ទីក្រុងហូជីមិញ ៖ វិស័យកែច្នៃអាហារនិងភេសជ្ជៈរបស់វៀតណាមលូតលាស់បាន ៧%ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះដោយមានវិនិយោគិនបរទេសកាន់តែច្រើនបានងាកមកវិនិយោគ ។ លោក Pham Thanh Kien ប្រធាននាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រចាំទីក្រុងហូជីមិញ បានប្រាប់ដល់់កាសែត Sai Gon Giai Phong ថា វិស័យអាហារនិងភេសជ្ជៈស្មើប្រមាណ៣៥%នៃការចំណាយប្រចាំខែរបស់ប្រជាជនវៀតណាម ។
ក្នុងទីក្រុងនេះ វិស័យអាហារនិងភេសជ្ជៈស្មើ ១៧%នៃប្រាក់ចំណូលបានពីការលក់រាយកាលពីឆ្នាំមុន ។ ប្រាក់ចំណូលបានពីការនាំចេញសម្រាប់អាហារ និងកសិផលសរុបស្មើច្រើនជាង៤០ប៊ីលានដុល្លារទៅទៀតកាលពីឆ្នាំមុន ។ ផលិតផលវៀតណាមបានបំពេញតាមស្តង់ដាបច្ចេកទេសនិងគុណភាពជាច្រើន និងមានវត្តមានក្នុងប្រទេសចំនួន២០០ប្រទេសដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបផងដែរ ។
សម្រាប់វិនិយោគិនបរទេស ការមានកសិផលនិងអាហារលើសលប់ក្នុងប្រទេសគឺជាអត្ថប្រយោជន៍មួយ ហើយប្រជាជនវ័យក្មេង និងកំណើនប្រជាប្រិយភាពអាហារវេចខ្ចប់គឺជាកត្តាទាំងពីរដែលជំរុញដល់ការសម្រេចចិត្តរបស់វិនិយោគិន ។ នាពេលអនាគត រដ្ឋាភិបាលវៀតណាមមានគម្រោងកាត់បន្ថយវត្តមានរបស់ខ្លួនក្នុងក្រុមហ៊ុនកែច្នៃអាហារនិងភេសជ្ជៈដូចជា Vinamilk ឬ Habeco ជាដើម និងបង្កើតឱកាសបន្ថែមដល់វិនិយោគិនបរទេសផងដែរ ។
ជាមួយគ្នានេះផងដែរ វិនិយោគិនបរទេសក៏បានវិនិយោគ និងពង្រីកមជ្ឈមណ្ឌលធ្វើពាណិជ្ជកម្ម ផ្សារទំនើប និងហាងទំនិញផ្សេងៗផងដែរដែលបានជំរុញដល់ការទិញអាហារវេចខ្ចប់ ។
លោកស្រី Ly Kim Chi ប្រធានសមាគមអាហារប្រចាំទីក្រុងហូជីមិញបាននិយាយថា វាក៏មានន័យថាក្រុមហ៊ុនផលិតអាហារកែច្នៃ និងភេសជ្ជៈទទួលរងសម្ពាធកាន់តែខ្លាំងជាងមុនដែរ ព្រោះក្រុមហ៊ុនចែកចាយនិងផលិតបរទេសមានយុទ្ធសាស្ត្រគ្រប់គ្រងទីផ្សារវៀតណាម និងដាក់ឧបសគ្គផ្សេងៗដូចជាស្តង់ដាគុណភាព និងការវេចខ្ចប់ដើម្បីបដិសេធការលក់ផលិតផលក្នុងស្រុក ៕
ចែករំលែកព័តមាននេះ