ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អដ្ឋង្គិក​មគ្គ​ជា​ផ្លូវ​កណ្តាល​មិន​តឹង​ពេក​មិន​ធូរ​ពេក

5 ឆ្នាំ មុន

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បដិបត្តិ​តាម​អដ្ឋង្គិក​មគ្គ​នេះ​រហូត​បាន​សម្រេច​នូវ​សម្មា​សម្ពោធិញ្ញាណ​ជា​អគ្គបុគ្គល​ក្នុង​លោក​ពុំ​មាន​បុគ្គល​ណាមួយ​ស្មើនឹង​ព្រះ​អង្គ​ឡើយ ។ ផ្លូវ​ទាំង​៨​នេះ​ជា​មាគ៌ា​ចម្បង​ឆ្ពោះទៅ​រក​សន្តិភាព​សម្រាប់​សង្គម​សាសនា និង​សង្គម​ជាតិ ។ អដ្ឋង្គិក​មគ្គ​ប្រែ​ថា ផ្លូវ​ឬ​គន្លង​នៃ​សេចក្តី​ប្រតិបត្តិ​ប្រកបដោយ​អង្គ​៨​គឺ សម្មាទិដ្ឋិ សេចក្តី​យល់​ត្រូវ​១, សម្មា​សង្ក​ប្បោ…

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​បដិបត្តិ​តាម​អដ្ឋង្គិក​មគ្គ​នេះ​រហូត​បាន​សម្រេច​នូវ​សម្មា​សម្ពោធិញ្ញាណ​ជា​អគ្គបុគ្គល​ក្នុង​លោក​ពុំ​មាន​បុគ្គល​ណាមួយ​ស្មើនឹង​ព្រះ​អង្គ​ឡើយ ។ ផ្លូវ​ទាំង​៨​នេះ​ជា​មាគ៌ា​ចម្បង​ឆ្ពោះទៅ​រក​សន្តិភាព​សម្រាប់​សង្គម​សាសនា និង​សង្គម​ជាតិ ។

អដ្ឋង្គិក​មគ្គ​ប្រែ​ថា ផ្លូវ​ឬ​គន្លង​នៃ​សេចក្តី​ប្រតិបត្តិ​ប្រកបដោយ​អង្គ​៨​គឺ សម្មាទិដ្ឋិ សេចក្តី​យល់​ត្រូវ​១, សម្មា​សង្ក​ប្បោ ត្រិះ​រិះ​ត្រូវ​១, សម្មាវាចា សម្តី​ត្រូវ​១, សម្មា​កម្ម​ន្តា ការងារ​ត្រូវ​១, សម្មាអាជីវោ ការ​ចិញ្ចឹមជីវិត​ត្រូវ​១, សម្មា​វា​យា​មោ ព្យាយាម​ត្រូវ​១, សម្មាសតិ សេចក្តី​រឭក​ត្រូវ​១, សម្មាសមាធិ ការ​តម្កល់ចិត្ត​ត្រូវ​១ ។

ពាក្យ​អដ្ឋង្គិក​មគ្គ​នេះ​ក្នុង​អដ្ឋកថា​បដិសម្ភិទា​មគ្គ​ប្រាប់​ថា បើ​មិន​ប្រកប​ព្រម​ដោយ​អង្គ​៨​ប្រការ​ឱ្យ​គ្រប់គ្រាន់​ទេ នឹង​ហៅ​ថា អដ្ឋង្គិក​មគ្គ​ដូច្នេះ​ពុំ​បាន​ឡើយ​។

ចំណែក​នៅ​ក្នុង​ធម្មចក្កប្បវត្តនសូត្រ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ហៅ​អដ្ឋង្គិក​មគ្គ​នេះ​ថា ជា​មជ្ឈិមប្បដិបទា ព្រោះ​ជា​សេចក្តី​ប្រតិបត្តិ​យ៉ាង​កណ្តាល មិន​តឹង​ពេក​មិន​ធូរ​ពេក ជា​សេចក្តី​ប្រតិបត្តិ​ដើម្បី​រក​សន្តិភាព​ក្នុង​សង្គម​ពិភពលោក ប្រតិបត្តិ​ទៅ​រក​ការ​ត្រាស់​ដឹង ប្រព្រឹត្ត​ទៅ​ដើម្បី​ឯកន្តបរមសុខ​គឺ រម្ងាប់​កិលេស​ដើម្បី​ព្រះ​និព្វាន ។