ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ឆ្លើយ​តប​នឹង​សំណើសុំ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណើសុំ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ពី​ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម និង​ក្រសួង​ការងារ ត្រូវ​បាន​ឆ្លើយ​តប​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ហើយ ។ លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សំណើសុំ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ពី​ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម និង​ក្រសួង​ការងារ ត្រូវ​បាន​ឆ្លើយ​តប​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ហើយ ។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៣១ មក​រា ម្សិលមិញ ថា បញ្ហា​ថ្ងៃ​ឈប់​សម្រាក​ច្រើន​នៅ​កម្ពុជា​នេះ លោក​និង​លោក​អុ​ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ស្នើ​ទៅ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​ជា​ការ​ឆ្លើយ​តប​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ឯកភាព​នឹង​ទទួលយក​ទៅ​សិក្សា ដែល​នេះ​ជា​សញ្ញា​ភ្លើង​ខៀវ​មួយ​សម្រាប់​កម្ពុជា ។

លោក​បន្ត​ថា ៖« ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក ជា​ការ​ចូលរួម​កាត់​បន្ថយ​ថ្លៃដើម​ក្នុង​ការ​ផលិត ហើយ​នៅ​កម្ពុជា​មាន​បញ្ហា​រឿង​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ជាងគេ ដោយ​មួយ​ឆ្នាំ​មាន​ចំនួន​២៨​ថ្ងៃ​នៅ​ឆ្នាំ​២០១៩​នេះ »​។ លោក​បន្ថែម​ថា ៖« បើ​ថ្ងៃ​ឈប់​សម្រាក​ចំ​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ​ហើយ​លើក​ថ្ងៃ​ទៀត គឺជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​មានការ​ស្ទះ​សង្វា​ក់​ផលិតកម្ម​មួយ​ចំនួន »​។ លោក​ឧកញ៉ា លឹ​ម ហេង បាន​បញ្ជាក់​ថា ៖«ប្រាក់ខែ​គោល​របស់​កម្មករនិយោជិត​ឥឡូវ​ខ្ពស់​ហើយ ហេតុនេះ​គួរ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ខ្លះ ហើយ​ខ្ញុំ​រំពឹង​ថាស​ម្តេច​តេ​ជោ​លោក​នឹង​ពិចារណា​លើ​រឿង​នេះ »​។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក​អូន ព័ន្ធ​មុនី​រ័​ត្ន បាន​មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​៣០ ខែមករា កន្លង​មក​ថា រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​ពិភាក្សា​អំពី​ថ្ងៃ​ឈប់​សម្រាក​ឡើង​វិញ​នា​ពេល​ខាង​មុខ​នេះ ។ ទោះជា​យ៉ាងណា លោក​មិន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ថា ពេល​ណា​ដែល​កិច្ច​ពិភាក្សា​នឹង​ត្រូវ​រៀបចំ​ឡើង​នោះ​ទេ ។ យោង​តាម​ប្រតិទិន​ឈប់​សម្រាក​ប្រចាំឆ្នាំ​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ កម្ពុជា​មាន​ថ្ងៃ​បុណ្យ ដែល​ត្រូវ​ឈប់​សម្រាក​ប្រចាំឆ្នាំ​របស់​កម្ពុជា​មាន​ចំនួន​២៨​ថ្ងៃ ដែល​ចំនួន​នេះ​មិន​ទាន់​រាប់​បញ្ចូល​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ​ឬ​ថ្ងៃ​បន្ថែម​នោះ​ទេ ។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី លោក​បណ្ឌិត អុ​ិ​ន ចាន់​នី បាន​ថ្លែង​កន្លង​មក​ថា ការ​ឈប់​សម្រាក​ច្រើន​នៅ​កម្ពុជា មិន​មាន​អ្វី​ខាតបង់​នោះ​ទេ ប៉ុន្តែ​ផ្តល់​ផល​ចំណេញ​ទៅ​វិញ​ទេ ដោយសារ​វា​ធ្វើ​ឲ្យ​ធនធានមនុស្ស​របស់​យើង​កាន់តែ​មាន​ថាមពល សុខភាព​ល្អ និង​ធ្វើ​ឲ្យ​ការងារ​មាន​ប្រសិទ្ធភាព ពេល​ពួក​គេ​ត្រឡប់​មក​ធ្វើការ​វិញ ។ លោក​បន្ត​ថា ការ​ឈប់​សម្រាក​ច្រើន​ឆ្លុះ​បញ្ចាំង​ពី​កត្តា​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា​ផង​ដែរ ។ លោក​បន្ត​ថា ៖« ការ​ឈប់​សម្រាក​ការងារ មិនមែន​ឈប់​ទាំងអស់​គ្នា​ទេ ព្រោះ​ផ្នែក​ខ្លះ​ដូច​ជា​ភោជនីយដ្ឋាន និង​សណ្ឋាគារ​មិន​បាន​ឈប់​ទេ តែ​បង្កើន​ឱកាស​ការងារ ដើម្បី​ផ្តល់​សេវាកម្ម​ដល់​ភ្ញៀវ​ទេសចរ » ។ លោក​បន្ត​ទៀត​ថា ៖« តាម​ន័យ​ទេសចរណ៍ គេ​ចង់​បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ឈប់​សម្រាក ដើរ​កម្សាន្ត​ច្រើន និង​ចំណាយ​ច្រើន ដែល​នេះ​បង្ក​ឲ្យ​មាន​ចលនា​សេដ្ឋកិច្ច​កាន់តែ​រស់​រវើក » ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ដែរ​ថា ការ​ឈប់​សម្រាក​ច្រើន​មាន​ចំណេញ និង​ខាត ប៉ុន្តែ​បើ​និយាយ​ពី​ផ្នែក​ទេសចរណ៍​គឺ​ចំណេញ ព្រោះ​ប្រជាពលរដ្ឋ​ចេញ​ដើរ​កម្សាន្ត​ច្រើន និង​ចំណាយ​ប្រាក់​ច្រើន មាន​ពេលវេលា​ចាយ​លុយ​ច្រើន តែ​ផ្ទុយ​ទៅ​វិញ​សម្រាប់​សហគ្រាស ផលិតកម្ម​នានា ការ​ឈប់​សម្រាក​ច្រើន ធ្វើ​ឲ្យ​ពួក​គេ​ខាតបង់​ផលិតភាព ។ លោកស្រី​បន្ត​ថា ៖« ហេតុនេះ រោងចក្រ សហគ្រាស​ឬ​ក្រុមហ៊ុន​មួយ​ចំនួន មិន​គួរ​លើក​ថ្ងៃ​ធ្វើការ​បន្ថែម​ទៀត​នោះ​ទេ ព្រោះ​យើង​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​រួច​ទៅ​ហើយ » ។
លោកស្រី​បន្ថែម​ថា ៖« មាន​អ្នក​វិនិយោគ​បរទេស​មួយ​ចំនួន ពួក​គេ​បាន​រអ៊ូរទាំ​ពី​កម្ពុជា​ថា​ជា​ប្រទេស​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​ពេក » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ