ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ម្ចាស់​អង្រឹង​ដែល​មក​បោះជំរំ​ក្នុង​ព្រៃ​ជា​នរណា​…​ក៏​បា.ញ់​គ្នា​ប្រាវ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​២៩ មករា​ ថា មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្សម្នាក់​ ​បាន​រង​របួសធ្ងន់ ​ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង​របស់ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ ដែល​បាញ់ប្រហារ​មក​លើ​ពេល​ប៉ះទង្គិច​គ្នា ។…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​២៩ មករា​ ថា មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្សម្នាក់​ ​បាន​រង​របួសធ្ងន់ ​ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង​របស់ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ ដែល​បាញ់ប្រហារ​មក​លើ​ពេល​ប៉ះទង្គិច​គ្នា ។ តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​នៅ​តំបន់​ខាងលើ បាន​ធ្វើការ​ល្បាត​តាម​គោលដៅ​ប្រចាំការ ស្រាប់តែ​ជួប​ប្រទះ​ជំរំ​ក្រុម​ព្រានព្រៃ ​ក៏​ផ្ទុះអាវុធ​ឆ្លង​ឆ្លើយ​គ្នា​ទៅ​វិញ​ទៅ​មក ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តនា​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៩ ខែមក​រា​នោះបានឱ្យ​ដឹង​ថា «​ករណី​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ ​និង​៣០​នាទី​ទៀប​ភ្លឺថ្ងៃ​ទី​២៩ ខែមករា ។ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ មក​រា ក្រុមការងារ​ល្បាត​បាន​ទៅ​ដល់​ចំណុចអូរ​ល្វែ ហើយ​ជួប​ជាមួយនឹង​ក្រុម​មួយ​ដែល​បោះ
ទីតាំង​នៅ​ទីនោះ ។ ដោយ​មានការ​សង្ស័យ ក្រុមការងារ​ក៏​បាន​អង្កេត​និង​ដាក់​កម្លាំង​ឃ្លាំមើល ដើម្បី​ចង់​ដឹង​អត្តសញ្ញាណ​ម្ចាស់​អង្រឹងដែល​មក​បោះជំរំ​ក្នុង​ព្រៃ​នោះ​ជា​នរណា? និង​បាន​ធ្វើការ​ពួនស្ទាក់​នៅ​ចំណុច​ខាង​លើ​»​។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា «​រហូត​មក​ដល់​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ​ក៏​មាន​សំឡេង​ម៉ូតូ​សំដៅ​មក​កន្លែង​ដែល​កងកម្លាំង​កំពុង​ឃ្លាំមើល និង​ឃើញ​បុរស​ម្នាក់​លី​បាវ​សត្វព្រៃ​ចុះ​ទៅ​ក្នុង​អូរ ក៏​ពើបប្រទះ​ជាមួយ​កម្លាំង​ដែល​កំពុង​ត្រៀម​រួច​ជា​ស្រេច​ទើប​ឃាត់ខ្លួន​ភ្លាម​ៗ ។ ពេល​នោះ ស្រាប់តែ​មានការ​ផ្ទុះអាវុធ​ពី​ច្រាំង​អូរ​តែ​ម្តង​ពោល គឺ​បាញ់​សន្ធាប់​ដូង​ភ្លៀង​ធ្លាក់​ទៅ​លើ​កម្លាំង​ជំនាញ ដើម្បី​រំដោះ​គ្នីគ្នា​របស់​គេ ។ ស្ថានការណ៍​កាន់តែ​ឡើងក​ម្តៅ ក្រុម​មន្ត្រី​ជំនាញ​ក៏​បាន​បាញ់​ការពារ​ខ្លួន​វិញ​ជា​ច្រើន​គ្រាប់ ធ្វើ​ឲ្យ​ភាគី​ព្រានព្រៃ​ដកខ្លួន​ថយ ទើប​កម្លាំង​ជំនាញ​មានឱកាស​គេច​ពី​គ្រោះថ្នាក់​»​។

លោក កែវ សុភ​គ៌ បញ្ជាក់​ថា «​ខណៈ​មានការ​ប៉ះទង្គិច​គ្នា​នោះ ភាគី​កម្លាំង​ជំនាញ​បាន​រង​របួស​ម្នាក់ ហើយ​ត្រូវ​បាន​គ្រាហ៍​ចេញពី​កន្លែង​កើតហេតុ​ប្រមាណ​២០០​ម៉ែត្រ ដើម្បី​ទាក់ទង​សុំ​ជំនួយ តែ​ដោយ​ទីកន្លែង​នោះ​នៅ​តំបន់​ដាច់​ស្រយាល​គ្មាន​សេវា​ទូរស័ព្ទ កម្លាំង​ដែល​រង​គ្រោះ​បាន​ព្យាយាម​ដើរ​កាត់​ព្រៃ​ជា​ច្រើន​រយ​ម៉ែត្រ​ទៀត ទើប​អាច​ទាក់ទង​សុំ​ការ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​បាន ។

ទោះជា​យ៉ាងណា នៅ​វេលា​ម៉ោង​ប្រមាណ​៥ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ក្រុម​ខ្មាន់កាំភ្លើង​បាន​លបទៅ​​កន្លែង​ស្នាក់​នៅ​របស់​កម្លាំង​បរិស្ថាន រួច​បាញ់​កម្ទេច​ម៉ូតូ​អស់​មួយ​គ្រឿង​ថែម​ទៀត​»​។ ក្រុម​សមត្ថកិច្ច​ដែល​រង​ការ​បាញ់ប្រហារ​ពីក្រុម​ព្រានព្រៃ​មាន​ចំនួន​៦​នាក់ និង​កាំភ្លើង​២​ដើម ដោយឡែក​ភាគី​ម្ខាង​ទៀត​តាម​ការ​ប៉ាន់​ស្មាន​មាន​គ្នា​៥​នាក់ អាវុធ​៣​ដើម ។ បច្ចុប្បន្ន សមត្ថកិច្ច​ខេត្ត​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​ដើម្បី​វែកមុខ​រក​ជន​ដៃដល់​ដាក់ទោស​ទៅ​តាម​ផ្លូវច្បាប់ ។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​រង​របួស​ដោយសារ​គ្រាប់កាំភ្លើង​របស់​ព្រានព្រៃ​ឈ្មោះ ចេ​ង ច​ន្ធី ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ត្រូវ​របួស​ចំ​គូទ​ខាងស្តាំ ។ ក្រោយ​កើតហេតុ អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ឯ​រាជធានី​ភ្នំពេញ ។ តាម​ព័ត៌មាន​ចុង​ក្រោយ​ឱ្យ​ដឹង​ថា លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌល​គិរី បាន​បញ្ជា​ឲ្យ​មន្ត្រី​ជា​កងកម្លាំង​គ្រប់​អង្គភាព និង​មន្ត្រីមន្ទី​បរិស្ថាន​ខេត្ត ចុះ​ស្រាវជ្រាវ​អ្នក​បង្ក​ហេតុ និង​ធាតុ​ផ្សំ​របស់​វា ដើម្បី​ឈាន​ទៅ​រក​ការ​ឃាត់ខ្លួន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ