ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​បុក​រថយន្ត​គ្មាន​ប្រណី​ក្ស័យ​ខ្លួនឯង​​២នាក់​​សង្ស័យស្រវឹង

15 ឆ្នាំ មុន

ខេត្ត​បាត់ដំបង​​ ៖ ឧប្បត្តិហេតុ​គ្រោះថ្នាក់​​​ចរាចរ​ដ៏រន្ធត់​មួយ​​កាលពី​វេលា​ម៉ោង​​៣​រសៀល​​​ថ្ងៃទី​១២​ មីនា ​រវាង​រថយន្ត​​​និង​ម៉ូតូ​ត្រង់​ចំណុច​​​ផ្លូវ​កោង​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​​ប៉ោយ​ស្វាយ​ ឃុំ​តាគ្រាម ស្រុក​បាណន់​ បាន​បណ្តាល​ឱ្យ​អ្នក​​ជិះ​ម៉ូតូ​​២​នាក់​ស្លាប់​ភ្លាមៗ​ នៅកន្លែង​​កើត​ហេតុ​ ដែលគេ​សង្ស័យ​ថា ភាគី​​អ្នក​​ជិះ​ម៉ូតូ​ទំនង​ជា​ស្រវឹង​​ផង។​

ក្នុង​ឧប្បត្តិ​ហេតុ​​នេះគេ​មិ​នទាន់​​ស្គាល់​អត្ត​សញ្ញាណ​អ្នក​ស្លាប់​ទាំង២​នាក់​ដែល​ជិះម៉ូតូ​នៅ​​ឡើយ​ទេ រីឯ​អ្នក​បើកបរ​​រថយន្ត​​ធុន​ធ្ងន់​​ក៏​មិន​ស្គាល់​​​ដែរ ព្រោះ​​ក្រោយ​​ពេល​ជួបគ្រោះ​ថ្នាក់​​តៃកុង​​​បាន​ដាក់​មេប្រូច​​​បាត់​ស្រមោល ។​
មន្ត្រី​នគរ​បាល​​ចរាចរ​ខេត្ត​ដែល​ចុះ​​ទៅពិនិត្យ​​​កន្លែង​​កើត​ហេតុ​​បាន​និយាយ​ថា រថយន្ត​និង​អ្នក​​ជិះ​ម៉ូតូ​បាន​បុក​​ពេល​បើក​បរ​បញ្ច្រាសទិសគ្នា​ ខណៈដែល​​ភាគី​ម៉ូតូជិះ​​ក្នុង​ល្បឿន​លឿន​បំផុត​ ​ហើយ​ពេល​ដល់​​ចំណុច​ផ្លូវ​កោង​ ក៏​​បានជ្រុល​​​បុក​​រថយន្ត​​ដែល​​បើក​បញ្ច្រាស​គ្នា​ពេញ​ទំហឹង​ តែម្តង។ មន្ត្រី​នគរ​បាល​​​និយាយ​ថា ​​អ្នកជិះ​ម៉ូតូ​២​នាក់​​​ភេទ​ប្រុស​បាន​ស្លាប់​តែ​គេ​មិន​ស្គាល់​អត្ត​សញ្ញាណ​​នៅឡើយ​​ជិះ​ម៉ូតូ​ម៉ាក​វីវ៉ា ពណ៌​​កាប់​ស្តាំង ស៊េរី​​២០០៩​ ពាក់​ស្លាក​​លេខ​ប៉ៃលិន​ 1A-2272 ។ ដោយ​​ឡែករថយន្ត​ម៉ាក​ហ៊ីណូ ដឹក​ថ្ម ពាក់​ស្លាក​លេខ​បាត់​ដំបង​ 3A-0878  អ្នក​បើក​​រត់​បាត់ ។

តាម​​ការ​បំភ្លឺ​ពីសាក្សី​បាន​និយាយ​ដែរថា អ្នក​ជិះ​ម៉ូតូ​ទំនង​ជា​ស្រវឹង​ដោយ​​បោះពួយ​ពីទិស​ខាង​​កើត​ក្នុង​ល្បឿន​​លឿន​បំផុត លុះ​ដល់​ចំណុច​ផ្លូវ​កោង​ទៅ​ខាង​ស្តាំ​ ​អ្នក​ជិះ​បត់អត់ទាន់​ក៏ជ្រុល​​ទៅ​បុក​រថយន្ត​ដឹក​ថ្ម​​មកពី​មុខ​នៅ​ខាង​ឆ្វេង​ដៃ​ខ្លួន​ពេញ​ទំហឹង​លាន់​ដូចរន្ទះ​ ដួល​ចូល​ក្រោម​រថយន្ត​បណ្តាល​​​ឱ្យ​រថយន្ត​​​កិនខ្ទេច​​ទាំង​ម៉ូតូ​ទាំង​មនុស្ស ។​ ទោះជា​បែបណា មន្ត្រី​នគរ​បាល​បាន​បញ្ជាក់​​​ថា គេ​បាន​ដឹក​សាក​សព​បុរស​២​នាក់​ដែល​មិន​​ទាន់​ស្គាល់​ឈ្មោះ​ទៅតំកល់ទុក​ក្នុង​វត្ត​តាគ្រាម​ដើម្បី​រង់​ចាំ​​​សាច់ញាតិ​មក​​ទទួល រីឯ​​ម៉ូតូ​និង​រថយន្ត​​ សមត្ថ​កិច្ច​បាន​យកទៅ​រក្សាទុក​នៅ​​ការិយាល័យ​​ចរាចរ​ជើងគោក​ខេត្ត​​ដើម្បី​​​ដោះ​ស្រាយ ៕