ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​​​ចុះ​​ត្រួត​ពិនិត្យ​​​ទី​តាំង​​ក្រុម​ហ៊ុន​​​នាំ​​ពល​ករ​​ទៅ​​ក្រៅ​​ប្រទេស​​​​៣​​កន្លែង​​នៅ​​​សង្កាត់​​ទឹក​​ថ្លា

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈកម្មការ​ត្រួតពិនិត្យ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​បំរើ​ការងារ​នៅ​បរទេស​ដឹក​នាំ​ដោយ​លោក​ចេ​ង មុនី​រ៉ា អភិបាលរង​ខណ្ឌ​សែន​សុខ និង​មាន​​ការ​ចូលរួម​ដោយ​លោក​តាន់​ គឹ​ម​វិ​ន ចៅសង្កាត់​ទឹកថ្លា​ផង​នោះ ​កាលពី​ថ្ងៃ​ទី​១៧ មីនា ​ឆ្នាំ​២០១១​ កន្លង​មកនេះ​ បាន​ចុះ​ត្រួត​ពិនិត្យ​ទី​តាំង​​ក្រុមហ៊ុន​​​នាំ​ពល​ករ​​ទៅ​បំរើ​ការងារ​នៅ​​បរទេស​ចំនួន​៣​កន្លែង​ នៅ​សង្កាត់​ទឹកថ្លា។ ការ​ចុះ​ត្រួត​ពិនិត្យ​នេះ​ ​​គឺ​អាជ្ញាធរ​មានការ​ប្រយ័ត្ន​ប្រយែង​ជា​មុន បន្ទាប់​ពី​​កើត​​​បញ្ហា​​​នៅ​​ក្រុមហ៊ុន ធី ភី ដែល​ធ្វើ​ឱ្យ​អាជ្ញា​ធរ​​ឈឺក្បាល​ ព្រោះតែ​ក្រុម​ហ៊ុន​នេះ​បង្ក​បញ្ហា​​មិន​​ឈប់​ឈរ​ដូច​ជា​មាន​​ពល​ការិនី​​ម្នាក់​​ធ្លាក់​បាក់​ជើង​​ព្រោះតែ​​លួច​រត់​ចុះ​តាម​ទុយោ​ ហើយ​បន្ទាប់​​មក​ពល​ការិនី​​ម្នាក់​​​ទៀត​ស្លាប់ ។

ក្រុមហ៊ុន​នាំ​ពលករ​ទាំ​ង​បី​ដែល​គណៈកម្មការ​ត្រួតពិនិត្យ​នោះ​មាន​ក្រុមហ៊ុន​មជ្ឈមណ្ឌល KH សាខា​​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​បំរើ​ការងារ​នៅ​បរទេស CECH ដែល​មាន​អា​សយ​ដ្ឋា​ន​ផ្ទះ​លេខ ៣២៧ ផ្លូវ​រថភ្លើង ក្រុម​ទី​៥ ភូមិ​ចុង​ថ្នល់​ខាង​លិច, សាលា​មជ្ឈមណ្ឌល C D M មែន​ផៅ​វឺ ​ផ្ទះ​លេខ​១៨BM ផ្លូវ​K4A ក្រុម​ទី​៧ ភូមិ​ទឹកថ្លា និង​ក្រុមហ៊ុន​យ៉​ប អេ​ស៊ា ខេ​ម​បូ​ឌា លី​មី​ធី​ត មជ្ឈមណ្ឌល​ទី​៤​អាន់​នី​វី​តា​បេស​មេន​ផៅ​វឺ​ ជា​មជ្ឈមណ្ឌល​ជ្រើស​រើស​ពល​ករ​​នាំ​​ទៅ​​ធ្វើការ​​នៅ​ប្រទេស​ថៃ ស្ថិត​នៅ​អគារ A ផ្លូវ​3K4 ភូមិ​ទ្រុង​មាន់ ។

មន្ត្រី​ក្នុង​គណៈកម្មការ​ត្រួតពិនិត្យ​​នេះ​បាន​ឱ្យ​ដឹង​ថា យើង​​ពិនិត្យ​លើ​៤​ចំណុច​ ១-បរិវេណ​ទីតាំង​ក្រុមហ៊ុន​ (​មជ្ឈមណ្ឌល​) ​មាន​ភាព​ទូលាយ​សម្រាប់​ធ្វើ​ជា​មជ្ឈមណ្ឌល​ហាត់​ការ​ត្រឹម​ត្រូវ​ ឬ​អត់។ ២-បរិស្ថាន​នៃ​ការ​ស្នាក់​នៅ​ និង​បន្ទប់​សម្រាប់​​ហាត់​ការ​មាន​ភាព​សម​ស្រប​ដែរ​ឬ​ទេ? ៣-ទីតាំង​សម្រាប់​ចម្អិន​​អាហារ មាន​អនាម័យ​សម​​ស្រប​ ឬ​អត់ និង​៤-ទីតាំង​សម្រាប់​បរិភោគ​អាហារ​សម​ស្រប​​ដែរ​ទេ។ នៅ​ចំពោះ​មុខ​អភិបាលរង​ខណ្ឌ​​ ពលករ​ជា​ច្រើ​ន​នាក់​បាន​និ​យា​យ​ស្រ​ដៀង​​​គ្នា​ថា ​ការ​មក​ទី​នេះ​គ្មាន​ការ​បង្ខិតបង្ខំ​ទេ គឺ​រង់ចាំ​ក្រុមហ៊ុន​បញ្ជូន​ទៅ​បរទេស។ ចំណែកឯ​តំណាង​ក្រុមហ៊ុន​វិញ​បាន​អះអាង​ថា​ ពល​ការិនី​ចូល​មក​ហាត់​ការ​រយៈពេល​៣​ខែ​ ក្រុមហ៊ុន​​នឹង​បញ្ជូន​ទៅ​បម្រើ​​ការងារ​នៅ​បរទេស ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ក្រោយ​ពី​បាន​ពិនិត្យ​ជាក់ស្ដែង​មក គណៈកម្មការ​បាន​ពិនិត្យ​ឃើញ​ចំណុច​​ខ្វះខាត​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ (មជ្ឈ​មណ្ឌល KH​) ​ហើយ​បាន​ធ្វើការ​ណែនាំ​ដូច​ជា​ក្រុមហ៊ុន​ត្រូវ​សុំ​បើក​សាខា​របស់​ខ្លួន​​ពី​ក្រសួង​ពាណិជ្ជ​កម្ម និង​ស្នើ​សុំ​លិខិតអនុញ្ញាត​​ស្តី​ពី​ទីតាំង​ពីសា​លា​រាជធានី​​ឱ្យ​បាន​ក្នុង​រយៈពេល​ពី​រ​សប្ដាហ៍​ជា​កំហិត​, ​ប្រធាន​មជ្ឈមណ្ឌល​ត្រូវ​រាយ​ការណ៍​ជា​ប្រចាំ​អំពី​ចំនួន​ពល​ការិនី​ដែល​កំពុង​ហាត់​ការ ពល​ការិនី​ចូល​មក​ថ្មី និង​ពល​ការិនី​ត្រៀម​​ចេញ​ទៅ​បម្រើ​ការងារ​នៅ​បរទេស​។ ប្រធាន​មជ្ឈ​មណ្ឌល​​ត្រូវ​រាយការណ៍​ជា​ប្រចាំ​អំពី​បាតុភាព​ផ្សេង​ៗ​ដែល​កើត​មាន និង​​ប្រធាន​មជ្ឈ​មណ្ឌល​​ត្រូវ​​រៀបចំ​ឱ្យ​មានការ​ពិនិត្យ​សុខភាព​ដល់​​ពល​ការិនី​យ៉ាង​ហោច​ណាស់​ប្រាំមួយ​សប្ដាហ៍​​ម្ដង​ ហើយ​​​ត្រូវ​យកចិត្ដទុកដាក់​បន្ថែម​ក្នុង​​ការ​​សំអាត​បរិស្ថាន​ស្នាក់​នៅ ​ហូប​ចុក​ឱ្យ​បាន​គ្រប់គ្រាន់​ដល់​​ពល​ការិនី​។ ​ក្នុង​ករណី​ប្រធាន​មជ្ឈ​មណ្ឌល​មិន​​អនុវត្ដ​តាម​ខ្លឹមសារ​ណែនាំ​ខាងលើ​ទេ​ រដ្ឋ​បាល​ខណ្ឌ​នឹង​ចាត់វិធានការ​រដ្ឋបាល​ជា​បណ្ដោះ​អាសន្ន​​ ហើយ​​រាយការណ៍​ជូ​ន​សាលា​រាជ​ធានី​ដើម្បី​​ស្នើ​សុំ​វិធានការ ៕