ខេត្តបាត់ដំបង ៖ ឆ្អឹង និងសាច់មាន់ខូចគុណភាពប្រហែល៥០០គីឡូក្រាម និងត្រីចំនួន៣០គីឡូក្រាមត្រូវមន្ត្រីកាំកុងត្រូលច្រកអូររំដួល ស្រុកភ្នំព្រឹកដុតកំទេចចោលកាលពីរសៀលថ្ងៃទី២៦ មីនា ក្រោយពីរឹបអូសបានពីពួកឈ្មួញទុច្ចរិតដែលលួចនាំចូលពីប្រទេសសៀមដោយខុសច្បាប់។
លោកគឹម ប្រុស ប្រធានស្នាក់ការកាំកុងត្រូលច្រកអូររំដួល ស្រុកភ្នំព្រឹក ជាប់ព្រំប្រទល់ប្រទេសសៀមថ្លែងថា សាច់ និងឆ្អឹងមាន់ខូចគុណភាពជិត៥០០គីឡូក្រាម និងត្រីចំនួន៣០គីឡូក្រាមទៀតដែលបង្កប់ជាមួយសាច់មាន់ត្រូវកំលាំងសមត្ថកិច្ចរឹបអូសពីរទេះរុញរបស់កុមារា៣នាក់ដែលសង្ស័យថា ជារបស់ឈ្មួញម្នាក់ឈ្មោះឆៃ ភេទប្រុស ដែលជួលក្មេងៗអាយុប្រហែល១០ឆ្នាំឱ្យដឹកជញ្ជូនចេញពីដីសៀម។ សាច់មាន់ និងត្រីដែលកំលាំងរបស់លោកសហការជាមួយកំលាំងនានាប្រចាំច្រកតំបន់អូររំដួល ចាប់បាននេះត្រូវដុតបំផ្លាញចោលទាំងអស់។
លោកបញ្ជាក់ថា ឈ្មួញបានលួចបង្កប់ឆ្អឹងសាច់មាន់ខូចគុណភាពនេះជាមួយបន្លែ ឬទំនិញផ្សេងៗក្នុងរទេះរុញ រួចជួលឱ្យកុមារាតូចៗរុញឆ្លងដែន តែកំលាំងសមត្ថកិច្ចតាមឃ្លាំមើលរហូតឆែកឆេររកឃើញទំនិញល្មើសច្បាប់ទាំងនេះ។
បើតាមឈ្មួញនានាថា ឈ្មួញឈ្មោះផល្លាជាភរិយាមន្ត្រីគយម្នាក់ រីឯឈ្មួញឈ្មោះឆៃនោះក៏ជាដៃគូយ៉ាងសកម្មរបស់ឈ្មោះផល្លាដែរក្នុងការលួចរត់ពន្ធម្ហូបអាហារខូចគុណភាពនាំចូលពីប្រទេសសៀមដោយលួចលាក់។ ឈ្មួញទាំង២នាក់នេះមានរថយន្តកាមរី២គ្រឿងសំរាប់ដឹកទំនិញខូចគុណភាពយកមកចែកចាយពាសពេញទីផ្សារក្នុងខេត្តបាត់ដំបង និងខេត្តផ្សេងៗទៀត។ លោកគឹម ប្រុស បញ្ជាក់ថា ឈ្មួញទុច្ចរិតតែងឆក់ឱកាសលួចដឹកឆ្អឹងមាន់បង្កប់ក្នុងរទេះរុញ ហើយឆ្មក់ចេញក្នុងគ្រាដែលមន្ត្រីរបស់លោក និងមន្ត្រីប្រចាំច្រកនានាឆ្លៀតពេលហូបបាយមួយភ្លែត ប៉ុន្តែទោះបីជាបែបណាក្តីកំលាំងរបស់លោកនឹងរឹតបន្តឹងថែមទៀតដើម្បីឃ្លាំមើលបទល្មើស ៕
ចែករំលែកព័តមាននេះ