ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សា​រ័​ត្ន ឡូយ​មែន អាច​ធ្វើ​ឱ្យជើង​ខ្លាំង​ថៃ​បោះបង់​ការ​ប្រកួត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​កម្ពុជា រឿង សា​រ័​ត្ន ត្រូវ​បាន​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​កម្ពុជា រឿង សា​រ័​ត្ន ត្រូវ​បាន​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​គេ​អាច​បញ្ចេញ​សមត្ថភាព​វាយ​ឱ្យ​កីឡាករ​ថៃ Soeur Suon ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ជើង​ខ្លាំង​ម្នាក់ ឱ្យ​រាប់​២​លើក​ក្នុង​ទឹក​ទី​៣ និង​វាយ​ឱ្យ​រាប់​ម្ដងទៀត​នៅ​ទឹក​ទី​៤ ហើយ​វាយ​ឱ្យ​បោះបង់​ការ​ប្រកួត​តែ​ម្ដង ក្នុង​ទឺ​ក​ទី​៤​ដដែល​នោះ​។

ជ័យជម្នះ​របស់​លោក​បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ប៉ុន្តែ​ក៏​ត្រូវ​បាន​ភាគី​ថៃ​អះអាង​ថា​បាន​ឈ្នះ​ដោយសារ​តែ​កីឡាករ​ថៃ​ជិះឡាន​ផ្លូវ​ឆ្ងាយ​ខ្លាំង​ពេក ហើយ​មិន​ស៊ាំ​នោះ​ផង​ដែរ​។ ការ​ប្រកួត​ដែល​ទើប​បញ្ចប់​ទៅ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ កីឡាករ រឿង សា​រ័​ត្ន មិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ឈ្នះ​យ៉ាង​មាន​មោទនភាព​ដល់​ម្លឹ​ង​នោះ​ទេ ដោយសារ​តែ​កីឡាករ​ត្រូវ​គេ​ស្គាល់​ថា ជា​កីឡាករ​ល្អ​ម្នាក់​ប្រចាំ​ប្រទេស​ថៃ ហើយ​បើ​និយាយ​ពី​ប្រវត្តិ​ដែល​កីឡាករ​រូប​នេះ​ធ្លាប់​ប្រកួត​កន្លង​មក ក៏​កម្រ​បរាជ័យ​។

អ្នកគាំទ្រ​ភាគច្រើន​បាន​ត្រឹមតែ​រំពឹង​ថា កីឡាករ​កម្ពុជា នឹង​ស្មើ ឬ​ឈ្នះ​ដោយ​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ឱ្យ​ឈ្នះ​ដោយ​វាយ​ឱ្យ​កីឡាករ​ថៃ​សន្លប់​បែប​នេះ គឺ​ពិតជា​រឿង​ភ្ញាក់ផ្អើល​។ ស្របគ្នា​ដែល​ទឹក​ទី​១ និង​ទឹក​ទី​២ កីឡា​ករ​ថៃ​បញ្ចេញ​សមត្ថភាព​វាយ​ចេញ​បាន​ល្អ ហើយ​ធ្វើ​ឱ្យ រឿង សា​រ័​ត្ន ពិបាក​ក្នុង​ការ​វាយលុក​ផង ទើប​អ្នក​គាំទ្រ​រឹតតែ​មិន​ហ៊ាន​សង្ឃឹម​ច្រើន​។ យ៉ាងណាមិញ អាច​ថា​ជា​រឿង​សំណាង​ផង​ដែរ ដែល​ក្នុង​ទឹក​ទី​៣ កីឡាករ​កម្ពុជា វាយ​ត្រូវ​ចុងដង្ហើម​របស់​ថៃ ហើយ​បណ្ដាល​ឱ្យ​ថៃ​ត្រូវ​រាប់​ម្ដង​ភ្លាម​ៗ ដែល​ធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​កាន់តែ​មាន​កម្លាំងចិត្ត​។ សម្អាង​លើ​កីឡាករ​ថៃ​បាក់កម្លាំង​ក្រោយ​រាប់​មួយ​លើក កីឡាករ រឿង សា​រ័​ត្ន វាយ​សម្រុក​ភ្លាម​ៗ​បណ្ដាល​ឱ្យ​កីឡាករ​ថៃ​រាប់​ម្ដងទៀត​ភ្លាម​ៗ ហើយ​បច្ចេកទេស​ទាក់​ចំ​ក្រោម​ចង្ការ​របស់​លោក គឺ​ប៊ិះ​នឹង​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ត្រូវ​រាប់​ម្ដងទៀត ប៉ុន្តែ​សំណាង​ដល់​ម៉ោង​សម្រាក​ទាន់​។

យ៉ាងណាមិញ ក្នុង​ទឹក​ទី​៤ កីឡាករ​កម្ពុជា​នៅ​តែ​បន្ត​វាយ​សម្រុក​បាន​ល្អ ដោយ​ចាប់ផ្ដើម​ធាក់​ផ្ងើយ​ចង្កា​របស់​កីឡាករ​ថៃ​ម្ដង​ជា​២​ដង រហូត​ធ្វើ​ឱ្យ​កីឡាករ​ថៃ​ត្រូវ​រាប់​ជា​លើក​ទី​៣ ហើយ​ឈាន​ដល់​ការ​បោះបង់​ការ​ប្រកួត​តែ​ម្ដង​។ កីឡាករ រឿង សា​រ័​ត្ន សប្បាយចិត្ត​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​យកឈ្នះ ប៉ុន្តែ​ក៏​ត្រូវ​បាន​អ្នក​ដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត បញ្ជាក់​ថា គឺ​ឈ្នះ​ដោយសារ​តែ​កីឡាករ​របស់​ខ្លួន​ជិះឡាន​ផ្លូវ​ឆ្ងាយ ហើយ​ដេក​មិន​លក់​ស្រួល ដែល​បណ្ដាល​ឱ្យ​គេ​ពិបាក​ប្រមូល​កម្លាំង​សម្រាប់​ការ​ប្រកួត​នោះ​តែ​ប៉ុណ្ណោះ​។

អីុចឹង​ហើយ​ទើប​អ្នក​រៀបចំ​ការ​ប្រកួត​ប្រកាស​ថា នឹង​ឱ្យ​អ្នក​ទាំង​ពីរ​ប៉ះ​គ្នា​ជា​លើក​ទី​២​ក្នុង​ពេល​ឆាប់​ៗ ដើម្បី​កុំឱ្យ​ភាគី​ម្ខាង​ប្រកាស​ថា​ជា​រឿង​ភ្លាត់ស្នៀត ក្នុង​ពេល​ដែល​ភាគី​ខាង​កម្ពុជា​សរសើរ​ថា រឿង សា​រ័​ត្ន មិនធម្មតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ