ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​គាំទ្រ​កម្ពុជា​ក្នុង​ការ ចរចា​កិច្ចព្រមព្រៀង​ពា ណិ​ជ្ជ​កម្ម​សេរី​ជាមួយ EAEU

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​រវាង​លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​រវាង​លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក ឌី​មី​ត​ទ្រី កូ​ប៊ិ​ល​គី​ន រដ្ឋមន្ត្រី​ធនធានធម្មជាតិ និង​បរិស្ថាន​នៃ​សហព័ន្ធ​រុ​ស្ស៊ី នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ ខែមករា បាន​ពិភាក្សា​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​សហ​ប្រធាន​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុ​ស្ស៊ី ហើយ​ភាគី​ទាំង​ពីរ​ប្រកាស​ពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច​វិទ្យាសាស្ត្រ និង​បច្ចេកទេស ។ នេះ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់​កាលពី​ថ្ងៃ​ទី​២៨ ខែមករា កន្លង​មក ។

តាម​រយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​លើក​ឡើង​ថា រុ​ស្ស៊ី​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​ជាន់ខ្ពស់​លើក​ទី​២ ស្តី​ពី​ការ​លើកកម្ពស់​គម្រោង​វិនិយោគ​រួម​គ្នា ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​បញ្ជី​ឈ្មោះ​គម្រោង​នានា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ រវាង​កម្ពុជា​-​រុ​ស្ស៊ី រហូត​ដល់​ឆ្នាំ​២០២០ និង​សហការ​អភិវឌ្ឍ​គម្រោង​លម្អិត​រួម​គ្នា ។ បន្ថែម​លើ​នេះ រុ​ស្ស៊ី​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​បំណង​របស់​កម្ពុជា ដែល​ចង់​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺ​រ៉ា​ស៊ី (EAEU)​។

ជាង​នេះ​ទៅ​ទៀត លោក​រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​គូសបញ្ជាក់​ថា កិច្ចប្រជុំ​ប្រកបដោយ​ផ្លែផ្កា​រវាង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ទីក្រុង​ប្រ៊ុ​ច​ស៊ែ​ល កាលពី​ខែតុលា ឆ្នាំ​២០១៨ ក៏​ដូច​ជា​កិច្ច​សន្ទនា​រវាង សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ខែវិច្ឆិកា កន្លង​ទៅ មិន​ត្រឹមតែ​ពង្រឹង​បន្ថែម​នូវ​ជំនឿ​ជាក់​ផ្នែក​នយោបាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ផ្តល់​នូវ​លទ្ធភាព​ថ្មី និង​ទូលំទូលាយ ដើម្បី​លើកកម្ពស់​ភាព​ជា​ដៃគូ​ទេ្វ​ភាគី ឲ្យ​កាន់តែ​ខ្ពស់​មួយ​កម្រិត​ទៀត ។

តាម​រយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​លើក​ឡើង​ថា សហ​ប្រធាន​បាន​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ចព្រមព្រៀង​ចំនួន​៤៤ ដែល​បាន​ចុះហត្ថលេខា ចាប់តាំងពី​ឆ្នាំ​២០១៥​មក និង​បាន​កត់​សម្គាល់ថា ការ​អនុវត្ត​កិច្ចព្រមព្រៀង​មួយ​ចំនួន​មានកា​រវិ​វត្ត​គួរ​ឲ្យ​លើកទឹកចិត្ត​។ ក្នុង​នោះ​សហ​ប្រធាន​បាន​ឯកភាព​ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ប្រកាន់​យក​នូវ​វិធានការ​សកម្ម​ក្នុង​ការ​ធានា​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ដទៃ​ទៀត​ឲ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​។ លើស​ពី​នេះ​ទៅ​ទៀត លោក​សហ​ប្រធាន​ក៏​បាន​ពិភាក្សា​ពី​បច្ចុប្បន្នភាព​នៃ​កិច្ចព្រមព្រៀង​ចំនួន​ជាង​១០​ផ្សេង​ទៀត ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ចរចា និង​បាន​គូសបញ្ជាក់​ពីសារ​សំខាន់​ក្នុង​ការ​បញ្ចប់​ការ​ចរចា​លើ​ឯកសារ​ទាំងនេះ​ឲ្យ​បាន​ឆាប់រហ័ស​។

ក្រសួងការបរទេស​បាន​លើក​ឡើង​ថា រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​ឯកភាព​លើ​វិធានការ​ជាក់លាក់​ថ្មី​ៗ ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច​។ ប្រទេស​ទាំង​ពីរ​មាន​សក្តានុពល​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​រ៉ែ វា​រី​អគ្គិសនី ឧស្ម័ន​ធម្មជាតិ និង​ប្រេង ការ​ដឹក​ជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​(ICT) គ្រឿងយន្ត​ធុន​ធ្ងន់ ឧស្សាហកម្ម​កែ​ច្នៃ និង​ផលិតផល​កសិកម្ម ។​ល​។

លោក​រដ្ឋមន្ត្រី​ទាំង​ពីរ បាន​ផ្តល់​សារសំខាន់​ខ្ពស់​ចំពោះ​ការ​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​ពិព័រណ៍​ធុរកិច្ច វេទិកា​ធុរកិច្ច និង​ព្រឹត្តិការណ៍​ជំរុញ​ពាណិជ្ជកម្ម​នានា និង​បាន​ឯកភាព​ជួយ​ព​ន្លឿ​ន​ការ​បង្កើត​យន្តការ ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​វិនិយោគ​។
កម្ពុជា​រង់ចាំ​ទទួល​ស្វាគមន៍​ក្រុមហ៊ុន​រុ​ស្ស៊ី មក​ចូលរួម​ក្នុង​កម្មវិធី « ពិ​ព័រ​ណ៌​ផលិតផល​កម្ពុជា​និង​ផលិតផល​នាំ​ចេញ » ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៥-១៨ ខែធ្នូ ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ។

លោក​សហ​ប្រធាន​បាន​កត់សម្គាល់​ប្រកបដោយ​សុទិដ្ឋិនិយម ចំពោះ​វឌ្ឍនភាព​នៃ​ភាព​ជា​ដៃគូ​សក្តានុពល​ក្នុង​វិស័យ​ការពារ​បរិស្ថាន និង​ថាមពលនុយក្លេអ៊ែរ​ក្នុង​គោលបំណង​សន្តិភាព​។
រដ្ឋមន្ត្រី​ទាំង​ពីរ បាន​ស្វាគមន៍​ចំពោះ​បំណង​របស់​ប្រទេស​ទាំង​ពីរ ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​លើ​វិស័យ​ការពារ​បរិស្ថាន ការ​គ្រប់គ្រង​កាក​សំណល់ ទឹក​ស្អាត និង​ការ​អភិវឌ្ឍ​ទីក្រុង និង​បាន​សង្កត់ធ្ងន់​ពីសារ​សំខាន់​នៃ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​ក្នុង​វិស័យ​ថាមពលនុយក្លេអ៊ែរ​ក្នុង​គោលបំណង​សន្តិភាព ការ​បង្កើត​ឲ្យ​បាន​ឆាប់​នូវ​មជ្ឈមណ្ឌល​ព័ត៌មាន​ស្តី​ពី​ថាមពលនុយក្លេអ៊ែរ និង​ការ​បញ្ចប់​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ។

លោក​រដ្ឋមន្ត្រី​ទាំង​ពីរ បាន​កំណត់​វិធានការ​ជាក់លាក់ ដើម្បី​ជំរុញ​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​ក្នុង​វិស័យ​អប់រំ វប្បធម៌ ទេសចរណ៍ និង​សុខាភិបាល ហើយ​ភាគី​រុ​ស្ស៊ី​បាន​យល់ព្រម​ពិចារណា​បង្កើន​ចំនួន​អាហារូបករណ៍​ប្រចាំឆ្នាំ​សម្រាប់​និស្សិត​កម្ពុជា និង​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​គាំទ្រ​ជា​គោលការណ៍​របស់​ខ្លួន ក្នុង​ការ​ស្តារ​និង​ជួសជុល​ប្រាសាទព្រះវិហារ ។ ការ​សិក្សា​ពី​លទ្ធភាព​ធ្វើ​ទំនើប​កម្ម​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ខែមីនា ឆ្នាំ​២០១៩ ។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ទាំង​ពីរ បាន​ឯកភាព​បន្ត​ការ​ពិភាក្សា​លើ​លទ្ធភាព​បើក​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​និង​រុ​ស្ស៊ី ។ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សម័យប្រជុំ​លើក​ទី​១១​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុ​ស្ស៊ី នៅ​ឆ្នាំ​២០២០ ដែល​ក្នុង​ឱកាស​នោះ កិច្ចព្រមព្រៀងទ្វេភាគី​មួយ​ចំនួន នឹង​ត្រូវ​បាន​ចុះហត្ថលេខា ហើយ​ភាគី​រុ​ស្ស៊ី​នឹង​អមដំណើរ​ដោយ​គណៈប្រតិភូ​ធុរកិច្ច​រុ​ស្ស៊ី​មួយ​ក្រុម​ផង​ដែរ ៕

កែសម្រួលដោយ