ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រាន​ចោលការ​ចោទប្រកាន់​ថា កម្ពុជា​ចង់​ធ្វើ​វិ​សោ​ន​កម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ក្លាយជា​សាធារណរដ្ឋ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជាន់​គណបក្សកាន់អំណាច​បាន​ប្រកាស​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​ថា កម្ពុជា​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ផ្លាស់​ប្តូរ​របប​ពី​រាជា​និយម ទៅ​ជា​របប​សាធារណៈរដ្ឋ និង​ទទួលយក​កងទ័ព​បរទេស​ដាក់​ឈរជើង​នៅ​កម្ពុជា ។ លោក សុខ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជាន់​គណបក្សកាន់អំណាច​បាន​ប្រកាស​ច្រានចោល​ចំពោះ​ការ​លើក​ឡើង​ថា កម្ពុជា​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ផ្លាស់​ប្តូរ​របប​ពី​រាជា​និយម ទៅ​ជា​របប​សាធារណៈរដ្ឋ និង​ទទួលយក​កងទ័ព​បរទេស​ដាក់​ឈរជើង​នៅ​កម្ពុជា ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ កុម្ភៈ​ថា ទោះបី​មានការ​បញ្ជាក់​ជា ច្រើន​ដង​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​មាន​សមត្ថកិច្ច​នានា​យ៉ាងណា​ក៏​ដោយ​ក៏​មាន​ជនបរទេស និង​អ្នកវិភាគ​រត់ចោលស្រុក​នៅ​តែ​និយាយ​ចោទប្រកាន់​ទាំង​បំពាន​ការ​ពិត​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បង្ខិតបង្ខំ​ព្រះមហាក្សត្រ​ឲ្យ​ព្រះ​អង្គ​ដាក់រាជ្យ និង​ចង់​បង្កើត​របប​សាធារណរដ្ឋ ហើយ​ចង់​បើកផ្លូវ​អនុញ្ញាត្ត​ឲ្យ​មានការ​តាំង​មូលដ្ឋាន​យោធា​បរទេស​នៅ​ក្នុង​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀត​ផង ។

លោក​បន្ត​ថា រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាត្រា​១៥៥​ពីរ​ជំពូក​ទី​១៦​ថ្មី​ពីរ​ហាម​មិន​ឲ្យ​ធ្វើ​វិសោធនកម្ម​ដែល​ប៉ះពាល់​ដល់​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ហុប​ក្ស​ជា​ដាច់ខាត ។ លោក​ក៏​បាន​លើក​ឡើង​ថា មាត្រា​៥៣​ជំពូក​ទី​៤ ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​នយោបាយ​អ​ព្យា​ក្រឹត្យ​អចិន្ត្រៃយ និង​មិន​ចូលបក្ស​សម្ព័ន្ធ ។

ព្រះរាជាណាចក្រ​កម្ពុជា​មិន​ចងសម្ព័ន្ធ​យោធា ប្ញចូល​ក្នុង​កិច្ចព្រមព្រៀង​យោធា​ណាមួយ​ដែល​មិន​ស្រប​នឹង​អ​ព្យា​ក្រឹត្យ​ភាព​របស់​ខ្លួន​ឡើយ ។ លោក​និយាយ​ថា ព្រះរាជាណាចក្រ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ​លើកលែងតែ​ក្នុង​ក្រប​ខណ្ឌ​នៃ​សំណូមពរ​របស់​អង្គការសហប្រជាជាតិ ។

ដោយហេតុ​នេះ​គ្មាន​ទេ ការ​ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដូច​ការ​និយាយ​ចោទប្រកាន់​ដោយ​អគតិ​របស់​ពួក​ជនបរទេស​ខ្លះ និង​អ្នកវិភាគ​រត់ចោលស្រុក​នោះ​ឡើយ ។ លោក​បន្ថែម​ថា ការ​និយាយ​លាប​ពណ៌ និង​ចោទ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រាន់តែ​ជា​ការ​មួលបង្កាច់​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​ថា រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន និង​កំពុង​ត្រូវ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នោះ ។

សូម​ជម្រាប​ថា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ច្រានចោល​នូវ​សេចក្តីថ្លែងការណ៍​មួយ របស់​ស្ថាប័ន​ចារកម្ម​សហរដ្ឋអាមេរិក​ដែល​ថា កម្ពុជា​កំពុង​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះទៅ​រក​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​ឱ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​លើ​ទឹកដី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ