ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2019​នេះ ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​តែ​បន្ត​រឹង​មាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០១៩​នេះ ទោះបី​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ប្រឈម​ហានិភ័យ​ខ្ពស់​ឬ​កើនឡើង​នូវ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឱ្យ​មាន​សម្ពាធ​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ក្តី តែ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​បន្ត​រឹង​មាំ​ដដែល ពោល​កំណើនសេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​ក្នុង​រង្វង់​៧% ។ ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​២០១៩…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០១៩​នេះ ទោះបី​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ប្រឈម​ហានិភ័យ​ខ្ពស់​ឬ​កើនឡើង​នូវ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ដែល​ធ្វើ​ឱ្យ​មាន​សម្ពាធ​ប៉ះពាល់​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ក្តី តែ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​បន្ត​រឹង​មាំ​ដដែល ពោល​កំណើនសេដ្ឋកិច្ច​កម្ពុជា​រក្សា​បាន​ក្នុង​រង្វង់​៧% ។

ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​២០១៩ លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​ព្យ​ការណ៍​ថា​នឹង​បន្ត​កើនឡើង ប៉ុន្តែ​មាន​កម្រិត​ទាប​ជាង​ឆ្នាំ​២០១៨​បន្តិច ដោយសារ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ជាង​មុន ដូច​ជា​ការ​កើនឡើង​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ចិន ដែល​ធ្វើ​ឱ្យ​មាន​សម្ពាធ​លើ​ផ្នែក​សេដ្ឋកិច្ច និង​ធុរកិច្ច ។

លោក​ទេសាភិបាល​បន្ត​ថា ស្ថានភាព​រឹតត្បិត​លើ​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ដោយសារ​គោលនយោបាយ​ប្រុង​ប្រយ័ត្ន​ក្នុង​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ដូច​ជា សហរដ្ឋអាមេរិក ដែល​បង្ក​ឱ្យ​មូលធន​ហូរ​ចេញពី​ប្រទេស​ងើបឡើង និង​កំពុង​លូតលាស់ ។ ការ​ជាប់​គាំង និង​ការ​ស្វែងរក​ដំណោះស្រាយ ហើយ​ក្នុង​ស្ថានភាព​នេះ​ហានិភ័យ​ខាងក្រៅ​ចំពោះ​សេដ្ឋកិច្ច​កម្ពុជា អាច​នឹង​កើតឡើង​ផង​ដែរ ។ ទោះ​យ៉ាងណា អត្រាកំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៩ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បន្តរ​រក្សា​បាន​ក្នុង​រង្វង់​៧% ដោយ​សារ​រក្សា​បាន​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បន្ត​មាន​ភាពរឹងមាំ ។

លោក​គូសបញ្ជាក់​ថា ៖« ក្នុង​នាម​ជា​អាជ្ញាធរ​រូបិយ​វត្ថុ និង​ជា​អាជ្ញាធរ​ត្រួតពិនិត្យ​វិស័យ​ធនាគារ ធនា​គារជាតិ​នៃ​កម្ពុជា​បន្ត​ពង្រឹង​ជំនឿ​ទុកចិត្ត និង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ភាពរឹងមាំ ភាព​ប្រកួតប្រជែង សេវាកម្ម ព្រមទាំង​បន្ត​រក្សា​បាន​ស្ថិរភាព​ថ្លៃ ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​២០១៦-២០២៥ និង​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​។ លើស​ពី​នេះ​ធនា​គារជាតិ​នៃ​កម្ពុជា​បន្ត​រួមចំណែក​គាំទ្រ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​កែទម្រង់​រចនាសម្ព័ន្ធ និង​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​សេដ្ឋកិច្ច និង​ចូលរួម​អភិវឌ្ឍន៍​ផែនការ​សេដ្ឋកិច្ច​នានា »​។

បើ​តាម​លោក​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា វិស័យ​ធនាគារ​និង​វិស័យសេដ្ឋកិច្ច​កម្ពុជា​បន្ត​មាន​កំណើន​ខ្ពស់​នៅ​ក្នុង​តំបន់ ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០១៨​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញ​ថា ទ្រព្យសកម្ម​សរុប​របស់​គ្រឹះស្ថាន​ធនាគារ​បាន​កើន​ដល់​៣៤​ប៊ី​លាន​ដុល្លារ បើ​ធៀប​ឆ្នាំ​២០១៧ មាន​កំណើន​២០% ដោយសារ​កំណើន​ឥណទាន​សរុប​កើនឡើង​២០,១% ឬ​ស្មើនឹង​១៩,៦​ប៊ី​លាន​ដុល្លារ និង​គាំទ្រ​ដោយ​កំណើន​ដើមទុន​២៣,៣% ស្មើនឹង​៦,៦​ប៊ី​លាន​ដុល្លារ​, កំណើន​មូលនិធិ​កម្ចី​១០,២% ឬ​ស្មើនឹង​១,៦​ប៊ី​លាន​ដុល្លារ និង​កំណើន​ប្រាក់​បញ្ញើ​១៤%​ឬ​ស្មើនឹង​១៩​ប៊ី​លាន​ដុល្លារ ។

ដោយ​ការ​ការ​ផ្តល់​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​សរុប​មាន​ប្រមាណ​៥,៤​ប៊ី​លាន​ដុល្លារ ដល់​អតិថិជន​សរុប​១,៨​លាន​នាក់ ព្រមទាំង​កេណ្ឌ​ប្រមូលប្រាក់​បញ្ញើ​សរុប​២,៥​ប៊ី​លាន​ដុល្លារ ពី​អ្នក​ដាក់​ប្រាក់​បញ្ញើ​សរុប​២,១​លាន​នាក់ ។ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ឲ្យ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បោះ​ជំហាន​រឹង​មាំ ប៉ុន្ដែ​ប្រឈម​នឹង​ហានិភ័យ​ពី​កត្តា​មួយ​ចំនួន​ដូច​ជា បញ្ហា​ប្រឈម​នឹង​ការ​ដក​EBA​ពី​សហភាព​អឺរ៉ុប​ជាដើម ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​រូប​នេះ​បាន​បន្ដ​ថា ៖« ប្រសិនជា​សហគមន៍​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចេញពី​កម្ពុជា អាច​នឹង​មានការ​កាត់​បន្ថយ​បុគ្គលិក​មួយ​ចំនួន ហើយ​ប្រសិនបើ​ពួក​គេ​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បំណុល​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ នឹង​ធ្វើ​ឲ្យ​វិស័យ​ហិរញ្ញវត្ថុ​រង់​ផល​ប៉ះពាល់ ឬ​មាន​ហានិភ័យ » ។

លោក​បណ្ឌិត​បន្ដ​ថា ៖« ដោយសារ​ពួក​គេ​មានការ​ងារ​ធ្វើ គេ​បាន​ខ្ចី​លុយ​មក​សង់ផ្ទះ​, ទិញ​ផ្ទះ​បង់​រំលស់ ឬ​ទិញ​មធ្យោបាយ​យានយន្ដ​ធ្វើ​ដំណើរ​ជាដើម ហើយ​នៅ​ពេល​បាត់បង់​ការងារ ពួក​គេ​ត្រូវ​ប្រឈម​នឹង​ហានិ​ភ័យ​នៃ​ការ​សង​ត្រឡប់​ទៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ ។ ដូច្នេះ​វិស័យ​នេះ អាច​មាន​ហានិភ័យ​កើត​ចេញពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដែរ ប្រសិនជា​ត្រូវ​បាន​សហគមន៍​អឺរ៉ុប​ដក​មែន »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ