ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​​សន្យា​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​​ប្រេងម៉ាស៊ូត

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បាន​ប្រាប់​ដល់​ប្រជាជន​ក្នុង​ប្រទេស​ឲ្យ​ឈប់​បើកបរ​រថយន្ត​ប្រើ​ប្រេងម៉ាស៊ូត​ក្នុង​ទីក្រុង​បាងកក និង​ក្នុង​ខេត្ត​ជិតខាង​ដើម្បី​កាត់​បន្ថយ​ធូលី ។ សារព័ត៌មាន​បាងកក ប៉ុស្ដិ៍…

ទីក្រុង​បាងកក ៖ លោកនាយក​រដ្ឋមន្ត្រី Prayut Chan-o-cha បាន​ប្រាប់​ដល់​ប្រជាជន​ក្នុង​ប្រទេស​ឲ្យ​ឈប់​បើកបរ​រថយន្ត​ប្រើ​ប្រេងម៉ាស៊ូត​ក្នុង​ទីក្រុង​បាងកក និង​ក្នុង​ខេត្ត​ជិតខាង​ដើម្បី​កាត់​បន្ថយ​ធូលី ។

សារព័ត៌មាន​បាងកក ប៉ុស្ដិ៍ បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២ មក​រា កន្លង​មក ដោយ​បាន​ស្រង់​សម្ដី​លោក​នាយក​រដ្ឋមន្ត្រី​ថា ៖« បើ​ទោះជា​មាន​ដំណោះស្រាយ​រយៈពេល​ខ្លី​ពិតមែន​ក្តី ស្ថានការណ៍ PM2.5 មិន​បាន​ល្អ​ប្រសើរ​ឡើង​ទេ ។ ស្ថានការណ៍​នេះ​កើត​មាន​ឡើង ព្រោះតែ​ការ​បញ្ចេញ​ឧស្ម័ន​ជាតិពុល​ពី​រថយន្ត​ប្រើ​ប្រេងម៉ាស៊ូត​ក្នុង​ទីក្រុង​បាងកក រួម​ជាមួយនឹង​អាកាសធាតុ​មិនល្អ​ជាដើម​។ រដ្ឋាភិបាល​ចង់​ស្នើ​ដល់​ប្រជាជន​ឲ្យ​សហការ​ក្នុង​ការ​មិន​បើកបរ ឬ​កាត់​បន្ថយ​ការ​ប្រើប្រាស់​រថយន្ត​ប្រើ​ប្រេងម៉ាស៊ូត​មួយ​រយៈ​ក្នុង​ទីក្រុង​បាងកក និង​ខេត្ត​ជិតខាង »​។

លោក​បាន​បន្ថែម​ថា វា​ច្បាស់​ណាស់​ដែល​ការ​បញ្ចេញ​ជាតិពុល​ពី​រថយន្ត​ទាំងនេះ​បាន​ចូលរួម​ខ្លាំង​ជាងគេ​ដល់​កំណើន​កម្រិត​ធូលី ហើយ​រោងចក្រ​មិនមែន​ជា​កត្តា​បង្ក​ទេ ព្រោះ​ការ​ត្រួតពិនិត្យ​មិន​បាន​ប្រទះ​ឃើញ​មាន​រោងចក្រ​ណាមួយ​ដែល​បញ្ចេញ​ធូលី​ទាំងនេះ​ឡើយ ។

រដ្ឋាភិបាល​បាន​ចេញ​វិធានការ​ជា​ច្រើន​ដើម្បី​ទប់ស្កាត់​ធូលី​ប្រភេទ​នេះ​ដោយ​កាត់​បន្ថយ​រថយន្ត​ដែល​បញ្ចេញ​ផ្សែង​ខ្មៅ បង្កើត​ភ្លៀង​សប្ប​និមិត្ត បាញ់​ទឹក​តាម​ដងផ្លូវ និង​ប្រកាស​ឲ្យ​មានការ​ឈប់​សម្រាក​តាម​សាលារៀន​ដើម្បី​កាត់​បន្ថយ​ការ​ស្ទះចរាចរណ៍​ជាដើម ។

ក្រុមហ៊ុន​ឯកជន​បាន​ចាប់ផ្តើម​អនុញ្ញាត​ឲ្យ​បុគ្គលិក​ធ្វើការ​ពី​ផ្ទះ​មក​ផង​ដែរ ប៉ុន្តែ​វិធានការ​ទាំងនេះ​មិន​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​ទីក្រុង​បាងកក​អាច​ដកដង្ហើម​ដោយ​មិន​មាន​កង្វល់​ឡើយ ។ មនុស្ស​កាន់តែ​ច្រើន​បាន​ចាប់ផ្តើម​ពាក់​ម៉ាស់ ហើយ​កំពុង​តែ​កាត់​បន្ថយ​ការ​ចេញពីផ្ទះ ខណៈ​ដែល​អ្នកមួយ​ចំនួន​ទៀត​ថែម​ទាំង​បាន​ទិញ​ឧបករណ៍​បន្សុទ្ធ​ខ្យល់អាកាស​ផង​ដែរ ។ កម្រិត​PM2.5​បាន​ធ្លាក់​ចុះ​ហើយ ប៉ុន្តែ​មិន​ច្រើន​ទេ ។

នាយកដ្ឋាន​គ្រប់គ្រង​កង្វក់​បរិស្ថាន រួម​ទាំង​គេហទំព័រ​តាមដាន​អាកាសធាតុ​បាន​ឲ្យ​ដឹង​ថា​គុណភាព​ខ្យល់​ក្នុង​ទីក្រុង​បាងកក​នៅ​ស្ថិត​ក្នុង​កម្រិត​សុវត្ថិភាព​នៅឡើយ ប៉ុន្តែ​នៅ​តែ​ផ្តល់​ហានិភ័យ​ដល់​ក្រុម​មួយ​ចំនួន​ដូច​អ្នក​ដែល​មាន​បញ្ហា​សុខភាព មនុស្ស​ចាស់ ស្ត្រី​មាន​ផ្ទៃពោះ និង​ក្មេង​ៗ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ