ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អូស្ត្រាលី​៖​យើង​កំពុង​ជួយ​ឱ្យ​ប្រជាជន​កម្ពុជា ទទួល​បានការ​ថែទាំ​សុខ​ភាព​​ប្រកបដោយ​គុណភាព

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គឹ​ម កុ​ល វ័យ​៥៥​ឆ្នាំ ជា​ជន​មាន​ពិការ​ភាព​មួយ​រូប ពិតជា​មានការ​រារែក​ចិត្ត​ក្នុង​ការ​ទៅ​ទទួល​សេវា​សុខាភិបាល​នៅ​តាម​មន្ទីរពេទ្យ ដោយសារ​តែ​គ្រួសារ​របស់​លោក​មាន​ជីវភាព​ក្រីក្រ​ខ្លាំង មិន​មាន​លទ្ធភាព​ក្នុង​ការ​បង់​កម្រៃ​សេវា​ដល់​មន្ទីរពេទ្យ​ឡើយ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ…

រាជធានី​ភ្នំពេញ ៖ លោក គឹ​ម កុ​ល វ័យ​៥៥​ឆ្នាំ ជា​ជន​មាន​ពិការ​ភាព​មួយ​រូប ពិតជា​មានការ​រារែក​ចិត្ត​ក្នុង​ការ​ទៅ​ទទួល​សេវា​សុខាភិបាល​នៅ​តាម​មន្ទីរពេទ្យ ដោយសារ​តែ​គ្រួសារ​របស់​លោក​មាន​ជីវភាព​ក្រីក្រ​ខ្លាំង មិន​មាន​លទ្ធភាព​ក្នុង​ការ​បង់​កម្រៃ​សេវា​ដល់​មន្ទីរពេទ្យ​ឡើយ​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ។

ប៉ុន្តែ​នៅ​ពេល​នេះ លោក គឹ​ម កុ​ល លែង​មានការ​រារែក​ទៀត​ហើយ ។ លោក​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​នៅ​ពេល​នេះ ខ្ញុំ​មាន​ប័ណ្ណ​មួយ​សន្លឹក​នេះ គឺ​យើង​មិន​មានការ​រារែក​ចិត្ត​ក្នុង​ការ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ទៀត​ទេ នៅ​ពេល​ដែល​យើង​ត្រូវការ​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ »​។

សូម​បញ្ជាក់​ថា លោក គឹ​ម កុ​ល គឺជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ដែល​ទទួល​បាន​ប័ណ្ណ​សមធម៌ ឬ​ហៅ​ថា “Equity Card” បន្ទាប់​ពី​រូប​លោក​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​តាម​រយៈ​កម្មវិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ (IDPoor)​។

សុខភាព​ទន់ខ្សោយ បាន​ធ្វើ​ឱ្យ​គ្រួសារ​កម្ពុជា​ជា​ច្រើន ងាយ​រង​គ្រោះ​ក្នុង​ការ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​វិញ ។ លើស​ពី​នេះ​ទៀត នៅ​ពេល​ដែល​ប្រជាជន​មាន​សុខភាព​ទន់ខ្សោយ អាច​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច អាច​នឹង​ធ្លាក់​ចុះ​វិញ ដោយ​កាត់​បន្ថយ​ការ​ចូលរួម​កម្លាំង​ពលកម្ម និង ផលិតភាព​របស់​កម្មករ​ក្នុង​វិស័យ​ផ្សេង​ៗ ។

រដ្ឋាភិបាល​អូស្ត្រាលី កំពុង​ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​ទទួល​បានការ​ថែទាំ​សុខភាព​ប្រកបដោយ​គុណភាព​។ ការ​វិនិយោគ​ផ្នែក​សុខាភិបាល​ប្រកបដោយ​និរន្តរភាព​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​នានា រួម​ទាំង​ប្រទេស​អូស្ត្រាលី​បាន​នាំ​ទៅ​រក​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នូវ​លទ្ធផល​សំខាន់​ៗ​ក្នុង​វិស័យ​សុខា​ភិបាល​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ ឧទាហរណ៍ ស្ត្រី​ប្រមាណ​៨៩​ភាគរយ បាន​សម្រាលកូន​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​ក្នុង​ឆ្នាំ ២០១៧ បើ​ប្រៀបធៀប​ទៅ​នឹង​៥៤​ភាគរយ​នៅ​ឆ្នាំ​២០១០ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​សុខភាព​ប្រជាជន​កម្ពុជា ប្រទេស​អូស្ត្រាលី​បាន​នឹង​កំពុង​ជួយ​ដល់​ប្រជាជន​កម្ពុជា​ដែល​ក្រីក្រ ឲ្យ​ទទួល​បានការ​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​អស់​រយៈពេល​ជាង​១០​ឆ្នាំ តាម​រយៈ​កម្មវិធី​មូលនិធិ​សមធម៌​សុខាភិបាល​របស់​កម្ពុជា (HEF) តាម​រយៈ​ត្រាស់​ហ្វា​ន់​ពហុភាគី (Multi Donor Trust Fund) ដែល​គ្រប់គ្រង​ដោយ​ធនាគារពិភពលោក និង​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ (IDPoor) ទទួល​បានការ​គាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី និង​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​។ កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​(IDPoor)​នេះ​អនុវត្ត​ដោយ​ក្រសួងផែនការ ។

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក​ជំទាវ​Angela Corcoran មាន​ប្រសាសន៍ ទទួលស្គាល់​ថា ប្រព័ន្ធ​សុខាភិបាល​ដ៏​ល្អ​មួយ​ប្រកបដោយ​សមធម៌ គឺជា​រឿង​ចាំបាច់​សម្រាប់​ប្រជាជន​កម្ពុជា ។

លោក​ជំទាវ Angela Corcoran មាន​ប្រសាសន៍​ថា «​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ដែល​មាន​ភាពរឹងមាំ និង​ប្រកបដោយ​សមធម៌​ជួយ​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​កម្ពុជា​។

ប្រព័ន្ធ​សុខាភិបាល​នេះ ក៏​ជួយ​ដល់​ប្រទេស​អូស្ត្រាលី ប្រទេស​កម្ពុជា និង​ប្រទេស​ជិតខាង​ក្នុង​តំបន់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​លេចឡើង​នៃ​ជំងឺ និង​ការ​គំរាមកំហែង​ដល់​សន្តិសុខ​សុខភាព​ឆ្លង​ព្រំដែន ដូច​ជា​ភាព​ស៊ាំ​នឹង​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ជាដើម »​។

មូលនិធិ​សមធម៌​សុខាភិបាល គឺជា​កម្មវិធី​មួយ​សម្រាប់​គាំទ្រ​ការ​ចំណាយ​លើ​ការ​ថែទាំ​សុខភាព​ដល់​គ្រួសារ​​ក្រីក្រ ដែល​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន ដោយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​នានា ដូច​ជា​រដ្ឋាភិបាល​អូស្ត្រាលី រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់ រដ្ឋាភិបាល​កូរ៉េ និង​ធនាគារពិភពលោក​។ គោលបំណង នៃ​មូលនិធិ​សមធម៌​សុខាភិបាល គឺ​ដើម្បី​បង្កើន ការ​ប្រើប្រាស់​សេវា​សុខាភិបាល​សាធារណៈ ដោយ​ប្រជាជន​ក្រីក្រ (​តាម​រយៈ​ការ​លុប​បំបាត់​របាំង​ហិរញ្ញវត្ថុ​) និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ហិរញ្ញវត្ថុ​ដោយសារ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ ឬ​គ្រោះ​ថ្នាក់លើ​គ្រួសារ​ក្រីក្រ ។

អ្នកស្រី លី ណា​រ៉េ​ត មន្ត្រី​ផ្នែក​សុខាភិបាល​របស់​ធនាគារពិភពលោក​នៅ​កម្ពុជា (Senior Health Specialist of World Bank Cambodia Office) បាន​មាន​ប្រសាសន៍​ថា កម្មវិធី​មូ​និ​ធិ​សមធម៌​សុខាភិបាល ត្រូវ​បាន​ពង្រីក​វិសាលភាព​ជា​ជំហាន​ៗ ដោយ​ចាប់ផ្តើម​ក្នុង​ទ្រង់ទ្រាយ​តូច នៅ​ក្នុង​ដើម​ទស​វត្សរ៍​ឆ្នាំ​២០០០ ហើយ​ក៏​ក្លាយទៅជា​យន្តការ​ផ្តល់​ហិរញ្ញប្បទាន​សុខុមាលភាព​សង្គម និង​គាំពារ​សុខភាព​ទូ​ទាំង​ប្រទេស​។ គម្រោង​នេះ​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ផ្ដល់​នូវ​ការ​គ្របដណ្តប់​សេវា​សុខ​ភាព​យ៉ាង​ទូលំទូលាយ​។ កម្មវិធី​មូលនិធិ​សមធម៌​សុខាភិបាល បាន​គ្របដណ្តប់​ទូ​ទាំង​ប្រទេស ដោយ​រួម​មាន​មណ្ឌល​សុខភាព​សរុប​ចំនួន​ប្រមាណ​១.១០០​កន្លែង មន្ទីរពេទ្យ​បង្អែក​ស្រុក​និង​ខេត្ត​ចំនួន​ប្រមាណ​១០០ និង​មន្ទីរពេទ្យ​ជាតិ​មួយ គឺ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ឆ្នាំ​២០១៥ ។

នៅ​ឆ្នាំ​២០១៨ កម្មវិធី​មូលនិធិ​សមធម៌​សុខាភិបាល​នេះ ត្រូវ​បាន​ពង្រីក​បន្ថែម​ទៅ​ដល់​មន្ទីរពេទ្យ​ថ្នាក់​ចំនួន​៥​ទៀត រួម​មាន​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មន្ទីរពេទ្យ​ព្រះ​កុសុមៈ មន្ទីរពេទ្យ​កុមារ​ជាតិ និង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក និង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​។ បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ក្រីក្រ​កម្ពុជា​ប្រមាណ​៣​លាន​នាក់ ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​មូលនិធិ​សមធម៌​សុខាភិបាល ។

អ្នកស្រី លី ណា​រ៉េ​ត បន្ត​ថា ប័ណ្ណ​សមធម៌​នេះ ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​រៀង​រាល់​៣​ឆ្នាំ​ម្តង​ដោយ​ក្រសួង​ផែនការ ។ បន្ទាប់​ពី​ទទួល​បាន​ទិន្នន័យ​ពេញលេញ​ពី​គ្រួសារ ដែល​ត្រូវ​បាន​កំណត់​ថា​ក្រីក្រ ពី​ក្រសួង​ផែនការ​ហើយ​នោះ ក្រសួងសុខាភិបាល​បាន​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ចុះ​ឈ្មោះ និង​គ្រង​គ្រង​ទិន្នន័យ​ជំងឺ​របស់​មន្ទីរពេទ្យ ឬ​ហៅ​ថា (Patient Management Registration System -PMRS)​។

គ្រួសារ​ក្រីក្រ​ដែល​ត្រូវ​បាន​កំណត់​នៅ​ក្នុង​ដំណើរការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ត្រូវ​បាន​ផ្តល់ «ប័ណ្ណ​សមធម៌​» ដែល​រួម​មាន​ចំនួន​គ្រួសារ​រូបភាព​សមាជិកគ្រួសារ អាសយដ្ឋាន និង​ឈ្មោះ​មេ​គ្រួសារ​។ សមាជិក​ទាំងអស់​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ប័ណ្ណ​សមធម៌ មាន​សិទ្ធិ​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​មូលនិធិ​សមធម៌​។ ប្រសិនបើ​សមាជិកគ្រួសារ​មិន​មាន​វត្តមាន​ក្នុង​ដំណើរការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ក៏​ពួក​គេ​អាច​ត្រូវ​បាន​បញ្ចូល​បន្ថែម​នៅ​ឯ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​សាធារណៈ​នៅ​ពេល​ដាក់​ស្នើ​ឯកសារ ដោយ​មានការ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​អំពី​ការ​បន្ថែម​សមាជិក​ថ្មី ។

ប្រសិនបើ​គ្រួសារ​ក្រីក្រ មិន​ត្រូវ​បាន​ចុះបញ្ជី​ក្នុងអំឡុងពេល​នៃ​ដំណើរការ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ដោយសារ​ហេតុផល​ណាមួយ ពួក​គេ​អាច​ទៅ​សម្ភាសន៍ ដើម្បី​កំណត់​អត្តសញ្ញាណ​កម្ម​នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ (Post-ID poor) ពេល​ពួក​គាត់​ទៅ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។ ដំណើរការ​ធ្វើ Post-ID poor រួម​មានការ​សម្ភាសន៍ ការ​ដាក់​ពិន្ទុ​តាម​តាម​ស្ថានភាព​ជាក់ស្តែង និង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​សហ​គមន៍​បន្ត​។ បន្ទាប់​ពី​ការ​អនុវត្ត​តាម​ដំណើរការ Post-ID poor រួចរាល់​សមាជិកគ្រួសារ​របស់​អ្នកជំងឺ មាន​សិទ្ធិ​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​មូលនិធិ​សមធម៌​សុខាភិបាល​ដូច​គ្នា ។ «​ប័ណ្ណ​អាទិភាព​» ដែល​ធ្វើ​តាម​រយៈ Post-ID poor មាន​សុពលភាព​រហូត​ដល់​ជុំ​បន្ទាប់​នៃ​កម្មវិធី​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ ។

កម្មវិធី​មូលនិធិ​សមធម៌ គឺជា​ប្រព័ន្ធ​ហិរញ្ញប្បទាន​សុខាភិបាល ដែល​ផ្តល់​ការ​ទូទាត់​ថ្លៃ​សេវា​ដល់​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​រដ្ឋ ជំនួស​ឲ្យ​អ្នកជំងឺ​ក្រីក្រ​។ កម្មវិធី​នេះ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការ​ទទួល​បាន​សេវា​​សុខភាព​សម្រាប់​ជន​ក្រីក្រ និង​បាន​ផ្តល់​ប្រភព​ចំណូល​ដ៏​ចម្បង​មួយ​នៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល ។ ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ឡើង​ថា កម្ម​វី​ធី​មូលនិធិ​សមធម៌​សុខាភិបាល បាន​ផ្តល់​លទ្ធភាព​ទទួល​បានការ​ថែទាំ​សុខភាព​កាន់តែ​ប្រសើរ និង​បង្កើន​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ ជា​ពិសេស​សម្រាប់​ថ្លៃ​សេវា​សុខាភិបាល​ដែល​មាន​តម្លៃ​ខ្ពស់ ។

មន្ត្រី​ស្ថានទូត​អូស្ត្រាលី​បញ្ជាក់​ថា ការ​ឧបត្ថម្ភ​កម្មវិធី ដែល​មាន​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ ដូច​ជា​ករណី​របស់​លោក គឹ​ម កុ​ល បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រទេស​អូស្ត្រាលី​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​យូរអង្វែង និង​គួរ​ឲ្យ​ជឿ​ទុកចិត្ត​សម្រាប់​ប្រជាជន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ