ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាប់​ចាក់​គ្នា​របួស​​ចូល​ពេទ្យ ​សមត្ថ​កិច្ច​ត្រៀម​ចាប់​បញ្ជូន​ទៅ​តុលាការ​ទាំង​២នាក់

15 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​កាល​ពី​រសៀល​ថ្ងៃ​ទី​១ មីនា ក្រោយ​ពី​ចេញ​ពី​មន្ទីរ​ពេទ្យ​ ខណៈ​គូ​បដិ​បក្ស​របស់​គេ​​កំពុង​ស្ថិត​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ឡើយ​។ ជន​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រើ​ដាវ​កាប់​ចាក់​គ្នា​ជាមួយ​សត្រូវ​របស់​ខ្លួន​បណ្តាល​ឱ្យ​របួស​ដេក​ដួល​រៀង​ៗ​ខ្លួន​​នៅ​ក្នុង​ភូមិ​បាសែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ កាល​ពី​រសៀល​ថ្ងៃ​ទី​២២ កុម្ភៈ​ ​។

ជន​ដែល​សមត្ថ​កិច្ច​ចាប់ខ្លួន​មុន​គូ​ប្រយុទ្ធ​របស់​ខ្លួន​នេះ​ឈ្មោះ​យ៉េប អះ​ម៉ាត់​ហៀត ហៅ​ម៉ាប់​ ឬ​ម៉ាត់ អាយុ​២៧​ឆ្នាំ ជា​ជន​ជាតិ​ខ្មែរ​អ៊ិស្លាម​ រស់​នៅ​ភូមិ​បាសែត​ ឃុំ​តាប៉ុន​ ស្រុក​សង្កែ​រី​ឯ​គូ​បក្ខដិបក្ខ​ដែល​របួស​ធ្ងន់​កំពុង​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ​​ឈ្មោះ​ទុំ លៀង អាយុ​២៣​ឆ្នាំ រស់​នៅ​ភូមិ​ឈុង​ត្រដក់​ ឃុំ​រកា​ ស្រុក​សង្កែ​។ សមត្ថ​កិច្ច​​ស្រុក​សង្កែ​បាន​និយាយ​ថា ជន​២​នាក់​នេះ​បាន​ប្រើ​ដាវ​កាប់​ចាក់​បង្ហូរ​ឈាម​គ្នាដើម្បី​​សង​សឹក​គំនុំ​ចាស់​។ ពួក​គេ​ច្បាំង​គ្នា​រហូត​របួស​​ឈាម​ដាប​ដេក​ដួល​រៀង​ខ្លួន​នៅ​កន្លែង​កើត​ហេតុ​ ហើយ​​ត្រូវ​គេ​ជួយ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ទាំង​អស់​គ្នា ។

​ឈ្មោះ​យ៉េប អះ​ម៉ាត់​ហៀត របួស​ដៃ​ទាំង​២ រី​ឯ​ឈ្មោះ​ទុំ លៀង របួស​ក្បាល​ ដៃ​ និង​ពោះ​ធ្ងន់​ធ្ងរ​។ តាម​ចំលើយ​របស់​ឈ្មោះ​យ៉េប អះ​ម៉ាត់​​ហៀត​ ថា គេគ្មាន​គំនុំ​ជាមួយ​ឈ្មោះ​ទុំ លៀង​ ទេ ប៉ុន្តែ​មាន​គំនុំ​ជាមួយ​បក្ស​ពួក​របស់​ជន​នោះ​។ ឈ្មោះ​ទុំ លៀង តែង​ណាត់​កាប់​ចាក់​គ្នា​ជាមួយ​រូប​គេ​​មិន​ឈប់​ លុះ​​នៅរសៀល​​ថ្ងៃ​ទី​២២​ កុម្ភៈ​ ក៏​ប៉ះ​ទង្គិច​គ្នា​តែ​ម្តង​ ដោយ​គេ​​ប្រើ​កាំ​បិត​ រី​ឯ​ឈ្មោះ​ទុំ លៀង​ ប្រើ​ដាវ​សាមូរ៉ៃ​។​

លោក​ជេត វណ្ណ​នី ស្នង​ការ​រង​ និង​ជា​ប្រធាន​ការិយា​ល័យ​កណ្តាល​យុត្តិ​ធម៌​មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ​គ្មាន​ដើម​បណ្តឹង​​ទេ​។ ​ពួក​គេ​ជា​ជន​ល្មើស​ផង​ជា​ជន​រង​គ្រោះ​ផង​ ព្រោះ​ក្រោយ​ពេល​ច្បាំង​គ្នា​ពួក​គេ​របួស​ទាំង​២​នាក់​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​រៀង​ៗ​ខ្លួន​។ លោក​​បញ្ជាក់​ថា​ សមត្ថ​កិច្ច​របស់​លោក​ ​ត្រៀម​ឃាត់​ខ្លួន​ពួក​គេ​ទាំង​២​នាក់​​បញ្ជូន​ទៅ​តុលា​ការ​ ។ ​ឈ្មោះ​អះ​ម៉ាត់​​ហៀត​ ​ធូរ​ស្រាល​ចេញ​ពី​​មន្ទីរ​ពេទ្យ​មុន​ទើបចាត់ការមុន​​ រី​ឯ​ឈ្មោះ​លៀង ​ត្រៀម​ចាប់​បញ្ជូន​ទៅ​តុលាការ​តាម​ក្រោយ​ បន្ទាប់​ពី​គេ​​ចេញ​ពី​មន្ទីរ​ពេទ្យ​ ៕