ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារលិខិត​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅកម្ពុជា ក្នុង​ទិវា​បុណ្យ​ជាតិ​អូស្ត្រាលី​​ឆ្នាំ​2019

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាជន​អូស្ត្រាលី​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី និង​ទូ​ទាំង​ពិភពលោក ចូលរួម​ប្រារព្ធ​ទិវា​បុណ្យ​ជាតិ​អូស្ត្រាលី នៅ​ថ្ងៃ​ទី២៦ ខែមករា ជា​រៀង​រាល់​ឆ្នាំ​ ។ ចំពោះ​ស្ថានទូត​អូស្ត្រាលី​ក្នុង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ប្រជាជន​អូស្ត្រាលី​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី និង​ទូ​ទាំង​ពិភពលោក ចូលរួម​ប្រារព្ធ​ទិវា​បុណ្យ​ជាតិ​អូស្ត្រាលី នៅ​ថ្ងៃ​ទី២៦ ខែមករា ជា​រៀង​រាល់​ឆ្នាំ​ ។ ចំពោះ​ស្ថានទូត​អូស្ត្រាលី​ក្នុង​រាជធានី​ភ្នំពេញ នេះ​ជា​ពេល​ដែល​យើង​ជួបជុំ​ជាមួយ​មិត្តភក្តិ និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​អបអរសាទរ​សមិទ្ធផល​នានា​ក្នុង​រយៈ​ពេល​១២​ខែ​កន្លង​មកនេះ ហើយ​សម្លឹង​មើលទៅ​អ្វី​ដែល​នឹង​កើតឡើង​នា​ឆ្នាំ​បន្ទាប់ ។

សមិទ្ធផល​ជា​ច្រើន​កាលពី​ឆ្នាំ​មុន គឺជា​លទ្ធផល​នៃ​កិច្ចសហការ​យូរអង្វែង​រវាង​ប្រជាជន​កម្ពុជា និង​អូស្ត្រា
លី​។ នៅ​ក្នុង​វិស័យ​សិក្សាធិការ សិល្បៈ ធុរកិច្ច កម្មវិធី​ជំនួយ​អភិវឌ្ឍន៍ និង​កិច្ច​សហប្រតិបត្តិការ​របស់​រដ្ឋាភិ​បាល ទំនាក់ទំនង​រវាង​កម្ពុជា និង​អូស្ត្រាលី ត្រូវ​បាន​ជំរុញ​ដោយ​ចំណង​ដ៏​រឹង​មាំ​រវាង​ប្រជាជន និង​ប្រជា
ជន ។

ខ្ញុំ​សូម​អបអរសាទរ​ដល់​អ្នក​គ្រប់​គ្នា ចំពោះ​កិច្ចការ​កសាង​ចំណង​ភ្ជាប់​នៅ​ក្នុង​វិស័យ​ទាំងនេះ​។ តាម​រយៈ​ការងារ​ទាំងនេះ អ្នក​កំពុង​បន្ត​កេរដំណែល នៃ​មិត្តភាព​កម្ពុជា​-​អូស្ត្រាលី និង​ធ្វើ​ឱ្យ​ជីវិត​រស់នៅ​របស់​ប្រជា​ជន​ក្នុង​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រសើរ​ឡើង ។ ឆ្នាំ​២០១៨ ជា​ឆ្នាំ​ចាប់ផ្តើម​កិច្ចសហការ​ថ្មី​។ ស្ថានទូត​បាន​ឧបត្ថម្ភ​ស​ប្តា​ហ៍​នៃ​ថាមពល​កកើត​ឡើង​វិញ ជា​លើក​ដំបូង​ក្នុង​រាជធានី​ភ្នំពេញ រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​សហគ្រិនភាព​អូស្ត្រាលី EnergyLab ។

យើង​ក៏​បាន​គាំទ្រ​ដល់​សមាគម​សិល្បៈ​កម្ពុជា​ក្នុង​ឱកាស​មួយ​ចំនួន ជា​អាទិ៍ ការ​អញ្ជើញ​សិល្បករ​ជនជាតិ​ដើម​អូស្ត្រាលី​ដ៏​ល្បីល្បាញ អ្នក​នាង Tracey Moffatt មក​កាន់​កម្ពុជា ដើម្បី​ធ្វើការ​ជាមួយ​ក្រុម​សិល្បករ​វ័យក្មេង​កម្ពុជា ។ ថ្វីបើ​ការ​គាំទ្រ​ទាំងនេះ ស្ថិត​ក្នុង​វិស័យ​ខុស​គ្នា​ទាំងស្រុង​យ៉ាងណា​ក្តី ក៏​ក្រុម​ទាំងនេះ មាន​កម្លាំង​ថាមពល​ដូច​គ្នា ដែល​ជា​និមិត្តរូប​នៃ​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ភាព​ក្លៀវក្លា និង​ថាមពល​នៃ​យុវជន ។

ជា​រៀង​រាល់​ឆ្នាំ យុវជន​កម្ពុជា​វ័យក្មេង​កាន់តែ​ច្រើន ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ទទួលយក​ការ​អប់រំ​លំដាប់​ពិភពលោក​។ តម្រូវការ​សេវាកម្ម​អប់រំ​អូស្ត្រាលី បន្ត​កើនឡើង​ក្នុង​ឆ្នាំ​២០១៨ ហើយ​ប្រទេស​អូស្ត្រាលី នៅ​តែ​ជា​គោលដៅ​ទី​១ ក្នុង​នាម​ជា​ប្រទេស​ប្រើប្រាស់​ភាសា​អង់គ្លេស សម្រាប់​សិស្ស​និស្សិត
កម្ពុជា ។

យុវជន​វ័យក្មេង​អូស្ត្រាលី​ជា​ច្រើន ក៏​ជ្រើសរើស​ធ្វើ​ដំណើរ​មក​កម្ពុជា ដើម្បី​ចុះ​កម្មសិក្សា ឬ​ទទួល​ឱកាស​សិក្សា និង​បណ្តុះបណ្តាល​ក្រោម​កម្មវិធី New Colombo Plan របស់​រដ្ឋាភិបាល​អូស្ត្រាលី​។ ចាប់តាំងពី​ឆ្នាំ ២០១៥ មក ជនជាតិ​អូស្ត្រាលី​ចំនួន​១.៣៤០​នាក់ បាន​សិក្សា​ឬ​បញ្ចប់​កម្មសិក្សា​នៅ​កម្ពុជា ក្រោម​កម្មវិធី​នេះ​។ នៅ​ឆ្នាំ​២០១៩ ប្រជាជន​អូស្ត្រាលី​វ័យក្មេង​ចំនួន ៤២៤​នាក់ នឹង​មក​កាន់​កម្ពុជា ដើម្បី​ស្វែង​យល់​អំពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដ៏​លេចធ្លោ​របស់​កម្ពុជា ស្រប​ពេល​ដែល​ពួក​គេ​ទទួល​បាន​ជំនាញ​ដ៏​មាន​តម្លៃ​ថ្មី​ៗ ។

កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​អូស្ដ្រាលី បន្ត​ធ្វើ​ឱ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​។ មិន​ថា​តាម​រយៈ​គម្រោង​ត​ភ្ជាប់​ប្រព័ន្ធ​ទឹក​ស្អាត​ថ្មី ការ​ពង្រឹង​សារសំខាន់​នៃ​សេវា​សុខភាព ការ​បោសសម្អាត​មីន ឬ​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ក្នុង​ការ​ឆ្លើយ​តប​ប្រឆាំង​នឹង​ការ​បៀតបៀន​ផ្លូវភេទ​
នៅ​ក្នុង​រោងចក្រ ជំនួយ​អូស្ត្រាលី (#AustralianAid) កំពុង​តែ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​ពិត​ប្រាកដ។

និយាយ​អំពី hastags ឆ្នាំ​២០១៨ ក៏​ជា​ឆ្នាំ​នៃ​ការ​គាំទ្រ​ដ៏​អស្ចារ្យ​ចំពោះ​ការងារ​យើង តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផង​ដែរ ដូច្នេះ​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្រ​យើង​ទាំងអស់​ទាំង​នៅ​ក្នុង Facebook និង​Twitter! សូម​បន្ត​គាំទ្រ ដោយ​ការ​ចុច​ប៊ូ​តុង​ចូល​ចិត្ត និង​ចែករំលែក​អំពី​ការងារ​របស់​យើង ។

ការ​គាំទ្រ​របស់​យើង​ចំពោះ​កម្ពុជា ក៏​ផ្តោត​សំខាន់​ចំពោះ​ការ​ដោះស្រាយ​ការ​គំរាមកំហែង​ក្នុង​តំបន់​នានា​ផង​ដែរ ដូច​ជា​ការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម បទឧក្រិដ្ឋ​ឆ្លង​ដែន សន្តិសុខ​ដែនសមុទ្រ ការ​ជួញដូរ​គ្រឿងញៀន និង​មនុស្ស ព្រមទាំង​ការ​ធ្វើ​ចំណាកស្រុក​មិន​ប្រក្រតី​។

ស្រប​ពេល​ដែល​មានឱកាស​ថ្មី​ៗ​ជា​ច្រើន​នៅ​ឆ្នាំ​២០១៨ យើង​ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ​។ រដ្ឋាភិបាល​អូស្ត្រាលី បាន​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​បរិយាកាស​ប្រជាធិបតេយ្យ ។ ប្រទេស​អូស្ត្រាលី ទន្ទឹងរង់ចាំ​បន្ត​កិច្ច​សន្ទនា​ដ៏​សំខាន់​របស់​យើង ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ។

គោលនយោបាយ​ការ​បរទេស​អូស្ត្រាលី White Paper បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹង​មាំ​របស់​យើង ក្នុង​ការ​ធ្វើការ​ជាមួយ​ដៃគូ​អាស៊ី​អាគ្នេយ៍ ដើម្បី​ធានា​ថា​តំបន់​របស់​យើង​មាន​ភាពរឹងមាំ សុវត្ថិភាព និង​វិបុលភាព ។ ប្រទេស​ទាំងអស់​នៅ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រព័ន្ធ​អន្តរជាតិ​ដែល​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់ ។

ដើម្បី​កត់សម្គាល់​ពី​ការ​ចូលរួម​របស់​អូស្ត្រាលី​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន អូស្ត្រាលី​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ច​ពិភាក្សា​ថ្នាក់ដឹកនាំ​អាស៊ាន ជា​លើក​ដំបូង ក្នុង​ទីក្រុង​ស៊ី​ដ​នី កាលពី​ខែមីនា ឆ្នាំ​២០១៨ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី​។ កិច្ចប្រជុំ​កំពូល​នេះ បាន​បង្ហាញ​អំពី​ជម្រៅ​នៃ​ទំនាក់ទំនង ដែល​​មាន​រវាង​ប្រទេស​អូស្ត្រាលី និង​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​នោះ ដោយ​​គ្របដណ្តប់​លើ​វិស័យ​ពាណិជ្ជកម្ម ការ​វិនិយោគ សន្តិសុខ​តំបន់ កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ និង​ចំណង​វប្បធម៌ ។

បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​នេះ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morr​ison បាន​ចេញ​សេចក្តី​ប្រកាស​ថ្មី​មួយ ស្តី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អូស្ត្រាលី​ក្នុង​ការ​រឹត​បណ្តឹង​ចំណង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អាស៊ាន ។ ក្នុង​នោះ រួម​មានការ​បង្កើន​ជំនួយ​រដ្ឋាភិបាល​អូស្ត្រាលី ក្នុង​ការ​គាំទ្រ​ដល់​តម្រូវការហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់ ក៏​ដូច​ជា​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​ដែនសមុទ្រ និង​ធនធានទឹក​ទន្លេមេគង្គ ។

ឆ្នាំ​២០១៩ គឺជា​ខួប​លើក​ទី​៤៥​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​អូស្ត្រាលី និង​អាស៊ាន​។ ដើម្បី​អបអរសាទរ​ទំនាក់ទំនង​នេះ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ សូម​ប្រកាស​ថា​នឹង​មាន​ព្រឹ​តិ្ត​ការណ៍​ពិសេស​ៗ​ជា​បន្តបន្ទាប់​ទៀត ហៅ​ថា «​អូស្ត្រាលី ឥឡូវនេះ​» ។ ព្រឹត្តិការណ៍​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទូ​ទាំង​តំបន់​អាស៊ី​អាគ្នេយ៍ រួម​ទាំង​នៅ​កម្ពុជា​ផង​ដែរ ។ ព្រឹត្តិការណ៍​នេះ នឹង​បង្កើត​ការ​យល់​ដឹង​អំពី​ប្រទេស​អូស្ត្រាលី និង​បង្កើត​ទំនាក់ទំនង​រវាង​យុវជន​ក្នុង​តំបន់​។ សូម​រង់ចាំ​មើល​សកម្មភាព​នានា​ទាក់ទង​នឹង «​អូស្ត្រាលី ឥឡូវនេះ​» ដ៏​រំភើប​នៅ​កម្ពុជា​ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​ខាង​មុខ !

នា​ឱកាស​ទិវា​បុណ្យ​ជាតិ​អូស្ត្រាលី​នេះ ខ្ញុំ​សូម​ជូនពរ​ដល់​ប្រជាជន​អូស្ត្រាលី​ទាំងអស់​នៅ​កម្ពុជា និង​ប្រជាជន​កម្ពុជា​ដែល​ចាត់​ទុក​អូស្ត្រាលី​ជា​មិត្ត​ជិត​ស្និទ្ធ ក្នុង​ឆ្នាំ​២០១៩​នេះ​ប្រកបដោយ​ភាព​រីករាយ និង​សុវត្ថិភាព ។

លោក​ជំទាវ អេ​ន​ជេ​ល​ឡា ខក​ខឺ​រ៉េ​ន (Angela Corcoran) ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា៕

អត្ថបទសរសេរ ដោយ