ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលការណ៍​ធ្វើ​ជំនួញ​របស់​មហាសេដ្ឋី Warren Buffett

5 ឆ្នាំ មុន

គោលការណ៍​នៃ​ការ​ធ្វើ​ជំនួញ​របស់​លោក Warren Buffett ត្រូវ​បាន​គេ​ទទួលស្គាល់​យ៉ាង​ទូលំ​ទូលាយ​​រាប់​សិប​ឆ្នាំ​មក​ហើយ តើ​ទស្សនៈ​របស់​លោក​មាន​អ្វីខ្លះ យើង​មក​អាន​ចំណុច​ដូច​ខាងក្រោម​ទាំងអស់​គ្នា ៖ ១-​ផ្តល់​តម្លៃ​ដល់​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​អ្នក ៖…

គោលការណ៍​នៃ​ការ​ធ្វើ​ជំនួញ​របស់​លោក Warren Buffett ត្រូវ​បាន​គេ​ទទួលស្គាល់​យ៉ាង​ទូលំ​ទូលាយ​​រាប់​សិប​ឆ្នាំ​មក​ហើយ តើ​ទស្សនៈ​របស់​លោក​មាន​អ្វីខ្លះ យើង​មក​អាន​ចំណុច​ដូច​ខាងក្រោម​ទាំងអស់​គ្នា ៖

១-​ផ្តល់​តម្លៃ​ដល់​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​របស់​អ្នក ៖ « យើង​ប្រើ​ពេលវេលា​២០​ឆ្នាំ​ក្នុង​ការ​បង្កើត​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង ប៉ុន្តែ​យើង​អាច​បំផ្លាញ​វា​ទាំងអស់​ត្រឹមតែ​៥​នាទី ។ ប្រសិនបើ​អ្នក​រំលឹក​ដល់​វា អ្នក​នឹង​ធ្វើ​រឿង​ខុស​គ្នា » វា​ជា​រឿង​ពិត​ក្នុង​សង្គម ព្រោះ​លោក Warren Buffett ណែនាំ​ជា​និច្ច​ថា យើង​គួរ​បង្កើត​គុណ​តម្លៃ​ដល់​ខ្លួនឯង និង​ក្រុមហ៊ុន​របស់​យើង​ឱ្យ​បាន​ច្រើន​បំផុត ព្រមទាំង​បង្កើត​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​សម្រាប់​អ្វី​ដែល​យើង​មាន ។

វា​អាស្រ័យ​លើ​ពេលវេលា​យូរ ដូច្នេះ មុន​នឹង​ធ្វើ​អ្វី គួរ​គិត​ឱ្យ​បាន​ល្អជា​មុន​សិន ប្រសិនបើ​យើង​មាន​ស្មារតី​សញ្ជឹងគិត​លើ​រឿង​នេះ​ដោយ​ប្រុង​ប្រយ័ត្ន យើង​នឹង​ធ្វើ​រឿង​ដែល​ខុស​ប្លែក​គ្នា ហើយ​អាច​នឹង​មិន​ធ្វើ​រឿង​គ្រាន់តែ​ជា​អារម្មណ៍មិនល្អ​រយៈពេល​ខ្លី តែ​វា​អាច​បំផ្លាញ​គ្រប់យ៉ាង​ដែល​អ្នកមាន​តែ​ក្នុង​មួយប៉ប្រិចភ្នែក ។

២-​ធ្វើការ​ដើម្បី​អនាគត​ល្អ ៖ « មនុស្ស​មួយ​ចំនួន​បាន​អង្គុយ​នៅ​ក្រោម​ម្លប់​ក្នុងថ្ងៃនេះ ក៏​ព្រោះតែ​ធ្លាប់​មាន​អ្នក​ដាំ​ដើមឈើ​នេះ​ជា​យូរ​មក​ហើយ » ប្រសិនបើ​យើង​ចង់​មាន​អនាគត​ល្អ ហេតុនេះ​គួរតែ​ចាប់ផ្តើម​បណ្តុះ​គ្រាប់ពូជ​ចាប់ពី​ថ្ងៃនេះ​ទៅ ព្រោះ​អ្វី​ដែល​ធ្វើ​ឱ្យ​យើង​មាន​ក្តី​សុខ​ក្នុងថ្ងៃនេះ គឺជា​ផល​នៃ​គ្រាប់ពូជ​ដែល​ធ្លាប់​បាន​បណ្តុះ​កាលពី​ពេល​មុន មិន​ថា​ជា​រឿង​ល្អ ឬ​មិនល្អ ។ រឿង​ដែល​បាន​ធ្វើ​ពី​អតីតកាល គឺជា​ផល​នៃ​បច្ចុប្បន្ន ដូច្នេះ​ប្រសិនបើ​ពេល​នេះ យើង​ព្រម​ធ្វើ​អ្វីមួយ​ដែល​អាច​នឹង​នឿយហត់​បន្តិច​ដើម្បី​អនាគត វា​គង់តែ​ល្អ​ជាង​មិន​ធ្វើ​អ្វី​សោះ ។

៣-​បំពេញ​គុណ​តម្លៃ ៖ « រឿង​ដែល​ចំណាយ​ទៅ​គឺ​តម្លៃ តែ​អ្វី​ដែល​បាន​មក​វិញ គឺ​គុណ​តម្លៃ​របស់​វា » នៅ​​​​ពេល​យើង​ទិញ​អ្វីមួយ ព្រោះតែ​យើង​ពេញចិត្ត​នូវ​គុណ​តម្លៃ​របស់​វា​មែន​ទេ ? មិន​ថា​ជា​សម្ភារ​ឬ​សេវា​ក្តី ។ នេះ​ជា​គំនិត​ដែល​យក​មក​ប្រើ​ជាមួយ​ទំនិញ ឬ​សេវា​របស់​យើង​បាន​ដូច​គ្នា ព្រោះ​អ្នក​ដទៃ​នឹង​មើល​ឃើញ​គុណ​តម្លៃ​របស់​ទំនិញ និង​សេវាកម្ម​នោះ​ច្រើន​ប៉ុនណា វា​អាស្រ័យ​លើ​យើង​ផ្តល់​គុណ​តម្លៃ​នៃ​ទំនិញ និង​សេវាកម្ម​បាន​គ្រប់គ្រាន់​ឬ​នៅ ។

៤-​ជ្រើសរើស​សេពគប់​មិត្តភក្តិ​ល្អ ៖ « វា​ជា​ការ​ប្រសើរ បើ​អាច​សេពគប់​ស្និទ្ធស្នាល​ជាមួយ​មនុស្ស​ដែល​ល្អ​ជាង​យើង ។ ចូរ​ជ្រើសរើស​សេពគប់​ក្រុម​មិត្តភក្តិ​ដែល​មាន​ទម្លាប់​ល្អ ហើយ​យើង​នឹង​ត្រូវ​នាំ​ទៅ​រក​ផ្លូវ​តែ​មួយ » ប្រសិនបើ​យើង​ចង់​ទទួល​បាន​ជោគជ័យ គឺ​គួរតែ​សេពគប់​ជាមួយ​បុគ្គល​ជោគជ័យ ព្រោះ​មនុស្ស​យើង​មាន​និន្នាការ​ទៅ​រក​ទម្លាប់ ដូច​អ្នក​ដែល​យើង​ប្រើ​ពេលវេលា​នៅ​ជាមួយ​ច្រើន​បំផុត ដូច​ជា​ពាក្យ​ថា « យើង​រមែងតែ​មាន​តម្លៃ​ស្មើ​ជាមួយ​មនុស្ស​ដែល​ជិត​ស្និទ្ធ​បំផុត​៥​នាក់ » ។

អាច​សាកល្បង​ពិចារណា ព្រោះ​នេះ​ជា​ការ​ពិត​របស់​មនុស្ស ដូច្នេះ Warren Buffett បាន​ណែនាំ​ឱ្យ​យើង​ជ្រើសរើស​សេពគប់​មនុស្ស​ដែល​យើង​ចង់​ក្លាយជា ដូច​ជា​បុគ្គល​ជោគជ័យ និង​មាន​ទម្លាប់​ល្អ​ជាង​យើង ។​ល​។ ហើយ​មនុស្ស​ទាំងនេះ​នឹង​មាន​និន្នាការ​អភិវឌ្ឍន៍​ខ្លួន​យើង​ផង​ដែរ ។

៥-​សេចក្តី​អំណត់ គឺជា​កូនសោ​សំខាន់ ៖ « មិន​ថា​យើង​នឹង​ឆ្លាត ឬ​ព្យាយាម​កម្រិត​ណា រឿង​ខ្លះ​ក៏​ត្រូវ​ប្រើ​ពេលវេលា​ផង​ដែរ » ក្រៅពី​សមត្ថភាព​ឬ​ការ​ខិតខំ និង​សេចក្តី​ព្យាយាម ការ​ធ្វើ​អ្វីមួយ​ចំនួន​វា​អាស្រ័យ​លើ​ពេលវេលា​សម​ស្រប​ផង​ដែរ ។ ដូច្នេះ ក្រៅពី​ការ​ព្យាយាម និង​សមត្ថភាព​របស់​យើង រឿង​មួយទៀត​ដែល​ត្រូវ​មាន គឺ​សេចក្តី​អំណត់ និង​ការ​រង់ចាំ ។

៦-​ហ៊ាន​ប្រថុយ (​បន្ទាប់​ពី​វិភាគ​បាន​ល្អ​ហើយ​) ៖ « ការ​ប្រថុយ​មក​ពី​យើង​មិនដឹង​ថា​កំពុង​តែ​ធ្វើ​អ្វី » ជា​ការ​ពិត មុខ​ជំនួញ​មាន​ភាព​ប្រថុយប្រថាន តែ Warren Buffett ជឿ​ថា នឹង​ប្រថុយ​ច្រើន ឬ​តិច វា​អាស្រ័យ​​តើ​យើង​បាន​គណនា វិភាគ​បាន​ល្អ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​ចំពោះ​រឿង​ដែល​នឹង​ធ្វើ​នោះ ។ ដូច្នេះ វា​ល្អ​ជាង​ដែល​យើង​នឹង​គិតពិចារណា វិភាគ​យ៉ាង​ហ្មត់ចត់​មុន​នឹង​សម្រេចចិត្ត​ប្រឈម​នឹង​ការ​ប្រថុយ ជា​ជាង​ការ​ភ័យ​ខ្លាច​ហើយ​មិន​ហ៊ាន​ប្រថុយធ្វើ​អ្វី ឬ​ក៏​ធ្វើ​ទៅ​ដោយ​មិន​បាន​គិត​ទុកជា​មុន ។

៧-​ធ្វើ​អ្វី​ដែល​ស្រឡាញ់ ៖ « វា​នឹង​មាន​ពេលវេលា​ដែល​យើង​គួរ​ធ្វើ​រឿង​ដែល​ខ្លួន​ត្រូវការ និង​ធ្វើការ​ដែល​ខ្លួន​ស្រឡាញ់​។ យើង​ប្រញាប់​ងើប​ពី​គ្រែ​នៅ​ពេល​ព្រឹក ខ្ញុំ​គិត​ថា អ្នក​ពិតជា​ឆ្កួត បើសិនជា​អ្នក​ត្រូវ​អត់ធន់​នឹង​ការងារ​ដែល​មិន​ចូល​ចិត្ត ដើម្បី​គ្រាន់តែ​ធ្វើ​ឱ្យ​មើលទៅ​ល្អ​នៅ​ក្នុង​ប្រវត្តិរូប » សរុប​ងាយ​ៗ គឺ​ធ្វើ​រឿង​ដែល​អ្នក​ស្រឡាញ់ ព្រោះ​មនុស្ស​ភាគច្រើន​កំពុង​បំផ្លាញ​ជីវិត​ខ្លួនឯង ដោយ​ការ​ជ្រើសរើស​ធ្វើ​តាម​អ្វី​ដែល​អ្នក​ដទៃ​ត្រូវការ ។

យើង​គួរ​ធ្វើ​តាម​អ្វី​ដែល​ខ្លួន​ត្រូវការ​ប្រសើរ​ជាង ។ មនុស្ស​គ្រប់​រូប​មាន​ភាព​ស្ទាត់ជំនាញ​រៀង​ៗ​ខ្លួន គឺ​រឿង​នោះ​ហើយ​ដែល​យើង​គ្រប់​គ្នា​គួរ​ធ្វើ ព្រោះ​បើសិនជា​យើង​ផ្លាស់​ប្តូរ​ការងារ​តាម​ចំណង់​ចំណូលចិត្ត​ខ្លួនឯង វា​នឹង​គ្មាន​ថ្ងៃ​ដែល​យើង​នឹង​មាន​អារម្មណ៍​ស្អប់ ឬ​ធុញទ្រាន់​ជិនណាយ​នឹង​ការងារ​នោះ​ឡើយ ហើយ​វា​ជា​ទ្វារ​ដំបូង​នៃ​ពាក្យ​ថា «​ជោគជ័យ​» ។

៨-​ស្គាល់​ពី​គូប្រកួត​ប្រជែង ៖ « ក្នុង​ពិភព​ជំនួញ កញ្ចក់​មើល​ក្រោយ​នៃ​រថយន្ត ច្បាស់​ជាង​កញ្ចក់​មុខជា​និច្ច » ក្នុង​គំនិត​របស់ Warren Buffett ចង់ឱ្យ​យើង​ស្គាល់​ពី​គូប្រជែង​របស់​ខ្លួន ល្អ​ជាង​ស្គាល់​ពី​ខ្លួន​ឯង ព្រោះ​យើង​ចាំបាច់​ត្រូវ​តាមដាន​គូប្រជែង​ជា​និច្ច​ថា គេ​នឹង​ទៅ​ផ្លូវ​ណា ហើយ​ធ្វើ​អ្វី​។

អ្នកជំនួញ​ជោគ​ជ័យ​តែង​ដឹង​ថា គូប្រជែង​ធ្វើ​បាន​ល្អ​កម្រិត​ណា​ក្នុង​អតីតកាល និង​អាច​ស្រមៃ​ថា ពួក​គេ​នឹង​ដើរទៅ​ផ្លូវ​ណា ហើយនឹង​ធ្វើ​បាន​ល្អ​កម្រិត​ណា​នា​ពេល​អនាគត ។ សរុប​មក ត្រូវ​ស្គាល់​ពួក​គេ ស្គាល់​ខ្លួនឯង ដោយ​ប្រយុទ្ធ​​១០០​ដង ឈ្នះ​ទាំង​១០០​ដង ។

៩-​ដើរ​មួយ​ជំហាន​ៗ ៖ « ខ្ញុំ​មិន​បាន​រក​មើល​ថា នឹង​លោត​ទៅ​ខាង​មុខ​៧​ជំហាន​ដូច​ម្តេច​នោះ​ទេ តែ​ខ្ញុំ​មើលទៅ​ជុំវិញ​ថា តើ​ខ្ញុំ​អាច​ឆ្លង​ទៅ​បាន​ឬ​អត់ » Warren Buffett មិន​ជឿ​លើ​ភាព​ជោគជ័យ​គ្រាន់តែ​រយៈពេល​មួយ​នោះ​ទេ តែ​គាត់​ជឿ​ថា យើង​គួរ​ដើរ​មួយ​ជំហាន​ៗ បើ​ទោះបីជា​ជំហាន​ខ្លី​ៗ​ក៏​ដោយ ដើម្បី​ចូល​ជិត​ភាព​ជោគជ័យ​ជា​បណ្តើរ​ៗ ព្រោះ​ជំហាន​ខ្លី​ៗ​នេះ​ហើយ ទោះជា​វា​ខ្លី​មែន តែ​ក៏​យូរយា​ជាង​ការ​ដែល​យើង​លោត​ឆ្ងាយ ហើយ​បើសិនជា​ភ្លាត់ស្នៀត នឹង​មិន​អាច​ទៅ​មុខ​ទៀត​បាន​ឡើយ ។ Warren Buffett ណែនាំ​ថា យើង​គួរ​ធ្វើ​អ្វី​ម្យ៉ាង ឬ​មួយ​ជំហាន​ៗ តែ​ជា​ជំហាន​ដែល​គង់វង្ស ។

១០-​រៀន​បដិសេធ ៖ « ភាព​ខុស​គ្នា​រវាង​បុគ្គល​ជោគជ័យ និង​អ្នក​ដែល​ទទួល​បាន​ភាព​ជោគជ័យ​ពិត​ប្រាកដ គឺ​អ្នក​ទទួល​ជោគជ័យ​ពិតប្រាកដ​ស្គាល់​នូវ​ការ​បដិសេធ » យើង​គួរ​ជ្រើសរើស​ការ​បណ្តាក់ទុន​នីមួយ​ៗ​ដោយ​ប្រុង​ប្រយ័ត្ន និង​ស្គាល់​នូវ​ការ​និយាយ​បដិសេធ​ពី​សំឡេង​ជុំវិញ ឬ​ពាក្យ​ណែនាំ​ផ្សេង​ៗ​ក្បែរ​ខ្លួន​យើង ព្រោះ​ចុងបញ្ចប់ ការ​សម្រេចចិត្ត​គ្រប់យ៉ាង គឺ​នៅ​លើ​យើង​តែ​ម្នាក់ ។ ការ​ស្តាប់​អ្នក​ដទៃ​ច្រើន​ពេក នឹង​ធ្វើ​ឱ្យ​យើង​ស្ទាក់ស្ទើរ ហើយ​សម្រេចចិត្ត​ខុស​បាន ។ ចូរ​រៀន​បដិសេធ​យ៉ាង​ដាច់ខាត​ពី​សំឡេង​ទាំង​នោះ ។

១១-​ភាព​ស្មោះត្រង់​រកបាន​ដោយ​លំបាក ៖ « ភាព​ស្មោះត្រង់​ជា​អំណោយ​ដ៏​មាន​តម្លៃ​ថ្លៃ កុំ​រំពឹង​ថា នឹង​បាន​វា​ពី​មនុស្ស​មាន​តម្លៃ​ថោក » មនុស្ស​មាន​តម្លៃ​ថោក មិនមែន​សំដៅលើ​មនុស្ស​ក្រីក្រ​ឡើយ តែ​នៅ​ទី​នេះ​សំដៅលើ​អ្នក​ដែល​មិន​ស្មោះត្រង់ ហើយ​តែង​ជួប​ជា​ទូទៅ​ក្នុង​សង្គម ជា​ពិសេស​ក្នុង​ពិភព​អាជីវកម្ម ។ ដូច្នេះ កុំ​សង្ឃឹមថា មនុស្ស​គ្រប់​រូប​នឹង​ស្មោះត្រង់​ជាមួយ​អ្នក ។

អ្នក​អាច​ជ្រើសរើស​សេពគប់​មនុស្ស​ស្មោះ​ត្រង់ និង​និយាយ​ការ​ពិតជា​មួយ​អ្នក​ល្អ​ជាង ព្រោះ​ភាព​ស្មោះត្រង់​រកបាន​ដោយ​លំបាក បើសិនជា​អ្នក​ជួប​ហើយ ក៏​កុំ​ធ្វើ​ឱ្យ​ខ្លួនឯង​បាត់បង់​ពួក​គេ​ទៅ ។

១២-​រៀន​គ្រប់គ្រង ៖ « យើង​ត្រូវ​គ្រប់គ្រង​ពេលវេលា និង​អ្វី​ដែល​ខ្លួន​មាន និង​មិន​អាច​ឱ្យ​អ្នក​ដទៃ​មក​កំណត់​ជីវិត​របស់​យើង​ឡើយ » កុំ​ភ្លេច​ថា ជីវិត​ជា​របស់​យើង ហើយ​យើង​ជា​សសរ​បង្គោល​នៃ​ជីវិត​ខ្លួនឯង ដូច្នេះ មិន​គួរ​ឱ្យ​អ្នក​ដទៃ​មក​គ្រប់គ្រង​ជីវិត​យើង​ទេ ។ រឿង​សំខាន់​បំផុត គឺ​ការ​មាន​អំណាច​គ្រប់គ្រង​គ្រប់​យ៉ាង​លើ​ខ្លួនឯង ។ ចូរ​កុំ​បណ្តោយ​ឱ្យ​ខ្លួនឯង​អណ្តែតត្រសែត​តាម​ខ្សែទឹក ជា​ពិសេស «​ពេលវេលា​» ព្រោះ​អ្វី​ដែល​គ្រប់​គ្នា​មាន​ស្មើ​ៗ​គ្នា​គឺ «​ពេលវេលា​» ។ វា​ជា​ទ្រព្យសម្បត្តិ​មាន​តម្លៃ​បំផុត ដែល​យើង​គួរ​ប្រើ​យ៉ាង​ឆ្លាត​វៃ​ផង​ដែរ ។

ការ​បំផុសគំនិត​ខាងលើ​នេះ នឹង​ធ្វើ​ឱ្យ​អ្នកមាន​កម្លាំងចិត្ត មាន​ពន្លឺ​នឹង​ប្រកប​មុខ​ជំនួញ​ឱ្យ​ទទួល​បាន​ជោគ​ជ័យ ។ មហាសេដ្ឋី​ជា​ច្រើន​រូប​បាន​អភិវឌ្ឍន៍​ខ្លួន​ពី​ចំណុចសូន្យ ។ ផ្លូវ​ដើរ​នេះ​នៅ​ឆ្ងាយ​តទៅ​មុខ​ទៀត ដួល​ហើយ​ក្រោក​វិញ រួច​ដើរ​បន្ត​ទៀត និង​ប្រាប់​ខ្លួនឯង​ជា​រៀងរាល់ថ្ងៃ​ថា ប្រសិនបើ​នៅ​មាន​ដង្ហើម ត្រូវ​តែ​ទទួល​បាន​ជោគជ័យ​យ៉ាង​ពិតប្រាកដ ។ អត្ថបទ​នេះ នឹង​ជា​កម្លាំងចិត្ត​ឱ្យ​អ្នក​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត តួនាទី​ការងារ និង​មុខ​ជំនួញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ