ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​និស្សិត​អាហារូបករណ៍​អូស្ត្រាលី​ប្រាប់​​ពី​គន្លឹះ​ដល់​យុវជន​ខ្មែរ​ក្នុង​ការ​ស្នើ​សុំ​អាហារូបករណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​និស្សិត​ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស អូស្ត្រាលី បាន​ចែករំលែក​បទ​ពិសោធន៍​របស់​ខ្លួន ដើម្បី​ជា​ទុន​ដល់​សិស្ស និស្សិត ដែល​កំពុង​ស្វែងរក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ។ បើ​តាម​លោក​វេជ្ជបណ្ឌិត…

រាជធានី​ភ្នំពេញ ៖ អតីត​និស្សិត​ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស អូស្ត្រាលី បាន​ចែករំលែក​បទ​ពិសោធន៍​របស់​ខ្លួន ដើម្បី​ជា​ទុន​ដល់​សិស្ស និស្សិត ដែល​កំពុង​ស្វែងរក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ។

បើ​តាម​លោក​វេជ្ជបណ្ឌិត ឈឹ​ម សុធា​រ៉ា អតីត​និស្សិត​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ចំនួន​ពីរ​លើក​ជា​បន្តបន្ទាប់ គឺ​លើក​ទី​១​នៅ​អំឡុង​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០០០ ថ្នាក់អនុបណ្ឌិត និង​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២ សម្រាប់​ថ្នាក់បណ្ឌិត​នៅ​សាកលវិទ្យាល័យ Monash University ។

លោក សុធា​រ៉ា បាន​ឲ្យ​ដឹង​ថា សម្រាប់​អ្នក ដែល​មាន​បំណង​ចង់​ប្រឡង​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ត្រូវ​មានការ​ត្រៀមខ្លួន​មួយ​ចំនួន ក្នុង​នោះ ចំណេះដឹង​ខាង​ភាសា គឺជា​អ្វី​ដែល​«​សំខាន់​បំផុត​» មុន​នឹង​ប្រឡង​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​នោះ ព្រមទាំង​ត្រូវ​ត្រៀម​នូវ​មុខ​ជំនាញ​មួយ​ណា​ដែល​ពួក​គេ​ចូល​ចិត្ត និង​មាន​ទេព​កោសល្យ ។

លោក​វេជ្ជបណ្ឌិត ឈឹ​ម សុធា​រ៉ា ជានា​យក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​នៃ​អង្គការ​ចិត្ត​សង្គម អន្តរ​វប្បធម៌ (Transcultural Psychological Organization-TPO) មាន​ប្រសាសន៍​បន្ត​ថា « នៅ​ពេល​បាន​ជាប់​ក្នុង​បញ្ជី​ជ្រើសរើស និង​ត្រូវ​បាន​គេ​ហៅ​ទៅ​សម្ភាសន៍ អ្វី​ដែល​គួរ​ត្រៀម គឺ​ត្រូវ​ស្រាវជ្រាវ និង​ត្រូវ​ប្រាកដ​ខ្លួនឯង​ថា ពេល​ត្រលប់​មក​ស្រុក​វិញ នឹង​ធ្វើ​អ្វី​បន្ត​ជួយ​អភិវឌ្ឍន៍ សង្គម​បាន​ដោយ​របៀប​ម៉េច និង​ត្រូវ​ត្រៀម​ឯកសារ​មួយ​ចំនួន​ទៀត​សម្រាប់​ឆ្លើយ​នឹង​សំណួរ​ក្នុង​ពេល​សម្ភាសន៍ »​។

លោក សុធា​រ៉ា បាន​ផ្ដល់​ជា​មតិ​មួយ​ចំនួន​ដល់​សិស្សានុសិស្ស ដើម្បី​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដូច​ជា ចំណេះដឹង​ផ្នែក​ភាសា «​ព្រោះ​ការ​សិក្សា​នៅ​បរទេស គឺ​ត្រូវ​ពឹង​លើ​ភាសា​បរទេស​ទាំងស្រុង ដោយ​ផ្តោត​លើ​ភាសា​អង់គ្លេស ជាក់ស្ដែង ពេល​ខ្ញុំ​ធ្វើតេស្ត​ភាសា​អង់គ្លេស IELTS បាន​ជាប់​កម្រិត​៧ ក៏​ប៉ុន្តែ​រូប​ខ្ញុំ ក៏​នៅ​តែ​ជួប​បញ្ហា​ភាសា​ក្នុង​ពេល​សិក្សា​នៅ​អូស្ត្រាលី​។ អ្វី​ដែល​ប្អូន​ៗ និស្សិត​​គួរ​ធ្វើ​បន្ត​គឺ ត្រូវ​អាន​ឲ្យ​បាន​ច្រើន ស្រាវជ្រាវ​ឲ្យ​បាន​ច្រើន ពីព្រោះ​នៅ​ទីនោះ​ជនជាតិ​គេ​ចូល​ចិត្ត​អាន និង​ស្រាវជ្រាវ​ណាស់​។ ជា​ចុង​ក្រោយ​នោះ គឺ​ការ​បង្កើត​មិត្តភាព​ក្នុង​សង្គម​ឲ្យ​បាន​ច្រើន ហើយ​ពេល​ត្រលប់​មក​ស្រុក​វិញ​នោះ​គឺជា​ការ​ងាយស្រួល​មួយ ក្នុង​ការ​បំពេញការងារ​នៅ​ក្នុង​សង្គម »​។

លោក​វេជ្ជបណ្ឌិត ឈឹ​ម សុធា​រ៉ា គឺជា​អតីត​និស្សិត​អាហារូបករណ៍​អូស្ត្រាលី​មួយ​រូប​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ជា​ច្រើន​រយ​នាក់ ដែល​បាន​ទៅ​សិក្សា​នៅ​អូស្ត្រាលី ។ សម្រាប់​ការ​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​អូស្ត្រាលី​កម្ពុជា​ឆ្នាំ​សិក្សា​២០២០ នឹង​ចាប់ផ្តើម​បើក​នៅ​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០១៩ និង​បិទ​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៩ ខាង​មុខ ។

សូម​បញ្ជាក់​ថា អាហារូបករណ៍​អូស្ដ្រាលី (Australia Awards Scholarship) គឺជា​ផ្នែក​មួយ​ដ៏​មាន​តម្លៃ និង​យូរអង្វែង នៃ​ការ​ចូលរួម​របស់​អូស្ត្រាលី នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៥០ ទស​វត្សរ៍​ឆ្នាំ​១៩៦០ និង​ឆ្នាំ​១៩៧០ រដ្ឋាភិបាល​អូស្ត្រាលី បាន​គាំទ្រ​ប្រជាជន​កម្ពុជា​ដែល​មាន​ទេព​កោសល្យ ដើម្បី​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី តាម​រយៈ​កម្មវិធី Colombo Plan ។

ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក កម្មវិធី​អាហារូបករណ៍​អូស្ដ្រាលី បាន​ផ្តល់​ដល់​ប្រជាជន កម្ពុជា​ជាង​៨០០​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​២៩០​នាក់​បាន​ទៅ​សិក្សា​នៅ​អូស្ត្រាលី​។ ជាក់ស្តែង​សម្រាប់​ឆ្នាំ​២០១៨ រដ្ឋាភិបាល​អូស្ត្រាលី បាន​ផ្តល់​អាហារូបករណ៍​ដល់​ប្រជាជន​កម្ពុជា​ចំនួន​៤៤​រូប ។ តាម​រយៈ​អាហារូប​ករណ៍​អូស្ដ្រាលី​នេះ យុវជន​កម្ពុជា​ជា​ច្រើន​ជំនាន់ បាន​ក្លាយជា​តួអង្គ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ដោយសារ​អាហារូបករណ៍​អូស្ដ្រាលី កំពុង​ផ្តល់​ឱកាស​អប់រំ​ដល់​ប្រជាជន​កម្ពុជា​ដែល​មាន​ទេព​កោសល្យ ឲ្យ​ទទួល​បានការ​អប់រំ​កម្រិត​ក្រោយ​ឧត្តម​សិក្សា ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ។

លោក​ជំទាវ Angela Corcoran ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា អាហារូបករណ៍​ផ្តល់​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​យុវជន​កម្ពុជា​ដើម្បី​អនាគត​ភ្លឺស្វាង ។

លោក​ជំទាវ Angela Corcoran មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា « អាហារូបករណ៍​អូស្ត្រាលី គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​និស្សិត​កម្ពុជា​ដែល​មាន​ទេព​កោសល្យ សម្រាប់​បន្ត​ការ​សិក្សា និង​បង្កើត​ទំនាក់ទំនង​យូរអង្វែង​ជាមួយ​អូស្ត្រាលី ទាំង​ផ្នែក​វិជ្ជាជីវៈ និង​ជា​លក្ខណៈ​បុគ្គល »​។

លោក​ជំទាវ​ឯកអគ្គរាជទូត​អូស្ត្រាលី​បន្ត​ថា «​កម្មវិធី​អាហារូបករណ៍​អូស្ដ្រាលី គឺជា​ឧទាហរណ៍​ជាក់ស្តែង​នៃ​របៀប​ដែល​កម្មវិធី​អភិវឌ្ឍន៍​របស់​យើង​កំពុង​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ពិតប្រាកដ​នៅ​ក្នុង​ជីវិត​របស់​ប្រជាជន​កម្ពុជា​។ ទំនាក់ទំនង​រវាង​ប្រជាជន​អូស្ត្រាលី និង​ប្រជាជន​អូស្ត្រាលី មានការ​រីក​ចម្រើន​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​នានា ដូច​ជា​កម្មវិធី​អាហារូបករណ៍​អូស្ដ្រាលី​នេះ »​។

សូម​បញ្ជាក់​ថា អាហារូបករណ៍​អូស្ត្រាលី គឺ​បើកចំហ​ដល់​បេក្ខជន​មក​ពី​គ្រប់​វិស័យ ទាំង​សាធារណៈ អង្គ​ការក្រៅរដ្ឋាភិបាល និង​វិស័យ​ឯកជន ។ សម្រាប់​អ្នក​ដាក់​ពាក្យសុំ​អាហារូបករណ៍​អូស្ត្រាលី ត្រូវ​បាន​វាយតម្លៃ​ចំពោះ​គុណសម្បត្តិ​វិជ្ជាជីវៈ និង​លក្ខណៈ​ផ្ទាល់ខ្លួន​របស់​ពួក​គេ សមត្ថភាព​សិក្សា និង​សំខាន់​បំផុត គឺ​សក្តានុពល​របស់​ពួក​គេ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សម្រាប់​ការ​ស្នើ​សុំ​អាហារ​រូបករណ៍​នេះ​ទៀត​សោត គឺ​ត្រូវ​បាន​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​សម្រាប់​ស្ត្រី ជន​ពិការ​ភាព និង​ប្រជាជន​ដែល​រស់នៅ និង​ធ្វើការ​នៅ​តាម​បណ្តា​ខេត្ត​ផង​ដែរ ។

ក្នុង​នោះ​ផង​ដែរ អតីត​និស្សិត​អាហារូបករណ៍​ដែល​បាន​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី រាប់រយ​នាក់ កំពុង​ប្រើប្រាស់​បទ​ពិសោធន៍ និង ជំនាញ​ដែល​ទទួល​បាន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ដើម្បី​លើក​ស្ទួយ​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ។ សមាគម​អតីត​និស្សិត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា (AAA-C) តំណាង​ឱ្យ​អតីត​និស្សិត ដែល​មាន​បំណង​ចង់​រក្សា​ទំនាក់ទំនង​របស់​ពួក​គេ​ជាមួយ​អូស្ត្រាលី ក៏​ដូច​ជា​និស្សិត​កម្ពុជា​ដែល​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។ យើង​សូម​លើកទឹកចិត្ត​ដល់​អតីត​និស្សិត​ដែល​មាន​សិទ្ធិ​គ្រប់​ជាន់ថ្នាក់​ឲ្យ​ចូលរួម​ក្នុង​សមាគម​ន៍ AAA-C ។

កញ្ញា សាន់ សុជាតា ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ ២០១៦ សម្រាប់​ការ​សិក្សា​ថ្នាក់បណ្ឌិត នៅ​សាកលវិទ្យាល័យ​Queensland University of Technology នៅ​អូស្ត្រាលី បាន​ឲ្យ​ដឹងផង​ដែរ​ថា អ្វី​ដែល​និស្សិត​ស្វែងរក​អាហារូបករណ៍​ត្រូវធ្វើ​ដើម្បី​ទទួល​បាន​អាហា​រូបករណ៍​នោះ «​គឺ​ត្រូវ​មើល​លក្ខខណ្ឌ​តម្រូវ (requirement ) ឲ្យ​បាន​ច្បាស់លាស់ និង​ពិនិត្យ​មើល​មួយ​ៗ រួច​ហើយ​ត្រូវ​ត្រៀម​នូវ​មុខ​ជំនាញ និង​ឯកសារ ដែល​ត្រូវ​នឹង​លក្ខខណ្ឌ​នោះ »​។

កញ្ញា​បន្ត​ថា នៅ​ពេល​បាន​ទៅ​សិក្សា​នៅ​អូស្ត្រាលី​ហើយ ប្អូន​ៗ​និស្សិត​ទាំងអស់​ត្រូវ​ខំ​កាន់តែ​ខ្លាំង ដោយ​ត្រូវ​ស្វែងរក​ជំនួយ​បន្ថែម ពី​មិត្តភក្ដិ លោកគ្រូ អ្នកគ្រូ និង​ត្រូវ​ពង្រីក​ឲ្យ​កាន់តែ​ខ្លាំង​ថែម​ទៀត​ចំពោះ​ទំនាក់ទំនង​ខាងក្រៅ ជាមួយ​និស្សិត​អូស្ត្រាលី និស្សិត​អន្តរជាតិ​ដែល​សិក្សា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ក៏​ដូច​ជា​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​នោះ ដើម្បី​ជា​ទុន​មួយ​នៅ​ពេល​ត្រលប់​មក​កម្ពុជា​វិញ ។

កញ្ញា សាន់ សុជាតា ដែល​កំពុង​បម្រើ​ការងារ​ក្នុង​តួនាទី​ជា​អ្នក​ពិគ្រោះ​យោបល់​សម្រាប់​គម្រោង​ថ្នាក់​តំបន់ (Consultant) សម្រាប់​កម្មវិធី​សុវត្ថិភាព​ផ្លូវថ្នល់ ដែល​ឧ​ប​ត្ថ​ម​ថវិកា​ដោយ​សហភាព​អឺរ៉ុប មាន​ប្រសាសន៍​​បញ្ជាក់​បន្ថែម​ថា «​អាហារូបករណ៍​ដែល​អូស្ត្រាលី​ផ្ដល់​ជូន​និស្សិត​កម្ពុជា នឹង​ផ្ដល់​ឱកាស​ឲ្យ​ពួក​គេ ពង្រីក​ចំណេះ និង​ជំនាញ​របស់​ខ្លួន ក្នុង​ការ​ពង្រីក​ទំនាក់ទំនង​បន្ថែម​ជាមួយ​សហគមន៍​អន្តរជាតិ និង​ផ្ដល់​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​អាច​ទាក់ទាញ​ធនធានមនុស្ស​ទាំងនោះ មក​អភិវឌ្ឍ​ប្រទេស​​កម្ពុជា ព្រមទាំង​យកចំណេះ​ដឹង​ដែល​ទទួល​បាន​ពី​អូស្ត្រាលី​មក​អភិវឌ្ឍន៍​ប្រទេស ឲ្យ​កាន់តែ​ប្រសើរ​​ឡើង »៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ