ប្រទេសជប៉ុន ៖ យោងតាមប្រភពមួយចំនួនដែលបានប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Japan Times កាលពីថ្ងៃសុក្រកន្លងមកបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកប្រហែលជាមិនអាចបន្តការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមុនចុងខែនេះទេព្រោះតែការផ្អាកដំណើរការរដ្ឋាភិបាលអាមេរិក ។
លើសពីនេះទៅទៀត រដ្ឋមន្ត្រីលើកស្ទួយសេដ្ឋកិច្ចសាជាថ្មី Toshimitsu Motegi ដែលជាអ្នកតំណាងប្រទេសជប៉ុនក្នុងកិច្ចចរចានេះអាចនឹងជួបការលំបាកក្នុងការរៀបចំខ្លួនសម្រាប់ការចរចាជាមួយនឹងសហរដ្ឋអាមេរិក ។ ដូច្នេះប្រភពដែលដឹងច្បាស់ពីស្ថានការបានឲ្យដឹងថា ការចរចាអាចនឹងត្រូវបានពន្យាដល់ដើមរដូវផ្ការរីក ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកិច្ចប្រជុំនៅខែកញ្ញាឆ្នាំមុន លោកនាយករដ្ឋមន្ត្រី Shinzo Abe និងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានព្រមព្រៀងគ្នាថា នឹងចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ។
អ្នកដឹកនាំទាំងពីរបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ការចរចានឹងគ្របដណ្តប់លើការធ្វើពាណិជ្ជកម្មផលិតផលនិងសេវាកម្មផងដែរ ។ យ៉ាងណាក្តី គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សរហដ្ឋអាមេរិកមិនទាន់បានរៀបចំរបាយការណ៍លើការវិភាគពីឥទ្ធិពលសេដ្ឋកិច្ចនៃកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរឡើយ ។
លើសពីនេះទៅទៀត ការពន្យាពេលកិច្ចចរចានេះក៏អាចមកពីរដ្ឋាភិបាលអាមេរិកកំពុងតែផ្តល់អាទិភាពលើការចរចាពាណិជ្ជកម្មជាមួយនឹងប្រទេសចិន ខណៈដែលការផ្អាកដំណើរការរដ្ឋាភិបាលអាមេរិកកំពុងតែប៉ះពាលដល់ប្រតិបត្តិការនៅការិយាល័យអ្នកតំណាងពាណិជ្ជកម្មអាមេរិក ។
ប្រភពមួយចំនួនបានអះអាងថា ប្រទេសជប៉ុនកំពុងតែព្រួយបារម្ភពីផលប៉ះពាល់នៃកិច្ចចរចានេះលើការបោះឆ្នោតនាពេលខាងមុខព្រោះសហរដ្ឋអាមេរិកអាចនឹងមានតម្រូវការច្រើនសម្រាប់វិស័យកសិកម្មនិងយានយន្ត ៕
ចែករំលែកព័តមាននេះ