ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដួង សុខ​គា ហេតុ​អីបាត់​មុខ​ពី​ទូរទស្សន៍?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​យូរ​មក​ហើយ រហូត​មក​ដល់​ឆ្នាំ​ថ្មី​នេះ​លោក​ដួង សុខ​គា នៅ​តែ​មិន​ទាន់​បាន​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ណាមួយ​របស់​ស្ថានីយទូរទស្សន៍​CTN នៅឡើយ​ទេ ក្នុង​ពេល​ដែល​កម្មវិធី​មួយ​ចំនួន​ដែល​លោក​ធ្លាប់​កាន់​បាន​បង្កើត​ឡើង​វិញ ។ កន្លង​មក​បុរស​ពហុ​ជំនាញ​សិល្បៈ​ដួង សុខ​គា…

រាជធានី​ភ្នំពេញ​៖ បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​យូរ​មក​ហើយ រហូត​មក​ដល់​ឆ្នាំ​ថ្មី​នេះ​លោក​ដួង សុខ​គា នៅ​តែ​មិន​ទាន់​បាន​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ណាមួយ​របស់​ស្ថានីយទូរទស្សន៍​CTN នៅឡើយ​ទេ ក្នុង​ពេល​ដែល​កម្មវិធី​មួយ​ចំនួន​ដែល​លោក​ធ្លាប់​កាន់​បាន​បង្កើត​ឡើង​វិញ ។

កន្លង​មក​បុរស​ពហុ​ជំនាញ​សិល្បៈ​ដួង សុខ​គា បាន​កាន់​កម្មវិធី​មួយ​ចំនួន​របស់​ស្ថានីយទូរទស្សន៍​CTN មានកម្ម​វិធី​«​សំណើច​តាម​ភូមិ​» «​ផ្ទះ​លោកតា​» «​សុខ​គា ល​ក្ខិ​ណា ប៊ី​អាយ​ជី​» និង​កម្មវិធី​មួយ​ចំនួន​ទៀត សុទ្ធតែ​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន ។ យ៉ាងណា​ក៏​ដោយ​បន្ទាប់​ពី​កម្មវិធី​ដែល​លោក​កាន់​បិទ​បញ្ចប់​មក​នោះ លោក​ដួង សុខ​គា បាន​បាត់​មុខ​ឈឹង​ពី​ស្ថានីយទូរទស្សន៍ ខណៈ​ពេល​ដែល​កម្មវិធី​សំណើច​តាម​ភូមិ​ដែល​លោក​ធ្លាប់​កាន់​នោះ​ក៏​បាន​ដំណើរការ​ឡើង​វិញ តែ​គ្មាន​វត្តមាន​របស់​លោក​ទេ ។

ទស្សនិកជន​ដែល​និយម​គាំទ្រ​លោក​ដួង សុខ​គា បាន​សន្និដ្ឋាន​ថា ពិធីករ​រូប​នេះ​ទំនងជា​បញ្ចប់​អាជីព​របស់​ខ្លួន​នៅ​ស្ថានីយទូរទស្សន៍​CTN ហើយ ព្រោះ​បច្ចុប្បន្ន​លោក​ក៏​មានការ​មមាញឹក​ខ្លាំង​ក្នុង​អាជីព​កាត់សក់​នៅ​ក្នុង​ពិធី​មង្គលការ ។ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​លោក ដួង សុខ​គា បាន​អះអាង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​បើ​ទោះបីជា​មិន​បាន​បង្ហាញ​វត្ត​មាននៅ​CTN ក៏​ពិតមែន ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទៅ​ណា​ឆ្ងាយ​ពី​ស្ថានីយទូរទស្សន៍​មួយ​នេះ​ទេ ។

ខ្ញុំ​នៅ​តែ​ជា​បុគ្គលិក​របស់​CTN ហើយ​ការ​បាត់​មុខ​របស់ខ្ញុំ​មួយ​រយៈពេល​នេះ គឺ​ដោយសារ​តែ​មមាញឹក​ការងារ​ច្រើន​នៅ​ខាងក្រៅ ។ រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​ចាំ​មើល​តែ​មានកម្ម​វិធី​ណា​ដែល​សក្តិ​សម​សម្រាប់​ខ្ញុំ​ដែល​រៀបចំ​ដោយ​CTN នោះ​ខ្ញុំ​នឹង​ចូលរួម​បន្ត​ទៀត »​។

លោក​ដួង សុខ​គា បាន​ថ្លែងអំណរគុណ​ដល់​ទស្សនិកជន​ទាំងឡាយ​ដែល​នៅ​តែ​គាំទ្រ​រូប​លោក និង​ចង់​ដឹង​ពី​អនាគត​វត្តមាន​របស់​លោក​នៅ​CTN ។ ពាក់ព័ន្ធ​បញ្ហា​នេះ​កោះសន្តិភាព​មិន​អាច​ស្វែងរក​ការ​បញ្ជាក់​ណាមួយ​ពី​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វិច​ទ័​រ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍​CTN ទេ ។

កន្លង​មក​លោក​ដួង សុខ​គា ធ្លាប់​ត្រូវ​គេ​សង្ស័យ​ថា​កើត​មាន​ទំនាស់​ជាមួយ​ក្រុមការងារ ឬ​អាច​ជាមួយ​អ្នក​រៀបចំ​កម្មវិធី​គឺ​លោក​វិច​ទ័​រ ដោយ​លោក​ថែម​ទាំង​បាន​ប្រកាស​ជា​សាធារណៈ​នឹង​ដើរ​ចេញពី​កម្មវិធី​«​ផ្ទះ​លោកតា​» និង​«​សំណើច​តាម​ភូមិ​»​ដោយ​មិន​ត្រឡប់​ក្រោយ​។ លោក​សុខ​គា បាន​លើក​ហេតុផល​ថា លោក​លែង​មាន​តម្លៃ​និង​អស់​សមត្ថភាព​សម្រាប់​កម្មវិធី​ទាំង​២ ដោយ​លោក​សុខចិត្ត​បោះបង់​ការងារ​ក្នុង​កម្មវិធី​ទាំង​ពីរ ដើម្បី​ទុក​ឲ្យ​ផលិតករ គឺ​លោកតា​វិច​ទ័​រ ជ្រើស​យក​អ្នក​ល្អ​ឲ្យ​កាន់​កម្មវិធី​ជំនួស​ខ្លួន ។

ចំណែក​លោក សុវណ្ណ រិ​ទ្ធី ហៅ​លោកតា​វិច​ទ័​រ វិញ​ធ្លាប់​បាន​បកស្រាយ​ថា លោក​មិន​បានដឹង​លោក​ដួង សុខ​គា ឆេះដុំ​នឹង​បុគ្គល​ណាមួយ​ក្នុង​ចំណោម​កូនចៅ​របស់​លោក​ដែល​បាន​ធ្វើ​កម្មវិធី «​ផ្ទះ​លោកតា​» និង​កម្មវិធី «​សំណើច​តាម​ភូមិ​»​នោះ​ទេ ។ លោក​ថា​នាយ​ពែ​ក​មី នាយ​ក្រូច និង​នាយ​គ្រឿន សុទ្ធតែ​ក្មេង​ល្អ ដោយ​លោក​មិនដឹង​ថា​តើ​លោក​ដួង សុខ​គា អន់ចិត្ត​រឿង​អ្វី ។

លោក​ថា​ហេតុផល​នៃ​បញ្ហា គឺ​ទំនង​មក​ពី​លោក​ដួង សុខ​គា បានឮ​ពាក្យ​នាំសារ​របស់​បុគ្គល​ណា​ម្នាក់​ថា​កូនចៅ​របស់​លោក​និយាយ​មិនល្អ​ពី​ខ្លួន ទើប​បណ្ដាល​ឲ្យ​មានការ​យល់​ច្រឡំ ហើយ​ឈាន​ដល់​ច្រឡោត​ខឹង ហើយ​បង្ហោះ​សារ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​។ លោក​ថា​ការ​ប្រកាស​សុំ​ឈប់ មុន​ៗ​របស់​លោក​សុខ​គា ដោយ​ចង់​ត្រឡប់​មក​វិញ ឬ​មិន​ចង់ គឺ​ស្រេច​តែ​លោក​សុខ​គា ខ្លួនឯង ។

ទស្សនិកជន​ជា​ច្រើន​និយាយ​ថា​ជា​ធម្មតា​រឿង​ទើស​ទាស់ចិត្ត ឬ​ប៉ះទង្គិច​គ្នា​រវាង​ក្រុមការងារ​តែងតែ​កើត​មាននៅ​កន្លែង​ការងារ ។ ការ​សម្របសម្រួល​គ្នា​ជា​រឿង​ល្អ ហើយ​គេ​ប្រាថ្នា​ចង់​ឃើញ​លោក​ដួង សុខ​គា ចូលរួម​ក្នុង​កម្មវិធី​កម្សាន្ត​ទូរទស្សន៍​ដែល​ជា​ចំណី​អារម្មណ៍​ទស្សនិកជន​ដូច​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ