ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អា​មេ​រិ​ក​មាន​ទឹក​ប្រាក់​​ជាង​3​ប៊ី​លាន​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋ​មេ​រិ​ក​មាន​ទឹកប្រាក់​ជាង​៣​ប៊ី​លាន​ដុល្លារ កើនឡើង​ប្រមាណ​២៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម ។…

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​សហរដ្ឋ​មេ​រិ​ក​មាន​ទឹកប្រាក់​ជាង​៣​ប៊ី​លាន​ដុល្លារ កើនឡើង​ប្រមាណ​២៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ចម្រុះ លើក​ទី​៥ ស្តី​ពី កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៨ មក​រា នៅ​សណ្ឋាគារ​អប្សរា ផា​ឡេ​ស រី​សត​ខេត្តសៀមរាប លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ៖« ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​នៅ​ក្នុង​ឆ្នាំ​២០១៨ មាន​ទឹកប្រាក់​ប្រមាណ​៣,៣១​ប៊ី​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ត្រឹមតែ​២,៦១​ប៊ី​លាន​ដុល្លារ ពោល​បាន​កើនឡើង​ប្រមាណ​២៧%​។ ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​មាន​តម្លៃ​២,៨៨​ប៊ី​លាន​ដុល្លារ និង​នាំ​ចូល​មាន​តម្លៃ​៤២៦​លាន​ដុល្លារ ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក ក្លាយជា​ទីផ្សារ​ធំ​លំដាប់​ទី​ពីរ​របស់​កម្ពុជា »​។

បើ​តាម​លោក​រដ្ឋមន្ត្រី មាន​ជំនឿ​មុតមាំ​ថា ប្រទេស​ទាំង​ពីរ​ត្រូវការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ថែម​ទៀត ស្រប​ពេល​ដែល​ពិភពលោក មានការ​ផ្លាស់​ប្តូរ​មិន​ទៀងទាត់ នៅ​ក្នុង​របៀបវារៈ​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​តាម​រយៈ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​TIFA លើក​ទី​៥​នេះ គឺជា​ឱកាស​ដ៏​សំខាន់​មួយ សម្រាប់​ភាគី​ទាំង​ពីរ ធ្វើការ​តាមដាន និង​ធ្វើ​បច្ចុប្បន្នភាព​បញ្ហា​ដែល​នៅ​សេសសល់ រួម​ជាមួយ​បញ្ហា​ថ្មី​ៗ​ផ្សេង​ទៀត ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍​ប្រទេស​ទាំង​ពីរ ដូចដែល​មាន​ចែង​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ ។

លោក​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​មានការ​ប្តេជ្ញា​ចិត្ត ក្នុង​ការ​បន្ត​អនុវត្ត​គោលនយោបាយ​បើកចំហ និង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​គ្រប់​កម្រិត ដើម្បី​ទាក់ទាញ​ការ​វិនិយោគ សំដៅ​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ និង​ប្រាក់​ចំណូល​ជូន​ប្រជាជន ព្រមទាំង​ប្រែក្លាយ​កម្ពុជា ទៅ​ជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៨​របស់​ធន​គារ​ជាតិ​នៃ​កម្ពុជា​ចេញផ្សាយ​ថ្មី​ៗ​បង្ហាញ​ថា នៅ​ឆ្នាំ​២០១៨​កម្ពុជា​នាំ​ចេញ​សរុប​មាន​ទឹកប្រាក់​ប្រមាណ​១៣​ប៊ី​លាន​ដុល្លារ ក្នុង​នោះ​នាំ​ចេញ​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក​មាន​ប្រមាណ​២៤%​នៃ​ការ​នាំ​ចេញ​សរុប ។

លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​មាន​ប្រសាសន៍​ថា ទោះបី​ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ឆ្នាំ​២០១៩​នេះ ប្រឈម​ហានិភ័យ​ខ្ពស់ ឬ​មាន​ភាព​មិន​ប្រាកដប្រជា​ណាមួយ​ក្តី តែ​សម្រាប់​អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៩ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្តរ​រក្សា​បាន​ក្នុង​រង្វង់​៧% ដោយសារ​រក្សា​បាន​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បន្ត​មាន​ភាពរឹងមាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ