ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡូងបារាំង​អាច​ដាំ​ដុះ​នៅ​ខេត្តមណ្ឌលគិរី​បាន​ហើយ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​មានការ​ពិសោធន៍​ដាំ​ដុះ​ដំឡូងបារាំង​នៅ​ទឹកដី​ខេត្តមណ្ឌលគិរី បើ​ទោះជា​ពុំ​ទទួល​បាន​ទិន្នផល​ខ្ពស់​ដូច​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ក្ដី ប៉ុន្ដែ​ក្នុង​១​ហិ​កតា ក៏​ទទួល​បាន​ពី​១៧​ទៅ​២០​តោន​ដែរ ដោយ​លក់​លើ​ទីផ្សារ​ក្នុងស្រុក​តម្លៃ​៤​ពាន់​រៀល ក្នុង​១​គីឡូក្រាម ។…

ខេត្តមណ្ឌលគិរី ៖ នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​មានការ​ពិសោធន៍​ដាំ​ដុះ​ដំឡូងបារាំង​នៅ​ទឹកដី​ខេត្តមណ្ឌលគិរី បើ​ទោះជា​ពុំ​ទទួល​បាន​ទិន្នផល​ខ្ពស់​ដូច​បណ្ដា​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ក្ដី ប៉ុន្ដែ​ក្នុង​១​ហិ​កតា ក៏​ទទួល​បាន​ពី​១៧​ទៅ​២០​តោន​ដែរ ដោយ​លក់​លើ​ទីផ្សារ​ក្នុងស្រុក​តម្លៃ​៤​ពាន់​រៀល ក្នុង​១​គីឡូក្រាម ។

តាម​ការ​បញ្ជាក់​ពី​លោក​សាស្ត្រាចារ្យ ជាង ហុង ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម បានឱ្យ​ដឹង​ថា ដំឡូងបារាំង​ពិតជា​អាច​ដាំ​ដុះ​បាន​នៅ​ប្រទេស​កម្ពុជា ពិសេស​នៅ​ខេត្តមណ្ឌលគិរី ហើយ​ទិន្នផល​វិញ​ខ្ពស់​បង្គួរ ។ លោក​សាស្ត្រាចារ្យ បាន​មាន​ប្រសាសន៍​ថា ៖« ក្នុងឆ្នាំនេះ យើង​បាន​ប្រមូល​ផល​ដំឡូងបារាំង​មានពូជ​ចំនួន​៦​ប្រភេទ ដែល​បាន​រើស​កាលពី​ឆ្នាំ​កន្លង​មក ហើយ​ឆ្នាំ​នេះ​ជា​ការ​ពិសោធន៍​លើក​ទី​៣​ដែល​បាន​ទទួល​ទិន្នផល​គួរសម តែ​មិន​អាច​ប្រៀបធៀប​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា​នៅ​អឺរ៉ុប​បាន​ទេ »​។

លោក​បញ្ជាក់​ថា ៖« សម្រាប់​កម្ពុជា ការ​ដាំដំឡូង​បារាំង ក្នុង​១​ហិ​កតា ទទួល​បាន​ទិន្នផល​ពី​១៧​ទៅ​២០​តោន នឹង​លក់​បាន​ក្នុង​១​គីឡូក្រាម ចំនួន​៤​ពាន់​រៀល ។ ដូច្នេះ​បើ​ក្នុង​១​ហិ​កតា បាន​ទិន្នផល​១៧​តោន​យ៉ាងតិច ក៏​យើង​បាន​ជាង​១​ម៉ឺន​ដុល្លា​ដែរ » ។ លោក​សាស្ត្រាចារ្យ បាន​សន្និដ្ឋាន​ថា ដំឡូងបារាំង​គឺ​ពិតជា​អាច​ដាំ​បាន​នៅ​ខេត្តមណ្ឌលគិរី ដោយ​ផ្អែក​លើ​ការ​ពិសោធន៍​ជាក់ស្ដែង​រយៈពេល​ឆ្នាំ​ទី​៣​មកនេះ ថែម​ទាំង​មាន​បច្ចេកទេស​គ្រប់គ្រាន់ មានពូជ ដែល​សម​ស្រប​នឹង​អាកាសធាតុ​នៅ​តំបន់​នេះ ។

សាកល​វិទ្យា​ធិ​ការ​នៃ​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម លោក ង៉ោ ប៊ុ​ន​ថា​ន បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ និង​ពិសោធន៍​ដំឡូងបារាំង​ដែល​យក​មក​ដាំ​នៅ​ខេត្ត​ម​ណ្ដ​ល​គិរី​នេះ ជា​លទ្ធផល យើង​នឹង​មាន​កញ្ចប់​បច្ចេកទេស​ដំឡូងបារាំង អាច​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ និង​អាច​ដាំ​បាន​ហើយ​នៅ​ខេត្តមណ្ឌលគិរី ។ ដូច្នេះ លោក​បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម និង​មហាវិទ្យាល័យ​កសិកម្ម​ចំការ​ដូង ត្រូវ​សហការ​គ្នា​ជួយ​ដល់​កសិក​រូប​ណា​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ដាំដំឡូង​នេះ ។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី លោក សុង ឃាង បាន​ឲ្យ​ដឹងផង​ដែរ​ថា នេះ​ជា​ឆ្នាំ​ទី​៣​ហើយ ដែល​មន្ទីរ​កសិកម្ម សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ក្នុង​ការ​សិក្សា​អំពី​ដំណាំ​ដំឡូងបារាំង​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ។លោក​មាន​ប្រសាសន៍​ថា ៖« ឆ្នាំ​ទី​៣​នេះ លទ្ធផល​ការ​ដាំ​ដុះ​មាន​ភាពល្អ​ប្រសើរ ហើយ​អាច​កំណត់​បាន​ពូជ​ដែល​ត្រូវ​ដាំ និង​សម​ស្រប​តាម​អាកាសធាតុ »​។ លោក​ប្រធាន​មន្ទីរ​សង្ឃឹមថា ឆ្នាំ​ក្រោយ ការ​ដាំដំឡូង​បារាំង​នេះ​នឹង​សាយភាយ​ដល់​កសិករ ដែល​មាន​ចំណាប់អារម្មណ៍ និង​តម្លៃ​ក៏​ល្អ​ដែរ ជា​ពិសេស នឹង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស ពូជ​ជូន​ដល់​កសិករ​ផង​ដែរ ។

គួរ​កត់​រំឭក​ថា កាលពី​ថ្ងៃ​ទី​២០ មក​រា កន្លង​មក លោក ង៉ោ ប៊ុ​ន​ថា​ន សាកល​វិទ្យា​ធិ​ការ​នៃ​សា​លក​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង បាន​ដឹកនាំ​ក្រុម​និស្សិត​ចំនួន​៤៥​នាក់​ចុះ​ទៅ​ពិនិត្យ​លទ្ធផល​នៃ​ការ​ដាំ​ដុះ​ដំឡូងបារាំង​នៅ​ក្រុង​សែន​មនោ​រម្យ​។ ការ​ចុះ​ធ្វើ​កម្មសិក្សា ក៏​ដូច​ជា​ចូលរួម​ប្រមូល​ផល​នេះ ដើម្បី​ឲ្យ​ពួក​គេ​បានដឹង​ពី​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ និង​ប្រមូល​ផល​ដោយ​ផ្ទាល់ ព្រមទាំង​ឈ្វេងយល់​ពី​ប្រភេទ​ពូជ​ដែល​អាច​ដាំ​ដុះ​បាន​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ