកមិនបានឱ្យតម្លៃទៅលើទ្រព្យសម្បត្តិជាចម្បងទេ គឺលើកតម្លៃផ្លូវចិត្តជាធំ ។
ត្រង់នេះចង់បង្ហាញថា មិនមែនទាល់តែមានទ្រព្យច្រើនធ្វើបុណ្យទើបបានបុណ្យជាអនេកនោះទេ ដោយហោចទៅសូម្បីមានតែបាយកក បាយក្តាំងប្រគេនលោកដោយតាំងចិត្តស្មោះចំពោះគុណព្រះរតនត្រៃ ក៏បានបុណ្យច្រើនដែរ សំខាន់យើងមានចេតនាជាបុណ្យ គឺបុណ្យហើយ ។
ដូចនៅក្នុងគម្ពីរធម្មបទដ្ឋកថាមាននិយាយអំពីទុរគតធីតាធ្វើទានត្រឹមតែលះបាយក្តាំងដែលខ្លួនបរិភោគសល់ ហើយយកបាយក្តាំងនោះទៅដាក់បាត្រព្រះកស្សបៈ ក៏បានអានិសង្សច្រើន លុះស្លាប់ទៅបានទៅកើតក្នុងស្ថានសួគ៌ជាន់និម្មានរតីទេវលោក បរិបូណ៌ដោយទិព្វសម្បត្តិ មានសិរីខ្ចាត់ផុតពីគ្រោះភ័យគ្រប់យ៉ាង ។
ចែករំលែកព័តមាននេះ