ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ដាក់​ចេញ​វិធានការ​លើកកម្ពស់​វិស័យ​ស្រូវ​អង្ករ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សហគមន៍​អឺរ៉ុប បាន​សម្រេច​អនុវត្ត​វិធានការ​ការពារ​ទីផ្សារ​ដោយ​ផ្តើម​យកពន្ធ​ដែល​នាំ​ចូល​អង្ករ​ពី​កម្ពុជា​សម្រាប់​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩-២០២១ ក្រសួងកសិកម្ម​បាន​ចាប់​ផ្ដើម​ពង្រឹងសមត្ថភាព និង​លើកកម្ពស់​ផ្នែក​ផលិតកម្ម និង​ធុរកិច្ច​ស្រូវ​អង្ករ ដោយ​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​ចំនួន​៤​ចំណុច ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សហគមន៍​អឺរ៉ុប បាន​សម្រេច​អនុវត្ត​វិធានការ​ការពារ​ទីផ្សារ​ដោយ​ផ្តើម​យកពន្ធ​ដែល​នាំ​ចូល​អង្ករ​ពី​កម្ពុជា​សម្រាប់​រយៈពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៩-២០២១ ក្រសួងកសិកម្ម​បាន​ចាប់​ផ្ដើម​ពង្រឹងសមត្ថភាព និង​លើកកម្ពស់​ផ្នែក​ផលិតកម្ម និង​ធុរកិច្ច​ស្រូវ​អង្ករ ដោយ​ដាក់​ចេញ​នូវ​វិធានការ​បន្ទាន់​ចំនួន​៤​ចំណុច ។

យោង​តាម​សេចក្ដីណែនាំ ស្តី​ពី «​វិធានការ​លើកកម្ពស់​ផលិតកម្ម​និង​ធុរកិច្ច​ស្រូវ​អង្ករ​» របស់​ក្រសួង​កសិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​២៥ មក​រា កន្លង​មក ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី វេ​ង សា​ខុន បាន​បញ្ជាក់​ថា នា​ពេល​ថ្មី​ៗ​នេះ​សហគមន៍​អឺរ៉ុប​បាន​សេចក្តី​ប្រកាស​ព័ត៌មាន​ថា នឹង​ដាក់​វិធាន​ការ​ការពារ​ទីផ្សារ​ដោយ​ចាប់ផ្តើម​យកពន្ធ​លើក​ការ​នាំ​ចេញ​អង្ករ​កម្ពុជា និង​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​នាំ​ចូល​ទៅ​កាន់​សហគមន៍​អឺរ៉ុប​សម្រាប់​រយៈពេល​៣​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២១ ។

សេចក្ដីណែនាំ​បាន​បន្ដ​ថា ស្រប​ពេល​ដែល​ការ​ប្រមូល​ផល​បាន​ចូល​មក​ដល់ ព្រម​ជាមួយនឹង​ការ​ព្រួយ​បារម្ភ​ពី​អ្នក​នាំ​ចេញ​អង្ករ អ្នក​ប្រមូល​ទិញ​ស្រូវ និង​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ពី​ការ​ដាក់​វិធានការ​ការពារ​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប ដែល​អាច​នាំ​ឲ្យ​មានការ​ទម្លាក់​ថ្លៃ​ទិញ​ស្រូវ​ពី​កសិករ ក្រសួងកសិកម្ម​បាន​ដាក់​ចេញ​វិធានការ​សំខាន់​ៗ៤​ចំណុច​សំខាន់​ៗ​រួម​មាន ៖

១-​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​ក្រសួង ត្រូវ​បន្ត​ការ​ស្រាវជ្រាវ​បញ្ចេញ​ប្រភេទ​ពូជស្រូវ​ក្រអូប​ប្រណីត និង​ផលិតកម្ម​គ្រាប់​ពូជស្រូវ​ក្រអូប​សុទ្ធ តាម​រយៈ​ការ​ផលិត​នៅ​ថ្នាក់​សហគមន៍ និង​ក្រុម​កសិករ​ផលិត​គ្រាប់​ពូជ ធ្វើ​យ៉ាងណា​ឱ្យ​មាន​គ្រាប់ពូជ​គ្រប់គ្រាន់ និង​តម្លៃ​សមរម្យ ដើម្បី​ពង្រីក​ផលិតកម្ម​ស្រូវ​ក្រអូប ។ ជាមួយ​គ្នា​នេះ​ក្រសួង​បាន​ស្នើ​ដល់​វិស័យ​ឯកជន​ចូលរួម​ដាក់​ទុន​វិនិយោគ ក្នុង​ការ​ផលិត​គ្រាប់​ពូជស្រូវ​ក្រអូប ដែល​មានគុណ​ភាព​ខ្ពស់​ស្រប​តាម​ស្តង់ដារ និង​តម្រូវការ​ទីផ្សារ ។

២-​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាត់​បន្ថយ​ថ្លៃដើម​ផលិតកម្ម ត្រូវ​ជំរុញ​ឱ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត នូវ​វិធានការ​បច្ចេក​ទេស​ផលិតកម្ម ដែល​ទទួល​បាន​ទិន្នផល​ខ្ពស់ និង​ចំណាយ​តិច រួម​ជាមួយនឹង​ការ​អនុវត្ត​ទំនើប​ភាវូបនីយកម្ម​កសិកម្ម​។ ជាមួយ​គ្នា​នេះ ត្រូវ​បាន​ពិនិត្យ​កាត់​បន្ថយថ្លៃ​ចំណាយ​លើ​ការ​ធ្វើ​ធូប​នក​ម្មតា​មរយៈ​ការ​បង្កើន​ចំនួន​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព​ចូលរួម​ធ្វើការ​នេះ​ឱ្យ​បាន​ច្រើន មានការ​ប្រកួតប្រជែង និង​យក​កម្រៃ​សេវា​ទាប​ជាង​មុន ។

ក្នុង​ន័យ​នេះ អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវ​ពិនិត្យ​សិក្សា​ឱ្យ​បាន​ហ្មត់ចត់ និង​ជំរុញ​ការងារ​នេះ​ឱ្យ​បាន​ឆាប់​។ ម្យ៉ាងវិញទៀត ដើម្បី​សម្រួល​ដល់​ការ​នាំ​ចូល​ជី​កសិកម្ម ថ្នាំ​កសិកម្ម​ឱ្យ​បាន​លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន នាយកដ្ឋាន​នីតិកម្ម​កសិកម្ម ត្រូវ​សម្រួល​បែបបទ​ការ​នាំ​ចូល​ជី​កសិកម្ម ថ្នាំ​កសិកម្ម និង​សម្ភារ​កសិកម្ម​ដទៃ​ទៀត​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។ ជាមួយ​គ្នា​នេះ ត្រូវ​រៀបចំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​ចុះ​ពិនិត្យ​គុណភាព​ជី​កសិកម្ម និង​ថ្នាំ​កសិកម្ម ដើម្បី​ធានា​គុណភាព​ស្រប​តាម​ស្ដងដារ​កំណត់ ។

៣- អ្នក​ប្រមូល​ទិញ​ស្រូវ ត្រូវ​បន្ត​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ធនាគារ​អភិវឌ្ឍន៍ជនបទ ដើម្បី​ទទួល​បាន​ឥណ​ទាន​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ សហគមន៍​កសិកម្ម និង​មិន​ត្រូវ​យក​ហេតុផល​នៃ​ការ​ដាក់​វិធានការ​ការពារ​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​មក​ទម្លាក់​ថ្លៃ​ទិញ​ស្រូវ​ពី​កសិករ​ឡើយ​។ ក្រុមហ៊ុននាំចេញ​អង្ករ ត្រូវ​ពិនិត្យ និង​ធានា​គុណភាព​អង្ករ​ក្រអូប​ឱ្យ​បាន​សុទ្ធ​ល្អ មិន​ត្រូវ​លាយ​បន្លំ​អង្ករ​ប្រភេទ​ផ្សេង ដែល​នាំ​ឱ្យ​អតិថិជន​បាត់បង់​ជំនឿ​លើ​គុណភាព​អង្ករ​ក្រអូប​កម្ពុជា ។

៤-​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា គួរ​យកចិត្តទុកដាក់​ជំរុញ​ឱ្យ​សមាគម​ម៉ាស៊ីនកិនស្រូវ ខិតខំ​បង្កើន​សមត្ថភាព​កែ​ច្នៃ​អង្ករ​ឱ្យ​មានគុណ​ភាព​បន្ថែម​ទៀត សម្រាប់​បម្រើ​ឱ្យ​ទីផ្សារ​អន្តរជាតិ ពិសេស​ទីផ្សារ​ប្រទេស​ចិន ដែល​មាន​រហូត​ដល់​៤០​ម៉ឺន​តោន​នា​ពេល​បច្ចុប្បន្ន​នេះ ។

លើស​ពី​នេះ​ទៅ​ទៀត សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា គួរ​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​របស់​ខ្លួន ដើម្បី​ពិនិត្យ​លើ​បញ្ហា​ប្រឈម​ពី​ផល​ប៉ះពាល់​នៃ​ការ​ដាក់​វិធានការ​ការពារ​ទីផ្សារ​អង្ករ​របស់​សហគមន៍​អឺរ៉ុប រួច​លើក​សំណើ ឬ​សំណូមពរ​មក​ក្រុមការងារ​ផ្នែក​ស្រូវ​អង្ករ​នៃ​វេទិកា​រាជរដ្ឋាភិបាល ផ្នែក​ឯកជន​ពិនិត្យ និង​រក​ដំណោះស្រាយ​តាម​ការ​ចាំបាច់ ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​អនុវត្ត​វិធានការ​ការពារ​ទីផ្សារ​ពី​សហគមន៍​អឺរ៉ុប​នេះ ប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា អ្នកឧកញ៉ា គិត ម៉េ​ង និង​ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក Arnaud Darc ព្រមទាំង​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​នានា​សរុប​ចំនួន​៤០​អង្គភាព បាន​ចុះហត្ថលេខា​លើ​លិខិត​ដ៏​សំខាន់​មួយ​ជា​ភាសា​អង់គ្លេស​ផ្ញើ​ទៅ​កាន់​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប ដើម្បី​ស្នើ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប​ទាំងអស់ បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​របស់​កម្ពុជា ចៀសវាង​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ ហៅ​កាត់​ថា EBA (Everything But Arms) ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រយោជន៍ និង​ជីវភាព​របស់​ប្រជាជន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ