ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​អត់​ដឹង​! តារា​សិល្បៈ​ទាំងនេះ​ជាប់​ចិត្ត​នឹង​អាជីព​កីឡា​ដល់​ម្លឹ​ង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កន្លង​មក​គេ​តែង​គិត​ថា អ្នកកីឡា​ស្ថិត​ក្នុង​រង្វង់​កីឡា អ្នកសិល្បៈ​ស្ថិត​ក្នុង​រង្វង់​អ្នកសិល្បៈ ដោយ​ភាគី​ទាំង​ពីរ​មិន​មាន​ចំណូលចិត្ត​គ្នា​ថែម​ទៀត​ផង ។ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គេ​កត់​សម្គាល់​ឃើញ​កាន់តែ​ច្រើន​ថា កីឡា…

រាជធានី​ភ្នំពេញ ៖ កន្លង​មក​គេ​តែង​គិត​ថា អ្នកកីឡា​ស្ថិត​ក្នុង​រង្វង់​កីឡា អ្នកសិល្បៈ​ស្ថិត​ក្នុង​រង្វង់​អ្នកសិល្បៈ ដោយ​ភាគី​ទាំង​ពីរ​មិន​មាន​ចំណូលចិត្ត​គ្នា​ថែម​ទៀត​ផង ។ ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គេ​កត់​សម្គាល់​ឃើញ​កាន់តែ​ច្រើន​ថា កីឡា និង​សិល្បៈ​កំពុង​ផ្សារ​ភ្ជាប់​គ្នា ដោយ​គេ​ឃើញ​កីឡាករ​មួយ​ចំនួន​បាន​ក្លាយជា​តារា​សម្ដែង ហើយ​ឃើញ​តារាចម្រៀង និង​តារា​សម្ដែង​មួយ​ចំនួន បាន​ក្លាយជា​កីឡាករ​កីឡាការិនី​នោះ​ផង​។

កន្លង​មក​គេ​ឃើញ​តែ​វត្តមាន​កីឡាករ​ប្រដាល់ ដូច​ជា ជៀស ស្រួច និង អេ ភូ​ថង ជាដើម បាន​ក្លាយជា​តារា​សម្ដែង ប៉ុន្តែ​នៅ​ក្នុង​ពេល​នេះ គេ​ឃើញ​តារា​សិល្បៈ​ជា​ច្រើន​នាក់​វិញ បាន​ក្លាយជា​កីឡាករ និង​កីឡាការិនី ។ ជាមួយនឹង​ចលនា​បញ្ច្រាសទិស​ចុះឡើង​ៗ​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​គេ​មើលឃើញ​កាន់តែ​ច្បាស់​ថា កីឡា និង​សិល្បៈ​កាន់តែ​ផ្សារ​ភ្ជាប់​គ្នា ។

តារា​សិល្បៈ​ច្រើន​នាក់​បាន​សម្រេចចិត្ត​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​ទៅ​វិញ ដោយសារ​តែ​ពួក​គេ​យល់​ថា នៅ​ពេល​បញ្ជ្រាប​ខ្លួន​នៅ​ក្នុង​វិស័យ​កីឡា នឹង​ជួយ​ឱ្យ​ពួក​គេ​មាន​រាង​កាយ​ស្អាត សុខភាព​ល្អ និង​មាន​សម្រស់​ក្មេង​ជាង​វ័យ អាច​ជួយ​ឱ្យ​ទីផ្សារ​សិល្បៈ​របស់​ពួក​គេ​មានការ​រីក​ចម្រើន ។ មិន​ខុស​ពី​ការ​ប្រកាស​នេះ តារា​សិល្បៈ​ដែល​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​កីឡាករ ឬ​កីឡាការិនី កាន់តែ​ប្រែប្រួល​រូប​សម្រស់ និង​មាន​អារម្មណ៍​ដក់​ជាប់​ខ្លាំង​នឹង​អាជីព​កីឡា​។

កញ្ញា អ៊ុ​ង នី​និ​ច ៖ ជា​តារាចម្រៀង​ដែល​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន​រាប់​មិន​អស់ ដោយ​នាង​ក៏​ជា​តារា​ចម្រៀង​ប្រចាំ​នៅ​ក្រសួង​ព័ត៌មាន ដែល​មាន​សកម្មភាព​សិល្បៈ​យ៉ាង​សស្រាក់សស្រាំ​ទៀត​ផង ។ នាង​ត្រូវ​គេ​ឃើញ​ជោគជ័យ​នៅ​ក្នុង​វិស័យ​ចម្រៀង ដោយ​មាន​ទីផ្សារ​ឡើង​ឆាក​ស្ទើរ​មិនសូវ​លស់​ពេល​ទៅ​ហើយ ប៉ុន្តែ​ក្នុង​ពេល​ដែល​ទីផ្សារ​សិល្បៈ​កាន់តែ​មានការ​ឈាន​ឡើង ស្រាប់តែ​នាង​បែរជា​ប្រកាស​ធ្វើ​ជា​កីឡាការិនី​តេ​ក្វា​ន់​ដូ ដោយ​នាង​បាន​ទាំង​បង្ហាញខ្លួន​ចូល​ប្រកួត​ម្ដង​ហើយ​ម្ដងទៀត​ក្នុង​រយៈពេល​ចុង​ក្រោយ ដើម្បី​ដណ្ដើម​យក​ខ្សែក្រវាត់​តាម​ដំណាក់កាល ។

រយៈពេល​១​ឆ្នាំ​ចុង​ក្រោយ​ក្នុង​ការ​ហ្វឹកហាត់​តេ​ក្វា​ន់​ដូ កញ្ញា នី​និ​ច ដណ្ដើម​បាន​ខ្សែក្រវាត់​ពណ៌​ខៀវ ដោយ​នាង​ប្រកាស​ថា នឹង​បន្ត​ហ្វឹកហាត់​ហើយ​ចូល​ប្រកួត​ដូច​សិស្ស​ដទៃ រហូត​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​ដូច​ដែល​នាង​នឹក​ស្រមៃ ។ នាង​ថា ការងារ​សិល្បៈ ស្ទើរ​មិន​មាន​ពេលវេលា​ឱ្យ​នាង​អាច​ទំនេរ​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ក្ដី​ស្រឡាញ់ និង​ក្រោយ​ចូល​ហាត់​បាន​មួយ​រយៈ ស្រាប់តែ​ធ្វើ​ឱ្យ​នាង​ជាប់ចិត្ត ទើប​នាង​សម្រេច​ចិត្ត​តស៊ូ ហើយ​បន្ត​ការ​ប្រកួត​ដើម្បី​ដណ្ដើម​យក​ខ្សែក្រវាត់​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់​កាល ។

នាង​ថា កាលពីមុន​គ្រាន់តែ​ចង់​ហាត់​តេ​ក្វា​ន់​ដូ​ដើម្បី​ឱ្យ​រាង​កាយ​រហ័សរហួន ស្រួល​កាច់​ស្ទីល​រាំ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ក្នុង​ពេល​នេះ គឺ​ចង់​ក្លាយជា​កីឡាការិនី​អាជីព​តែ​ម្ដង បន្ទាប់​ពី​ហ្វឹកហាត់​យូរ​ទៅ​រាង​កាយ​កាន់តែ​ល្អ សុខភាព​កាន់តែ​ប្រសើរ ហើយ​ធ្វើ​ឱ្យ​រូប​សម្រស់​របស់​នាង​កាន់តែ​ទាក់ទាញ​ទីផ្សារ​ចម្រៀង ។ នាង​ចង់​បន្ត​អាជីព​ទាំង​កីឡា និង​ចម្រៀង​ឱ្យ​ជោគជ័យ​ព្រម​គ្នា តែ​រវាង​អាជីព​ទាំង​ពីរ នាង​ស្រឡាញ់​អាជីព​ចម្រៀង​ច្រើន​ជាង​។

កញ្ញា ពេជ្រ ចរណៃ ៖ ពី​ដំបូង​នាង​គ្រាន់តែ​ជា​តួ​សម្ដែង​រាយរង​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​ពេល​បាន​សម្ដែង​ជាមួយ​តួ​សម្ដែង​ដែល​ជា​កីឡាករ​ល្បុកត្តោ នាង​ក៏​សម្រេចចិត្ត​ចូល​ហ្វឹកហាត់​លេង​ៗ ហើយ​ក្រោយ​ជាប់​ចិត្ត​នាង​ក៏​សស្រាក់សស្រាំ​ជាមួយ​នឹង​កីឡា​ល្បុក្កតោ រហូត​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កីឡាការិនី​ល្បុក្ក​តោ​ច្រើន​ជាង ។ មក​ទល់​ពេល​នេះ​នាង​កាន់តែ​ល្បី​នៅ​ក្នុង​វិស័យ​សិល្បៈ​សម្ដែង ដោយសារ​តែ​នាង​ចេះ​ស្ទាត់​ក្បាច់គុន​ល្បុក្កតោ ហើយ​ត្រូវ​បាន​ផលិតករ​ភាគច្រើន ហៅ​ឱ្យ​នាង​សម្ដែង​ជា​តួ​ស្រី​ស្អាត​ផង និង​វ៉ៃតប់​ផង។

នាង​អះអាង​ថា បើ​គ្មាន​កីឡា​ល្បុក្កតោ ការ​សម្ដែង​របស់​នាង​នឹង​មិន​រីក​ចម្រើន​ច្រើន​ទេ ក្នុង​ពេល​ដែល​សំអាង​តែ​រូប​សម្រស់​តែ​មួយ​មុខ គឺ​ពិបាក​ឱ្យ​នាង​កញ្ឆក់​បាន​ទីផ្សារ ។ សន្ទុះ​ទីផ្សារ​របស់​នាង​កាន់តែ​មានការ​ឈាន​ឡើង ក្រោយ​ពី​នាង​ទទួល​បានការ​ជ្រោមជ្រែង​ពី​គ្រួសារ​តារា​កម្ពុជា ក្នុង​ពេល​នាង​មាន​ជំងឺ​បេះដូង ។

គ្រួសារ​តារា​កម្ពុជា បាន​បង្ហោះ​ផ្សព្វផ្សាយ​រហូត​ធ្វើ​ឱ្យ​នាង​ទទួល​បាន​ជំនួយ​វះកាត់​ពី​​សប្បុរស​ជន​។ នាង​អះអាង​ថា ការងារ​សម្ដែង​នៅ​ក្នុង​ពេល​នេះ បាន​ធ្វើ​ឱ្យ​នាង​រវល់​ខ្លាំង ប៉ុន្តែ​នាង​នៅ​តែ​មិន​អាច​បោះបង់​អាជីព​ជា​កីឡាការិនី​ល្បុក្កតោ​បាន​ដោយសារ​តែ​ការ​ជាប់ចិត្ត ។ អ៊ីចឹង​ហើយ​ទើប​នាង​រមែង​បង្ហាញ​ខ្លួន​ហ្វឹកហាត់ និង​ប្រកួត​ក្នុង​ក្រុម​ល្បុក្កតោ​វត្តថា​ន់ ដែល​ធ្វើ​ឱ្យ​គេ​កត់សម្គាល់​ឃើញ​ថា នាង​ជា​តារា​សម្ដែង​ដែល​ជាប់​ចិត្តនឹង​កីឡា​។

ក្រៅពី​តារា​ស្រី​ទាំង​ពីរ តារា​ៗ​នៅ​ក្នុង​វិស័យ​សិល្បៈ​មួយ​ចំនួន​ផ្សេង​ទៀត រួម​មាន​លោក ជា វ​ណ្ណា​រិ​ទ្ធិ និង​លោក ហ៊ុន សត្យា ជាដើម ក៏​បាន​ប្រកាស​ខ្លួន​ធ្វើ​ជា​កីឡាករ​តេ​ក្វា​ន់​ដូ ក្រោយ​ពេល​អ្នក​ទាំង​ពីរ​ចូល​ប្រឡង​ក្នុង​កម្មវិធី Freshies Boys and Girls ក្លាយជា​តារា​សិល្បៈ​ផង​ដែរ ។

នៅ​ក្នុង​ពេល​នេះ លោក ជា វ​ណ្ណា​រិ​ទ្ធិ គឺជា​ពិធីករ​ល្បីឈ្មោះ​ប្រចាំ​នៅ​ទូរទស្សន៍​បាយ័ន តែ​លោក​នៅ​តែ​បន្ត​តំណែង​កីឡា​ដោយ​ក្នុង​ពេល​នេះ​បាន​គ្រង​តំណែង​ខ្សែក្រវាត់​ខ្មៅ គួរ​ឱ្យ​សរសើរ បើ​ទោះជា​លោក​មិនសូវ​បង្ហាញមុខ​ប្រកួត​យក​មេដាយ​ខ្លាំងក្លា​ដូច​មុន ។

ចំណែក​លោក ហ៊ុន សត្យា ដែល​ជា​អតីត​បេក្ខភាព Freshies ឯណោះ​វិញ រឹតតែ​ស៑ប់​នឹង​វិស័យ​កីឡា ដោយ​លោក​បាន​ទាំង​បើក​ក្លិប​បង្វឹក​កូនសិស្ស​ផ្នែក​តេ​ក្វា​ន់​ដូ​បន្ថែម​ពី​ការ​ទទួល​សម្ដែង​នោះ​ផង ។ នៅ​មាន​តារា​សម្ដែង និង​ចម្រៀង ជា​ច្រើន​រូប​ទៀត ដែល​ក្រោយ​បោះ​ជំហាន​នៅ​ក្នុង​ពិភព​សិល្បៈ ក៏​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​កីឡា ហើយ​ជាប់ចិត្ត​នៅ​ក្នុង​វិស័យ​នេះ ដែល​ធ្វើ​ឱ្យ​គេ​មើលឃើញ​ថា សិល្បៈ និង​កីឡា​មិន​អាច​កាត់​ផ្ដាច់​ចេញពី​គ្នា​។

ការ​បង្ហាញ​មុខមាត់​អ្នកសិល្បៈ​ត្រឡប់​ទៅ​ធ្វើ​ជា​អ្នកកីឡា​បែប​នេះ គឺ​ផ្ទុយ​ស្រឡះ​កាលពីមុន ដែល​មហាជន​ធ្លាប់តែ​ឃើញ​ផលិតករ​ជ្រើស​យក​កីឡាករ និង​កីឡាការិនី ដែល​មានកេរ្តិ៍ឈ្មោះ​សំឡេង​ឱ្យ​ចូល​ប្រឡូក​ក្នុង​ការ​សម្ដែង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ