ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​នៃ​វិស័យ​អចលនទ្រព្យ​អាច​នឹង​ជាប់​គាំង​ដែរ​ឬទេ ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ងើបឡើង​វិញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ជាង​១​ទសវត្សរ៍​មុន​មក វិស័យ​អចលនទ្រព្យ​បាន​បន្ដ​រើប​ឡើង​បន្ដិច​ម្ដង​ៗ​រហូត​ដល់​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​សន្ទុះ​រីក​ចម្រើន​ខ្លាំង​មែនទែន ទាំង​វិស័យ​សំណង់ និង​សកម្មភាព​ទិញ​លក់​ដីធ្លី ។ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នេះ ក៏​មានការ​លើក​ឡើង​ពី​ហានិភ័យ​ដែល​អាច​កើត​មាន​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ងើបឡើង​វិញ​ពី​វិបត្តិ​ហិរញ្ញវត្ថុ​កាលពី​ជាង​១​ទសវត្សរ៍​មុន​មក វិស័យ​អចលនទ្រព្យ​បាន​បន្ដ​រើប​ឡើង​បន្ដិច​ម្ដង​ៗ​រហូត​ដល់​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​សន្ទុះ​រីក​ចម្រើន​ខ្លាំង​មែនទែន ទាំង​វិស័យ​សំណង់ និង​សកម្មភាព​ទិញ​លក់​ដីធ្លី ។ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​នេះ ក៏​មានការ​លើក​ឡើង​ពី​ហានិភ័យ​ដែល​អាច​កើត​មាន​ផង​ដែរ បើ​ទោះជា​អ្នក​នៅ​ក្នុង​វិស័យ​នេះ​មាន​សុទិដ្ឋិនិយម​ពី​ការ​បន្ដ​រីក​លូតលាស់​រយៈពេល​មធ្យម​ទៅ​មុខ​ទៀត​ក៏​ដោយ ។ តើ​ក្នុង​រយៈ​មធ្យម​ទៅ​មុខ វិស័យ​នេះ​នៅ​តែ​បន្ដ​មាន​សុខភាព​ល្អ ឬ​យ៉ាងណា ?

ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លើក​ឡើង​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​រឹង​មាំ ឬ​រីក​ចម្រើន​ទៅ​បាន​ផ្អែក​ទៅ​លើ​កត្តា​សំខាន់​ពីរ គឺ​ការ​ទាក់ទាញ​អ្នក​វិនិយោគ​មក​ពី​បរទេស និង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ប្រព័ន្ធ​ធនាគារ ។ បើ​ធនាគារ​នៅ​តែ​គាំទ្រ​ដូច​សព្វថ្ងៃ វិស័យ​អចលនទ្រព្យ​គឺ​នៅ​តែ​រឹង​មាំ ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​រូប​នេះ បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី ស្ថានភាព​អចលនទ្រព្យ​កម្ពុជា​នៅ​ពេល​បច្ចុប្បន្ន​និង​អនាគត​កាលពី​អំឡុង​ពាក់កណ្ដាល​ខែមករា ថា ៖« ខ្ញុំ​ធ្លាប់​ព្យាករណ៍​ហើយ នៅ​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត វិស័យ​អចលនទ្រព្យ​កម្ពុជា​គ្មាន​បញ្ហា​នោះ​ទេ ។ នៅ​ពេល​៥​ឆ្នាំ​ដំបូង​រឹតតែ​រឹង​មាំ​ល្អ តែ​នៅ​ពេល​ដល់​២០​ទៅ​៣០​ឆ្នាំ យើង​ត្រូវ​ធ្វើការ​ដោយ​ការ​ប្រុង​ប្រយ័ត្ន ។ កំណើន​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​សព្វ​ថ្ងៃនេះ សម្រាប់​ខ្ញុំ​វា​គ្រាន់តែ​សារ​ពញ្ញាក់​ស្មារតី​ឱ្យ​ដឹង​ឬ​ប្រុង​ប្រយ័ត្ន​ប៉ុណ្ណោះ វា​មិន​ទាន់​ដល់​ពេល​បារម្ភ​នោះ​ទេ »​។ លោក​មាន​ប្រសាសន៍​ថា ៖« ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិនិយម​ក្នុង​វិស័យ​នេះ ដោយសារ​តម្លៃ​នៃ​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​នៃ​ការ​រីក​ចម្រើន​ក្នុង​វិស័យ​នេះ​»​។ លោក​ថា ៖« កំណើន​ក្នុង​វិស័យ​នេះ មាន​សុខភាព​ល្អ​ជាង​មុន ទោះជា​អត្រា​តម្លៃ​ស្ថិត​ក្នុង​កំណើន​មធ្យម​ក្តី »​។

លោក វ៉ា វី​រៈ អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ​អន្តរជាតិ និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​Century21 Fortuna Investment​បាន​សម្តែង​សុទិដ្ឋិនិយម​ផង​ដែរ​ថា ដោយសារ​កំណើនសេដ្ឋកិច្ច និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង​ខ្ពស់ លោក​នៅ​តែ​មាន​ជំនឿ​ក្នុង​វិស័យ​នេះ ដែល​នឹង​បន្ត​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ថែម​ទៀត ពិសេស​តម្លៃ​ដីធ្លី​នឹង​បន្ត​ហក់​ឡើង​មួយ​កម្រិត​ទៀត នៅ​ក្នុង​ទីក្រុង ជាយក្រុង និង​បណ្តា​ខេត្ត​ដែល​មាន​សក្តានុពល​សេដ្ឋកិច្ច​ដូច​ជា ខេត្ត​ព្រះ​សីហ​នុ កំពត កែប និង​ខេត្តកោះកុង​ជាដើម ។
លោក​បន្ត​ថា ៖« ចរន្ត​ទិញ​លក់​ដីធ្លី​នឹង​មានការ​កើនឡើង ហេតុនេះ​តម្លៃ​ដីធ្លី​នឹង​សម្រេច​បាន​កំណើន​ខ្ពស់​បន្ថែម​ទៀត »​។

ធនាគារជាតិ​នៃ​កម្ពុជា កាលពីដើម​ខែមករា បាន​ចេញ​របាយការណ៍​មួយ ស្ដី​ពី​ទស្សនវិស័យ​សេដ្ឋកិច្ច​កម្ពុជា ដោយ​ក្នុង​នោះ​មាន​ចំណុច​មួយ​បាន​បញ្ជាក់​ថា កំណើន​ឥណទាន​ទៅ​កាន់​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​តែ​បន្ត​មាន​កម្រិត​ខ្ពស់ ក្នុង​អត្រា​ប្រមាណ​៣១% ហើយ​ការ​កើនឡើង​ល្បឿន​នៃ​វិស័យ​សំណង់​និង​អចលនទ្រព្យ អាច​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​កើនឡើង​ហួស​ពី​តម្រូវការ​ជាក់ស្ដែង និង​អាច​ជា​ហានិភ័យ​សម្រាប់​វិស័យ​ធនាគារ និង​ជំនឿ​ទុកចិត្ត​វិនិយោគិន​ផង​ដែរ ។

យោង​តាម​ធនាគារជាតិ ក្នុង​ឆ្នាំ​២០១៨ ប្រព័ន្ធ​ធនាគារ​និង​ហិរញ្ញវត្ថុ បាន​ចាក់​បញ្ចូល​ឬ​ផ្តល់​ឥណទាន​ទៅ​ក្នុង​វិស័យ​សំណង់ មាន​ប្រមាណ​១៣% ក្នុង​នោះ​ការ​ផ្តល់​ឥណទាន​របស់​គ្រឹះស្ថាន​ធនាគារ​មាន​៩,១% និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ប្រមាណ​៤%​។ របាយការណ៍​ដដែល​បញ្ជាក់​ថា ៖« វិស័យ​អចលនទ្រព្យ​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ ជាមួយ​វិស័យ​ធនាគារ ដោយសារ​ឥណទាន​ភាគច្រើន​ពឹងផ្អែក​លើ​ទ្រព្យ​បញ្ចាំ​ជា​អចលនវត្ថុ​។ ឥណទាន​ទៅ​កាន់​វិស័យ​អចលនទ្រព្យ​បន្ត​មាន​កំណើន​ខ្ពស់​ក្នុង​អត្រា​ប្រមាណ​៣១% ដែល​អាច​បង្កប់​នូវ​ហានិភ័យ​ខ្ពស់ ដោយសារ​ការ​ប្រែប្រួល​ថ្លៃ​នៃ​វិស័យ​អចលនទ្រព្យ ពិសេស ការ​ឆ្លៀតឱកាស​កេង​ចំណេញ និង​ហេតុការណ៍​ផ្សេង​ៗ ។ ក្នុង​ស្ថានភាព​នេះ កំណើន​ទំហំ​ឥណទាន​ទៅ​កាន់​វិស័យ​អចលនទ្រព្យ​អាច​បង្ក​ជា​ហានិភ័យ​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ ប្រសិនបើ​មិន​ទាន់​មានការ​គ្រប់គ្រង​បាន​ល្អ​ប្រសើរ ។

របាយការណ៍​នេះ ក៏​ស្រប​ជាមួយនឹង​សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា លោក លី សូ​ដេ​ត ដែល​បាន​លើក​ឡើង​កាលពី​ខែធ្នូ​ដែរ​ថា វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​បាន​កើន​ឡើងជា​បន្តបន្ទាប់​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ដូច្នេះ វា​នឹង​មាន​វដ្ដ​ពេល​ណា​នោះ គ្មាន​អ្នក​ណា​អាច​ដឹង​បាន​ឡើយ តែ​យ៉ាងណា វិនិយោគិន និង​រាជរដ្ឋាភិបាល ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ពី​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ បើ​មិន​ចង់​ឲ្យ​មាន​បញ្ហា​ធ្ងន់​ដល់​សេដ្ឋកិច្ចកម្ពុជា ។

លោក​បាន​ថ្លែង​ថា ៖« ចាប់តាំងពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក វិស័យ​សំណង់​និង​អចលនទ្រព្យ បាន​កើនឡើង​រហូត ដូច្នេះ​កំណើន​នេះ​មិន​ប្រាកដ​ថា វា​នឹង​កើនឡើង​បន្ត​ទៀត​រហូត​នោះ​ទេ ព្រោះ​វិស័យ​សំណង់ និង​អចលនទ្រព្យ តែងតែ​ឆ្លងកាត់​នូវ​ខួប​របស់​វា មាន​ន័យ​ថា នៅ​ពេល​វា​ឡើង​ដល់​ចំណុចកំពូល វា​នឹង​ធ្លាក់​ចុះ​មក​វិញ តែ​គ្មាន​នរណា​ម្នាក់​អាច​ដឹង​ថា វា​ដល់​កំពូល​នៅ​ពេល​ណា​នោះ​ទេ ហើយ​សម្រាប់​បច្ចុប្បន្ន​នេះ តម្លៃ​អចលនទ្រព្យ និង​សំណង់​ក៏​កំពុង​តែ​មាន​កំណើន​ខ្លាំង ដែល​ធ្វើ​ឲ្យ​ការ​ទទួល​កម្ចី​ពី​ធនាគារ កាន់តែ​ច្រើន និង​អាច​មាន​ហានិភ័យ​កាន់តែ​ខ្ពស់ ដូច្នេះ​ត្រូវ​ការពារ​ឲ្យ​បាន​នូវ​សុខភាព​វិស័យ​ហិរញ្ញវត្ថុ ដើម្បី​ការពារ​បញ្ហា​សេដ្ឋកិច្ច » ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ