ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​ស្រមោច​កំពុង​អភិវឌ្ឍន៍​ជា​រមណីយដ្ឋាន​លំដាប់​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​កំណើន​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​អ្នក​វិនិយោគ​ចម្រុះ​ជាតិ​សាសន៍ ធ្វើ​ឲ្យ​មាន​តម្រូវការ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ប្រណីត​កើន​ឡើងជា​បន្ដបន្ទាប់​នៅ​កម្ពុជា ពិសេស​នៅ​តាម​ខេត្ត​សក្ដានុពល​សេដ្ឋកិច្ច និង​ទេសចរណ៍ ។ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​នេះ…

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​កំណើន​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​អ្នក​វិនិយោគ​ចម្រុះ​ជាតិ​សាសន៍ ធ្វើ​ឲ្យ​មាន​តម្រូវការ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ប្រណីត​កើន​ឡើងជា​បន្ដបន្ទាប់​នៅ​កម្ពុជា ពិសេស​នៅ​តាម​ខេត្ត​សក្ដានុពល​សេដ្ឋកិច្ច និង​ទេសចរណ៍ ។ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​នេះ ក្រុមហ៊ុន​មួយ​បាន​និង​កំពុង​អភិវឌ្ឍ​រមណីយដ្ឋាន​លំដាប់​ផ្កាយ​៥​មួយ មា​នទី​តាំងនៅ​កោះ​ស្រមោច ដែល​នឹង​ដាក់​ឲ្យ​ដំណើរការ​ដំណាក់កាល​ទី​១​នៅ​ឆ្នាំ​នេះ ។

ម្រោង​វិនិយោគ​រមណីយដ្ឋាន​នេះ ស្ថិត​នៅ​លើ​កោះ​ស្រមោច​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន SEA SENSE Resort ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន MARITIME Group ។ លេខាធិការ​ប្រតិបត្តិ​របស់​ក្រុមហ៊ុន MARITIME GROUP លោកស្រី ដុម សុភាព បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា រមណីយដ្ឋាន​ទេសចរណ៍​ថ្មី «SEA SENSE Resort» ត្រូវ​បាន​រចនា​ឡើង​មាន​លក្ខណៈ​ទំនើប​លំដាប់​ផ្កាយ​៥ នឹង​លេច​ត្រដែត​ឡើង​លើ​កោះ​ស្រមោច នៃ​ខេត្ត​ព្រះ​សីហ​នុ​។ រមណីយដ្ឋាន​នេះ គ្រោង​នឹង​បិទ​បញ្ចប់​ការ​អភិវឌ្ឍ​ដំណាក់កាល​ទី​១​នេះ នៅ​ចុងឆ្នាំ​២០១៩ ដើម្បី​ត្រៀម​ស្វាគមន៍​វត្តមាន​ភ្ញៀវ​ទេសចរ​ពី​គ្រប់​ទិស​ទី ។

លោកស្រី​បន្ត​ថា គម្រោង​វិនិយោគ​នេះ​មាន​ប្រភេទ​ផលិតផល​ជា​ច្រើន​ដូច​ជា ផ្ទះ​ស្នាក់​ទេសចរណ៍ ឬ​បឹង​ហ្គា​ឡូ វីឡា​បែប​គ្រួសារ ស្ពាន​កំពង់ទឹក ឬ​ស្ពាន​បណ្ដែត​ទឹក កន្លែង​ទទួលភ្ញៀវ ភោជនីយដ្ឋាន អាង​ហែល​ទឹក ក្លិប​ហាត់ប្រាណ និង​តារាង​វាយ​តឺ​នី​ស ហាង​លក់ទំនិញ កាស៊ីណូ ម៉ាស្សា ស្ប៉ា បន្ទប់ទឹក​សាធារណៈ កន្លែង​ជួល​ទូក​កៃ​យ្យៈ អូរ​ប័​រ ពោង​លែង​ទឹក សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ចង់​ជិះ​លែង​កម្សាន្ត​ជាដើម ។
លោកស្រី ដុម សុភាព បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​ក៏​មិន​ភ្លេច​ពី​ការ​យកចិត្តទុកដាក់​លើ​បញ្ហា​បរិស្ថាន អនាម័យ និង​សំរាម​ផង​ដែរ ដោយ​ក្រុមហ៊ុន​បាន​នាំ​ចូល​នូវ​ឡ​ដុត​សំរាម​គ្មាន​ផ្សែង​ដ៏​ទំនើប​មួយ​សម្រាប់​ដុត​សំរាម​នៅ​តំបន់​ចុង​កោះ ធានា​ថា​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​លើ​កោះ​ស្រមោច​នោះ​ឡើយ ។
កោះ​ស្រមោច មាន​ផ្ទៃដី​ចំនួន​២៥,៦៥​ហិ​កតា ប៉ុន្តែ​បើ​គិត​ពី​ផ្ទៃដី​ធម្មជាតិ​ទាំងអស់​នៅ​លើ​កោះមាន​ប្រមាណ​៣៣​ហិ​កតា ។ កោះ​ស្រមោច​មាន​ចម្ងាយ​ពី​មូលដ្ឋាន​កងទ័ពជើងទឹក​តែ​៨០០​ម៉ែត្រ​ប៉ុណ្ណោះ បើ​យើង​ធ្វើ​ដំណើរ​តាម​ទូក​ទេសចរណ៍ ចំណាយពេល​១០​នាទី តែបើ​ធ្វើ​ដំណើរ​តាម​អូ​ប័​រ​ចំណាយពេល​ប្រមាណ​៥​នាទី ។

រយៈកាល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ខេត្ត​ព្រះ​សីហ​នុ បាន​ក្លាយទៅជា​គោលដៅ​យ៉ាង​សំខាន់​របស់​អ្នក​វិនិយោគ​មក​ពី​តំបន់​ផ្សេង​ៗ ហើយ​សព្វ​ថ្ងៃនេះ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ មានការ​អភិវឌ្ឍ​យ៉ាង​លឿន​ទៅ​មុខ​។ ខេត្ដ​ព្រះ​សីហ​នុ ពិតជា​កន្លែង​ស័ក្តិសម​ក្នុង​ការ​ដាក់​ទុន​វិនិយោគ​លើ​វិស័យ​បដិសណ្ឋារកិច្ច ។

ម្យ៉ាង​វិញ​ទៀ​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​ប្រទេស​កម្ពុជា​មាន​សុខ​សន្ដិភាព​ពេញលេញ ក្នុង​នោះ​ខេត្ដ​ព្រះ​សីហ​នុ ក៏​ធានា​បាន​នូវ​សន្ដិសុខ សុវត្ថិភាព​ខ្ពស់​ដែរ ជាមួយ​និង​ធនធានធម្មជាតិ​សម្បូរ​បែប ផ្ទៃដី​នៅ​ទំនេរ​ធំ​ទូលាយ​រួម​ទាំង​កោះ​ល្អ​ៗ៣២ ជា​ពិសេស​នោះ គឹ​ប្រព័ន្ធ​គមនាគមន៍​សម្បូរ​បែប ផ្លូវដែក ទឹក គោ​គ ផ្លូវអាកាស​ជាដើម ។

ក្រសួងទេសចរណ៍​បាន​បង្ហាញ​ការ​ព្យាករ​ថា នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង​៧​លាន​នាក់ ហើយ​នៅ​ឆ្នាំ​២០៣០ នឹង​ទទួល​បាន​ប្រមាណ​១៥​លាន​នាក់ ។ ចំណែក​ទេសចរ​ជាតិ នឹង​កើនឡើង​ប្រមាណ​១៣​លាន​នាក់​។ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​នេះ កម្ពុជា​ត្រូវការ​សណ្ឋាគារ​ប្រមាណ​ជាង​១០​ម៉ឺន​បន្ទប់ សម្រាប់​ផ្គត់ផ្គង់​ការ​ស្នាក់​នៅ ក្នុង​នោះ​សណ្ឋាគារ​ប្រណីត​លំដាប់​ផ្កាយ​៤ និង​ផ្កាយ​៥​ប្រមាណ​៦០% ស្មើ​ប្រមាណ​៦​មុ​ឺ​ន​បន្ទប់​នៅ​ទូ​ទាំង​ប្រទេស ។ ដោយឡែក​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ នឹង​ត្រូវការ​បន្ទប់​សណ្ឋាគារ​ជាង​៣​ម៉ឺន​បន្ទប់​បន្ថែម​ទៀត ក្នុង​នោះ​សណ្ឋាគារ​ប្រណីត​ជាង​២​ម៉ឺន​បន្ទប់ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​២​លាន​នាក់ និង​ទេសចរ​ជាតិប្រមាណ​៣​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ។

ក្នុង​នោះ​ដែរ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោ​ង ខុន បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ និង​អំពាវនាវ​ឲ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​ប្រកបដោយ​គំនិត​ច្នៃប្រឌិត និង​ទទួលខុសត្រូវ​ខ្ពស់ គោរព​តាម​បទដ្ឋាន​បរិស្ថាន និង​គោលការណ៍​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​តំបន់ឆ្នេរ​សមុទ្រ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ទេសចរណ៍ និង​និរន្តរភាព​ទេសចរណ៍​នា​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ