ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ចូលរួម​ជា​ថ្មី​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ​ឈី​ង​ហ្គេ​ឆ្នាំ​២០១៩​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តប​ការ​អញ្ជើញ​របស់​សមាគម​ប្រជាជន​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី កម្ពុជា​មាន​កិត្តិយស​ជា​ថ្មី ក្នុង​ការ​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ​ឈី​ង​ហ្គេ ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៦ ខែកុម្ភៈ​នៅ​ទីតាំង F1…

រាជធានី​ភ្នំពេញ ៖ តប​ការ​អញ្ជើញ​របស់​សមាគម​ប្រជាជន​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី កម្ពុជា​មាន​កិត្តិយស​ជា​ថ្មី ក្នុង​ការ​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ​ឈី​ង​ហ្គេ ឆ្នាំ​២០១៩ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៦ ខែកុម្ភៈ​នៅ​ទីតាំង F1 Pit building សាធារណរដ្ឋ​សិង្ហ​បុរី ។

លោក សុខ សប្បាយ​ណា សមាជិក​អចិន្ត្រៃយ៍​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស ស យ ក​)​បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​២៩ មក​រា​ថា ស​.​ស​.​យ​.​ក មាន​សេចក្តី សោមនស្ស​យ៉ាង​ក្រៃ​លែង​ក្នុង​បេសកកម្ម​ដឹកនាំ​ប្រតិភូ​សិល្បករ សិល្ប​ការិនី​ទៅ​ចូលរួម​សម្តែង និង​ការ​នាំ​យក​វប្បធម៌​សិល្បៈ​ដ៏​ប្រពៃ និង​វិសេស​ដែល​ជា​មោទនភាព​ជាតិ​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ​ឈី​ង​ហ្គេ ឆ្នាំ​២០១៩ ខាង​មុខ​នេះ ។

ក្បួន​ដង្ហែ​ឈី​ង​ហ្គេ គឺជា​ក្បួនព្យុហយាត្រា​សិល្បៈ​សម្តែង​ដ៏​ធំ​មួយ​នៅ​អាស៊ី​ដែល​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ ដោយ​សមាគម​ប្រជាជន​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ។ លោក​បន្ត​ថា កម្មវិធី​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី លី ក្វា​ន់​យូ ក្នុង​គោលបំណង​បង្ហាញ​ពី​ភាព​អស្ចារ្យ ភាព​ស្រស់បំព្រង និង​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​ចម្រុះ ។ ក្នុង​ក្បួនព្យុហយាត្រា​នេះ គឺ​មានការ​ចូលរួម​សម្តែង​ដោយ​ក្រុម​សិល្បៈ​ជាតិប្រមាណ​១៥០​ស្ថាប័ន និង​រួម​បញ្ចូល​ជាមួយ​បណ្តា​សិល្បករ​សិល្ប​ការិនី​មក​ពី​ជុំវិញ​ពិភពលោក​សរុប​ទាំងអស់​ប្រមាណ​ជិត​១០០០០​នាក់ រួម​គ្នា​បង្ហាញ​ពី​សិល្បៈ​វប្បធម៌​នៃ​ជាតិ​សាសន៍​រៀង​ៗ​ខ្លួន ។

លោក​បញ្ជាក់​ថា ក្បួន​ដង្ហែ​ឈី​ង​ហ្គេ គឺ​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ដែល​អាច​ទាក់ទាញ​វិសាលភាព​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ទៅ​កាន់​មហាជន​រាប់រយ​លាន​នាក់​តាម​រយៈ​ការ​ផ្សព្វផ្សាយ​របស់​ស្ថាប័ន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ល្បី​ៗ​ជា​ច្រើន ។ ការ​ចូលរួម​របស់​កម្ពុជា គឺជា​ការ​ចាប់​យក​ឱកាស​បង្ហាញ​ពី​វប្បធម៌​ដ៏​ប្រពៃ និង​វិសេស​របស់​ខ្មែរ​ទៅ​កាន់​ពិភពលោក​តាម​រយៈ​ការ​សម្តែង​របស់​សិល្បករ សិល្ប​ការិនី កម្ពុជា​ក្នុង​ក្បួន​ដង្ហែ​ឈី​ង​ហ្គេ ។

ជាមួយ​គ្នា​នោះ​ដែរ​យើង​នឹង​បង្ហាញ​ពី​កម្លាំង​សាមគ្គីភាព និង​សក្តានុពល​របស់​កម្ពុ​ជានា​ពេល​អនាគត​តាម​រយៈ​ការ​រួបរួម​គ្នា​របស់​យុវជន​ខ្មែរ​ផង​ដែរ ។ លោក​បាន​បន្ត​ថា ការ​ចូលរួម​របស់​ប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ ស​.​ស​.​យ​.​ក ក្នុង​ក្បួន​ដង្ហែ​ឈី​ង​ហ្គេ ក្រោម​កិច្ចសហការ​រវាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​សមាគម​ប្រជាជន​សាធារណរដ្ឋ​សិង្ហ​បុរី​គណៈប្រតិភូ​កម្ពុជា​រួម​ទាំង​ក្រុម​សិល្បករ និង​សិល្ប​ការិនី​សរុប​ចំនួន​៧៤​រូប ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​អញ្ជើញ​ទៅ​ចូលរួម និង​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ ឈី​ង​ហ្គេ កាលពី​ឆ្នាំ​២០១៧ ដែល​បាន​ប្រារព្ធ​ឡើង កាលពី​ថ្ងៃ​ទី​១០-១១ ខែកុម្ភៈ ឆ្នាំ​២០១៧ នា​ពេល​កន្លង​ទៅ​នេះ​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ។

នា​ពេល​នោះ​កម្ពុជា​បាន​នាំ​នូវ​យក​ទស្សនីយភាព​សិល្បៈ​ខ្មែរក្រោម​ប្រធានបទ «​សុខដុម​ក្នុង​ភាព​ចម្រុះ​នៃ​វប្បធម៌ (Unity in Cultural Diversity)» ដែល​រួម​បញ្ចូល​នូវ​សិល្បៈ​៤​ទម្រង់​រួម​មាន របាំ​អប្សរា ក្បាច់​គុណ​ល្បុក្កតោ ល្ខោន​ស្រមោល​ស្បែក​ធំ និង​ក​ញ្ឆែ ទៅ​សម្តែង​ក្នុង​ក្បួនព្យុហយាត្រា​សិល្បៈ​ដ៏​សម្បើម​នោះ ។ បើ​ទោះជា​មាន​ទម្រង់​សិល្បៈ​ច្រើន​ប្រភេទ​មក​ពី​បណ្តា​ប្រទេស​នានា​ត្រូវ​បាន​យក​មក​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ឈី​ង​ហ្គេ នា​ឆ្នាំ​នោះ​ក៏​ដោយ​ទម្រង់ សិល្បៈ​សម្តែង​កម្ពុជា​មាន​ភាព​រស់​រវើក​លេចធ្លោ​ជាងគេ​បំផុត និង​បាន​ទាក់ទាញ​ឲ្យ​មានការ​ផ្សព្វផ្សាយ​ពី​បណ្តាសារ​ព័ត៌មាន​បរទេស​ល្បី​ជា​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ