ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​អចលនទ្រព្យ នៅ​មានឱកាស​ខ្ពស់ សម្រាប់​បម្រើ​ឱ្យ​វិស័យ នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​វិស័យ​អចលនទ្រព្យ​នៅ​តែ​មាន​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ និង​វិនិយោគិន​តម្រូវការ​អ្នកជំនាញ​ប្រឹក្សា ផ្ដល់​សេវា​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ​ក៏​នៅ​តែ​មាន​ខ្ពស់ ដែល​ជា​ឱកាស​មួយ​សម្រាប់​ក្រុមហ៊ុន​ក្នុង​និង​ក្រៅប្រទេស ក្នុង​ការ​ពង្រីក​សេវា​របស់​ខ្លួន ដើម្បី​ផ្ដល់​ជូន​អ្នក​វិនិយោគ និង​ម្ចាស់​អចលនទ្រព្យ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​វិស័យ​អចលនទ្រព្យ​នៅ​តែ​មាន​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ និង​វិនិយោគិន​តម្រូវការ​អ្នកជំនាញ​ប្រឹក្សា ផ្ដល់​សេវា​ពាក់ព័ន្ធ​នឹង​វិស័យ​នេះ​ក៏​នៅ​តែ​មាន​ខ្ពស់ ដែល​ជា​ឱកាស​មួយ​សម្រាប់​ក្រុមហ៊ុន​ក្នុង​និង​ក្រៅប្រទេស ក្នុង​ការ​ពង្រីក​សេវា​របស់​ខ្លួន ដើម្បី​ផ្ដល់​ជូន​អ្នក​វិនិយោគ និង​ម្ចាស់​អចលនទ្រព្យ ។

បើ​តាម​លោក គុយ វ៉ា​ត ប្រធាន​ក្រុមហ៊ុន​ប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​នាំ​ចូល​សិទ្ធិ​អាជីវកម្ម​ពី​ប្រទេស​អា​មេ​រិ​ក Century 21 Cambodia បាន​ឲ្យ​ដឹង​ថា លោក​នៅ​តែ​មើលឃើញ​ថា វិស័យ​អចលនវត្ថុ​កម្ពុជា មាន​សក្ដានុពល​សម្រាប់​ពង្រីក និង​អភិវឌ្ឍន៍​បន្ត​ទៀត ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ និង​ឆ្នាំទៅ​មុខ​ៗ​ទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​តម្រូវការ អ្នកជំនាញ ប្រឹក្សា និង​អ្នក​ផ្ដល់​សេវា​ទិញ​លក់ ជួល​អចលនទ្រព្យ​កាន់តែ​ច្រើន ។ លោក​បន្ដ​ថា ៖« យើង​អាច​មើល​ដឹង​ថា វិស័យ​អចលនវត្ថុ​មាន​សក្ដានុពល​ខ្ពស់ តាម​រយៈ​ការ​រីក​ដុះដាល​នៃ​វិស័យ​សំណង់ និង​ការ​ឡើងថ្លៃ​ជា​បន្តបន្ទាប់ នៃ​តម្លៃ​ដីធ្លី ជា​ពិសេស​ដីធ្លី នៅ​តំបន់​ជាង​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត »​។

លោក​បន្ត​ថា ក្នុង​ពេល​វិស័យ​នេះ កំពុង​រីក​លូតលាស់​ដូច្នេះ តម្រូវការ​សេវាកម្ម​អចលនទ្រព្យ ដូច​ជា​ប្រឹក្សា ទិញ​លក់ និង​ជួល​អចលនទ្រព្យ នៅ​កម្ពុជា ក៏​កំពុង​តែ​មាន​តម្រូវការ​ខ្ពស់​ដូច​គ្នា និង​ជា​ឱកាស​សម្រាប់​ការ​ពង្រីក​ខ្លួន ហើយ​ជាក់ស្ដែង ចាប់តាំងពី Century 21 Cambodia បាន​ពង្រីក​សាខា​ផ្ដល់​សេវាកម្ម​អចលនទ្រព្យ​ជា​បន្តបន្ទាប់ តាំងពី​សាខា​១​រហូត​ដល់​បង្កើត​សាខា​៤​នៅ​កម្ពុជា ហើយ​ក៏​មាន​ក្រុមហ៊ុន​ជា​ច្រើន​ទៀត បាន​និង​កំពុង​ពង្រីក​ខ្លួន​ដូច​គ្នា ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា បើ​ក្រលេក​ទៅ​មើល​សក្ដានុពល​វិនិយោគ​លើ​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា ធៀប​នឹង​បណ្ដា​ប្រទេស​ជិតខាង​ក៏​ដូច​ជា​ប្រទេស​នានា ក្នុង​តំបន់​អាស៊ាន ជាក់ស្ដែង បើ​និយាយ​ពី​តម្លៃ​ដីធ្លី​នៅ​កម្ពុជា មាន​ខ្ពស់​បំផុត​ត្រឹមតែ​ជាង​៧​ពាន់​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​មាន​តិច​បំផុត ខណៈ​នៅ​ប្រទេស​ថៃ វា​បាន​ឡើង​ដល់​ជាង​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយ ក្នុង​មួយ​ម៉ែត្រការ៉េ ។ លោក​បន្ត​ថា នៅ​កម្ពុជា នៅ​មាន​ដី​ទំនេរ​ច្រើន សម្រាប់​ការ​ពង្រីក​និង​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ ដែល​មិន​ទាន់​ចង្អៀត​នោះ​ទេ ហើយ​ទាំងនេះ គឺជា​ឱកាស​សម្រាប់​អ្នក​ដែល​មាន​ជំនាញ ក្នុង​វិស័យ​អចលនទ្រព្យ សម្រាប់​ផ្ដល់​សេវាកម្ម ប្រឹក្សា ទិញ​លក់ និង​ជួល​ជាដើម​។ លោក​ថា ៖« បើ​ក្រលេក​ទៅ​មើល​ការ​ទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា ភាគច្រើន​មិន​បាន​ឆ្លងកាត់​អ្នកជំនាញ ឬ​ក្រុមហ៊ុន​ជំនាញ​នោះ​ទេ គឺ​ធ្វើ​ឡើង​តាម​រយៈ​ផ្ទាល់​ៗ​តែ​ម្ដង និង​បាន​ធ្វើ​ឲ្យ​ការ​ទិញ​លក់​នេះ​មាន​ភាព​យឺតយ៉ាវ ឬ មិន​ស្រប​ទៅ​តាម​ទីផ្សារ » ។

លោក​បញ្ជាក់​ថា សក្ដានុពល​អភិវឌ្ឍន៍​អចលនទ្រព្យ នៅ​ភ្នំពេញ នា​ពេល​នេះ​មាន​ស្ទើរ​គ្រប់កន្លែង​ទាំងអស់ ដោយសារ​តែ​កំណើន​នៃ​វិនិយោគិន​មក​ពី​ក្រៅប្រទេស និង​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស មាន​ភាពល្អ​ប្រសើរ ជា​ពិសេស​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​ផ្ទាល់​តែ​ម្ដង ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​មកនេះ​គឺ​មាន​ភាពល្អ​ប្រសើរ ដែល​ជា​កត្តា​ទាក់ទាញ​វិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស​មក​អភិវឌ្ឍន៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ