ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ ការ​បញ្ជា​ទិញ​ផលិតផល​វាយនភ័ណ្ឌ​កម្ពុជា​មាន​ស្ថានភាព​ធម្មតា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​ទំនិញ​គ្រប់យ៉ាង​លើកលែង​អាវុធ​(EBA)​មក​លើ​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មិន​ច្បាស់លាស់​ក្តី ក៏​ការ​បញ្ជា​ទិញ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង ពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ នៅ​តែ​មាន​ស្ថានភាព​ជា​ធម្មតា ដោយ​មិន​ទាន់​មាន​បញ្ហា​ណាមួយ​ចោទ​នៅឡើយ ។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​ទំនិញ​គ្រប់យ៉ាង​លើកលែង​អាវុធ​(EBA)​មក​លើ​កម្ពុជា កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​មិន​ច្បាស់លាស់​ក្តី ក៏​ការ​បញ្ជា​ទិញ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង ពី​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ នៅ​តែ​មាន​ស្ថានភាព​ជា​ធម្មតា ដោយ​មិន​ទាន់​មាន​បញ្ហា​ណាមួយ​ចោទ​នៅឡើយ ។ នេះ​បើ​តាម​អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​រូប​នេះ បាន​ប្រាប់​កោះសន្ដិភាព​ថា ការ​បញ្ជា​ទិញ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង​ពី​កម្ពុជា​ពី​សំណាក់​អ្នកបញ្ជា​ទិញ​ក្រៅប្រទេស​នៅ​តែ​មាន​ភាព​ស្ថានភាព​ធម្មតា ដោយ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ហើយ​កម្ពុជា នៅ​តែ​មានឱកាស​ក្នុង​ការ​ទទួល​បានការ​បញ្ជា​ទិញ​បន្ថែម​ពី​ក្រៅ
ប្រទេស ។ លោក​បន្ត​ថា ៖« ឱកាស​ដែល​កម្ពុជា​នឹង​ទទួល​បាន​បន្ថែម​នោះ​ដោយសារ​តែ​ការ​បញ្ជា​ទិញ​មួយ​ចំនួន​បាន​ងាក​ចេញពី​ប្រទេស​ចិន ដែល​ជា​ប្រទេស​ផលិត​ទំនិញ​មួយ​ដ៏​ធំ​នៅ​លើ​ពិភពលោក ដូច្នេះ​ប្រទេស​ការ​បញ្ជា​ទិញ​ទាំងនោះ​នឹង​ងាក​ទៅ​រក​ប្រទេស​ផ្សេង​ៗ​ក្រៅប្រទេស​ចិន ក្នុង​នោះ កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ក្នុង​ការ​ទទួល​បាន​ឱកាស​ទទួល​បានការ​បញ្ជា​ទិញ​ផង​ដែរ ។ តែ​ទោះជា​យ៉ាងណា កម្ពុជា​ក៏​ត្រូវ​ពង្រឹង​ផ្ទៃក្នុង​របស់​ខ្លួន​ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត »​។​លោក​បន្ត​ទៀត​ថា កាលពីមុន ការ​បញ្ជា​ទិញ​ច្រើន​តែ​ទៅ​រក​ប្រទេស​ចិន ហើយ​ចិន​ជា​អ្នក​ផលិត​ដ៏​ធំ តែ​បច្ចុប្បន្ន​នេះ​ដោយសារ​តែ​កម្លាំង​ពលកម្ម​នៅ​ប្រទេស​ចិន​បាន​ឡើងថ្លៃ ទើប​លំហូរ​នៃ​ការ​បញ្ជា​ទិញ​នៅ​ប្រទេស​ចិន​ក៏​ចាប់ផ្ដើម​ងាក​ចេញ ។

ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក សោម អូន បាន​មាន​ប្រសាសន៍​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ នៅ​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា មិន​មាន​អ្វី​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្ដាច់​កុងត្រា​ជាមួយ​កម្មករ​នៅ​តាម​រោងចក្រ​ខ្លះ វា​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ព្រោះ​ការ​បញ្ជា​ទិញ​នៅ​ចុងឆ្នាំ មានការ​ប្រែប្រួល​បន្តិចបន្តួច ដែល​ធ្វើ​ឲ្យ​ថៅកែ​រោងចក្រ​ត្រូវ​ព្យួរការងារ​កម្មករ​មួយ​រយៈ ហើយនឹង​ចាប់ផ្ដើម​ធ្វើការ​វិញ​នៅ​ពេល​មានការ​បញ្ជា​ទិញ​ពី​ខាងក្រៅ​ច្រើន ។

លោក​បន្ត​ថា នៅ​តាម​បណ្ដា​រោងចក្រ​មួយ​ចំនួន​នៅ​តែ​ពិបាក​ស្វែងរក​បុគ្គលិក​កម្មករ​បម្រើ​ការងារ ដូច្នេះ​វា​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ស្ថានភាព​វិស័យ​កាត់ដេរ​របស់​កម្ពុជា ។ ម្យ៉ាងទៀត បញ្ហា​EBA​ដែល​ធ្លាប់​លើក​ឡើង​កន្លង​មក​នោះ ក៏​កម្មករ​ហាក់​គ្មាន​ការ​ភ័យ​ព្រួយ​អ្វី​ឡើយ ព្រោះថា​រាជរដ្ឋាភិបាល មន្ត្រី​ជំនាញ​នានា ក៏​កំពុង​ដោះស្រាយ និង​ឈាន​ទៅ​រក​ការ​ចរចា​មួយ​ដ៏​សម​ស្រប​នៅ​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ។

ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​រូប​នេះ បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល​បាន​ខិតខំ​ធ្វើ​កិច្ចការ​មួយ​ចំនួន ដើម្បី​ទាក់ទាញ និង​សម្រួល​ដល់​វិនិយោគិន កំពុង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ជា​ការ​លុប​ចោល​ស្ថាប័ន​កាំកុងត្រូល​នៅ​តាម​ព្រំដែន និង​លុប​បំបាត់​ស្ថាប័ន​កាំសាប​ជាដើម ដែល​កិច្ចការ​នេះ គឺជា​ការ​កាត់​បន្ថយ​ការ​ចំណាយ​មួយ​ផ្នែក​របស់​អ្នក​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​កត្តា​ទាក់ទាញ​បន្ថែម​សម្រាប់​វិនិយោគិន​បរទេស ក៏​ដូច​ជា​វិនិយោគ​ក្នុងស្រុក ។ លោក​បន្ថែម​ថា ក្នុង​វិស័យ​កាត់ដេរ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​កម្មករ​កម្មការិនី កំពុង​បម្រើ​ការប្រមាណ​៩០​ម៉ឺន​នាក់​ដែល​គិត​ជា​ទឹកប្រាក់​វិញ ក្នុង​មួយ​ខែ​ៗ ត្រូវ​ចំណាយ​ប្រមាណ​ជាង​២០០​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​លាន​នាក់​ទៀត​ផង​ដែរ ។

លោក​បញ្ជាក់​ថា ចំណែក​សង្គ្រាម​ពាណិជ្ជកម្ម អា​មេ​រិ​ក និង​ចិន ក៏​អាច​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុ​ជាមួយ​ចំនួន​ផង​ដែរ ដូច​ជា​វិនិយោគិន​ចាក​ចេញពី​ចិន និង​ងាក​ទៅ​រក​ប្រទេស​ណា​ដែល​មាន​កម្លាំង​ពលកម្ម​ទាប​ជាង និង​ងាក​ទៅ​រក​ប្រទេស​ណា​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ពន្ធ​ពី​សហរដ្ឋអាមេរិក​ជាដើម ។ យោង​តាម​របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា​កម្ពុជា បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង​ពី​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​១០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ធ្វើ​ឲ្យ​ផលិតផល​នេះ​ក្លាយជា​ផលិតផល​នាំ​ចេញ​ធំ​ជាងគេ​របស់​កម្ពុជា ។ ក៏​ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏​ដោយ សេដ្ឋវិទូ​មួយ​ចំនួន​បាន​ផ្ដល់​ជា​ទស្សនៈ​ឲ្យ​កម្ពុជា មិន​គួរ​នៅ​តែ​ពឹង​លើ​វា​នោះ​ទេ ដោយ​ត្រូវធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ដើម្បី​កំណើន​ចីរភាព​នៃ​សេដ្ឋកិច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ